ប្រវត្តិសង្ខេបក្រសួងទទួលបន្ទុកវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
|
១.
|
ដំណាក់កាលពីឆ្នាំ១៩២៧ ដល់ឆ្នាំ១៩៥៣
|
|
-
អធិការដ្ឋានការងារអាណានិគម ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩១៨ តាមរយៈការបង្កើតអគ្គលេខាធិការដ្ឋានត្រួតមើលពលកម្ម និងអាណានិគម តាមអនុក្រឹត្យចុះថ្ងៃទី១ ខែមករា ឆ្នាំ១៩១៨ ហើយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ អធិការដ្ឋានការងារនៅកូសាំងស៊ីន ត្រូវបានបង្កើតឡើង។
-
នៅឆ្នាំ១៩២៦ ទើបមានការបង្កើតអធិការដ្ឋានការងារមួយនៅតុងកឹង តាមអនុក្រឹត្យចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩២៦ និងអធិការដ្ឋានការងារមួយនៅអណ្ណាម តាមអនុក្រឹត្យចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩២៧ ក្រោយមកទើបមានការបង្កើតអគ្គអធិការដ្ឋានការងារឥណ្ឌូចិន នៅអមអគ្គទេសាភិបាលឥណ្ឌូចិន តាមអនុក្រឹត្យចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩២៧ ដើម្បីពិនិត្យមើលអធិការដ្ឋានការងារទាំងអស់តាមដែនដីនីមួយៗក្នុងតំបន់ឥណ្ឌូចិន ដោយលុបចោលនូវអគ្គលេខាធិការដ្ឋានត្រួតមើលពលកម្ម និងអាណានិគម ដែលបានបង្កើតនៅឆ្នាំ១៩១៨។
-
នៅកម្ពុជាអធិការដ្ឋានការងារ ត្រូវបានបង្កើតឡើងតាមក្រឹត្យចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩២៧ ដែលស្ថិតក្រោមឱវាទរ៉េស៊ីដង់ស៊ុបពើរីយើនៅកម្ពុជា ពេលនោះ លោក Patry ត្រូវបានតែងតាំងជាអធិការ នៃអធិការដ្ឋានការងារដំបូងគេបំផុតនៅកម្ពុជា បន្ថែមលើមុខងារជាអធិការទទួលបន្ទុកការងារនយោបាយ និងរដ្ឋបាលសម្រាប់ប្រទេសកម្ពុជា តាមអនុក្រឹត្យចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩២៧។ អធិការដ្ឋានការងារនេះ មានតួនាទីក្នុងការពិនិត្យមើល ការអនុវត្តនូវលក្ខខណ្ឌការងារទាំងឡាយ ដែលមានចែងក្នុងអនុក្រឹត្យចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩២៧ ព្រមទាំងបទប្បញ្ញត្តិប្រទាក់ប្រទងនឹងការងារដែលមានអនុវត្តក្នុងតំបន់ឥណ្ឌូចិន។
-
នៅចន្លោះឆ្នាំ១៩៣៦-១៩៤៨ បទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យការងារនៅតំបន់ឥណ្ឌូចិន និងកម្ពុជាក៏ត្រូវបានរៀបចំជាបន្ទប់ ដូចជា៖
-
ក្រឹត្យរបស់អគ្គទេសាភិបាលឥណ្ឌូចិន ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៣៦ ស្តីពីសៀវភៅការងារកម្មករ
-
ក្រឹត្យចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៣៦ ស្តីពីការផ្តល់បន្ថែមនូវរបបអាហារ សម្លៀកបំពាក់ និងការថែទាំសម្រាប់អ្នកធ្វើការកាត់ជំពាក់ ដែលមានប្រាក់ឈ្នួលតិច
-
ក្រឹត្យចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៣៦ អនុវត្តចំពោះប្រជាជនឥណ្ឌូចិន និងអ្នកមានបុព្វសិទ្ធិដូចគ្នា
-
ក្រឹត្យចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៣៧ អនុវត្តចំពោះប្រជាជនអឺរ៉ុប និងអ្នកមានបុព្វសិទ្ធិដូចគ្នា
-
ព្រះរាជក្រមលេខ៨៤ នស ចុះថ្ងៃទីថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៣៨ ពង្រីកវិសាលភាពនៃការអនុវត្តក្រឹត្យឆ្នាំ១៩៣៧ ដល់អាណិកជនខ្មែរ
-
ព្រះរាជក្រឹត្យលេខ៤ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៣៧ ស្តីពីការដាក់ឱ្យអនុវត្តចំពោះកម្មករនិយោជិតខ្មែរនូវអត្ថបទស្តីពីការផ្សះផ្សា និងដោះស្រាយវិវាទការងារ
-
ព្រះរាជក្រឹត្យលេខ៧៤ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៣៧ ស្តីពីវាទបទបញ្ជានៃសៀវភៅកម្មករមកដល់ជនជាតិខ្មែរ
-
ក្រឹត្យរបស់អគ្គទេសាភិបាលឥណ្ឌូចិន លេខ២៨៧ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៣៧ ស្តីពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំនៃកម្មករ និងនិយោជិតជាតិឥណ្ឌូចិន
-
ក្រឹត្យរបស់អគ្គទេសាភិបាលឥណ្ឌូចិន ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៤៤ ស្តីពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំនៃកម្មករ និងនិយោជិតជាតិអឺរ៉ុប។
