(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាប្រទេសមេគង្គ-ឡានឆាង(LMC) ស្តីពី «ការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្ពោះទៅអនាគតនៃការងារ»។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក CHEN Cong អគ្គទីប្រឹក្សា នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ព្រមទាំងតំណាងស្ថានទូតវៀតណាម ឡាវ និងមីយ៉ាន់ម៉ា រួមជាមួយភាគីពាក់ព័ន្ធសរុបប្រមាណ ១៣០នាក់។

ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានលើកឡើងថា គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិក LMC លើវិស័យ TVET តាមរយៈការតភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធទូទាំងតំបន់។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មកម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ ការលើកកម្ពស់សមត្ថភាពអ្នកបណ្តុះបណ្តាល និងការជំរុញការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយពាក់ព័ន្ធនឹងវិស័យTVET ឱ្យកាន់តែរឹងមាំ។
ជាមួយគ្នានេះដែរ លោកជំទាវ បានបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសជាមួយភាគីចិន និងបណ្តាប្រទេសក្នុងតំបន់ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍជំនាញឱ្យកាន់តែរីកចម្រើន។ កិច្ចការនេះមិនត្រឹមតែជួយលើកកម្ពស់ឱកាសការងារសមរម្យសម្រាប់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកម្លាំងពលកម្មអាចសម្របខ្លួនបានយ៉ាងប្រសើរ ទៅតាមការវិវត្តនៃទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ៕

#MLVT #HENGSour
English