-
ព្រះរាជក្រមលេខ១២៣ ន.ស ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៤៤ និរាករណ៍ព្រះរាជប្រកាសចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៨៩៧ និង ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៣៦
-
ក្រឹត្យរបស់ស្នងការជាន់ខ្ពស់បារាំងនៅឥណ្ឌូចិន លេខ២៧២-៣៣៨៦ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៤៨ កំណត់បណ្តោះអាសន្នវិធីឈប់សម្រាកប្រចាំឆ្នាំនៃអ្នកស៊ីឈ្នួលជាតិអឺរ៉ុប និងអ្នកមានបុព្វសិទ្ធិដូចគ្នា។
-
នៅឆ្នាំ១៩៤៦ មានគណបក្សនយោបាយចាប់ផ្តើមបង្កើតឡើង ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសរដ្ឋសភា ដែលបានប្រព្រឹត្តទៅនៅខែកញ្ញា ហើយរាជរដ្ឋាភិបាលនៃរបបរាជាធិបតេយ្យអាស្រ័យសភានៃប្រទេសកម្ពុជាដំបូងបំផុត ក៏ត្រូវបានបង្កើតឡើង ដឹកនាំដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស (១៥/១២/១៩៤៦ ដល់ ២៤/៧/១៩៤៧)។
-
ព្រះរាជក្រមលេខ៣៧៥ ន.ស. ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៤៧ ស្តីពីរជ្ជវាសីនៃការវាទនីតិក្រមការងារបារាំង គឺជាច្បាប់មូលដ្ឋានមួយសម្រាប់បទប្បញ្ញត្តិពាក់ព័ន្ធវិស័យការងារ ដោយបានកំណត់ក្នុងមាត្រា១ ថា «នីតិក្រមការងារបារាំង ដែលកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា ត្រូវបានប្រើប្រាស់ជាបណ្តោះអាសន្ន រហូតដល់មានបទប្បញ្ញត្តិការងារថ្មីមកជំនួស»។ តាមព្រះរាជក្រមនេះ រាល់បទប្បញ្ញត្តិនៃនីតិក្រមបារាំង ត្រូវបានយកទៅអនុវត្តចំពោះជនជាតិខ្មែរ។
-
នៅឆ្នាំ១៩៤៧ ក្នុងរាជរដ្ឋាភិបាលរបស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស (២៥/៧/១៩៤៧ ដល់ ២០/២/១៩៤៨) មានការបង្កើត អធិការដ្ឋានការងារខ្មែរ និងការិយាល័យសង្គមកិច្ច ដែលពេលនោះអង្គភាពទាំងពីរនេះស្ថិតនៅក្រោមឱវាទនៃក្រសួងព័ត៌មាន និងសង្គមកិច្ច ដែលត្រូវបានបង្កើតឡើងតាមព្រះរាជក្រមលេខ៣៧៨ ន.ស ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៤៧ ដោយលុបចេញក្រសួងព័ត៌មាន ឃោសនាការ និងការបោះពុម្ពផ្សាយ ដែលត្រូវបានបង្កើតដោយព្រះរាជក្រម ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៤៧។
-
នៅឆ្នាំ១៩៤៨ ក្រសួងសុខាភិបាល ត្រូវបានបង្កើតឡើងតាមព្រះរាជក្រមលេខ២០ន.ស ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៤៨។
-
នៅឆ្នាំ១៩៤៩ ព្រះរាជក្រឹត្យលេខ៨៨ ន.ស នេះ ត្រូវនិរាករណ៍ ហើយជំនួសដោយព្រះរាជក្រឹត្យលេខ១៤២ ន.ស ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៩ ដោយពេលនោះមានការច្របាច់បញ្ចូលវិស័យសុខាភិបាល វិស័យសង្គមកិច្ច រួមទាំងវិស័យការងារ ឱ្យនៅក្រោមឱវាទក្រសួងសុខាភិបាល និងសង្គមកិច្ច។
-
រហូតដល់ឆ្នាំ១៩៥១ ក្រោយការចុះហត្ថលេខាលើសន្ធិសញ្ញាបារាំង-ខ្មែរ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ ដែលលុបចោលនូវសន្ធិសញ្ញាអាណាព្យាបាល ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ និងអនុសញ្ញាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៨៨៤ ប្រទេសបារាំងបានព្រមទទួលស្គាល់តាមផ្លូវច្បាប់ ព្រះរាជាណាចក្រកម្ពុជាជារដ្ឋឯករាជ្យមួយស្ថិតក្នុងសហព័ន្ធឥណ្ឌូចិនបារាំង។ ដោយអនុវត្តតាមមាត្រា២ នៃអនុសញ្ញានេះ អធិការដ្ឋានការងារបារាំងក៏ត្រូវបានផ្ទេរមកឱ្យសមត្ថកិច្ចនៃរដ្ឋាភិបាលខ្មែរនាពេលនោះ ហើយក្រសួងសង្គមកិច្ច និងការងារ ក៏ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ១៦៨ ន.ស ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៥១។
-
ក្រសួងទទួលបន្ទុកវិស័យការងារ ត្រូវបានបង្កើតឡើងជាផ្លូវការដំបូងដោយមានឈ្មោះថា ក្រសួងសុខាភិបាល ការងារ និងសង្គមកិច្ច តាមព្រះរាជក្រឹត្យលេខ១៦៨ ន.ស ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៥១ ទទួលបន្ទុកលើវិស័យចំនួន៣គឺ វិស័យសុខាភិបាល វិស័យសង្គមកិច្ច និងវិស័យការងារ ។
|
២.
|
ដំណាក់កាលចាប់ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០
|
|
-
នៅឆ្នាំ១៩៥៧ មានការរើរៀបចំបន្ថែមនូវក្រសួងសង្គមកិច្ច និងការងារ ដោយនិរាករណ៍បញ្ញត្តិនៃប្រការ ១, ៨, ៩, ១០, ១១, និង១២ នៃព្រះរាជក្រឹត្យលេខ១៦៨ ន.ស. ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៥១ តាមព្រះរាជក្រឹត្យលេខ៦៥១ ន.ស ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៥៧ ស្តីពីការបង្កើតក្រសួងសង្គមកិច្ច និងការងារ ។
-
នៅឆ្នាំ១៩៦១ មានកែសម្រួលឡើងវិញនូវរចនាសម្ព័ន្ធរបស់ក្រសួងសង្គមកិច្ច និងការងារជាថ្មីម្តងទៀត តាមព្រះរាជក្រឹត្យចំនួនបួនរួមមាន ព្រះរាជក្រឹត្យលេខ៦៣ ប.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៦១ ស្តីពីការរើរៀបចំឡើងវិញនៃក្រសួងសង្គមកិច្ច និងការងារ, ព្រះរាជក្រឹត្យលេខ៦៤ ប.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៦១ ស្តីពីការរើរៀបចំឡើងវិញនៃអធិការដ្ឋានសង្គមកិច្ច, ព្រះរាជក្រឹត្យលេខ៦៥ ប.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៦១ ស្តីពីការរើរៀបចំឡើងវិញនៃអគ្គាធិការដ្ឋានការងារ និងព្រះរាជក្រឹត្យលេខ៦៦ ប.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៦១ ស្តីពីការរើរៀបចំឡើងវិញនៃអធិការដ្ឋានកសិដ្ឋាន។
-
ឆ្នាំ១៩៦៨ ទើបមានការរើកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង សង្គមកិច្ច និងការងារ ម្តងទៀត តាមក្រឹត្យច្បាប់លេខ៤៩១/៦៨-ប.រ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៦៨ ស្តីពីការរៀបចំជាថ្មីនៃក្រសួងសង្គមកិច្ច និងការងារ និងក្រុមដែលនៅក្រោមឱវាទ ដោយនិរាករណ៍នូវបទប្បញ្ញត្តិនៃព្រះរាជក្រឹត្យលេខ៦៣, ៦៤, ៦៥, ៦៦ ប.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៦១ ដោយ ក្រសួងសង្គមកិច្ច និងការងារមានភារកិច្ចទទួលខុសត្រូវខាងបញ្ហាការងារ អាជីវពលកម្ម និងកិច្ចការសង្គម។
|
៣.
|
ដំណាក់កាលចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩
|
|
-
របបសាធារណរដ្ឋខ្មែរ បានចូលជាសមាជិកអង្គការអន្តរជាតិខាងការងារតាមក្រមលេខ៤៦៧/៧១ ប.រ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៧១ ដោយគិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩។
-
របបសាធារណរដ្ឋខ្មែរ បានរៀបចំឡើងវិញនូវរចនាសម្ព័ន្ធរដ្ឋបាលការងារ និងព្រមទាំងមានការរៀបចំនូវសេចក្តីព្រាងច្បាប់ការងារថ្មី ដែលត្រូវបានប្រកាសឱ្យប្រើតាម ក្រមលេខ ២/៧២ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៧២ ប៉ុន្តែច្បាប់ការងារថ្មីនេះ ពុំដែលត្រូវបានអនុវត្តនោះទេ ដោយសារកត្តាសង្គ្រាមស៊ីវិល។
-
តាមក្រឹត្យលេខ៧០១/៧០ ប.រ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៧០ ក្រសួងសង្គមកិច្ច និងការងារ ត្រូវបានប្តូរឈ្មោះជា ក្រសួងសង្គមកិច្ច និងការងារ និងមុខរបរ វិញ ដោយក្រសួងថ្មីនេះទទួលបន្ទុកខាងបញ្ហាសង្គមកិច្ច កិច្ចការការងារ និងហត្ថពលកម្ម ព្រមទាំងបញ្ហាទាំងឡាយ ដែលប្រទាក់ប្រទងគ្នា។
-
ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ក្នុងរដ្ឋាភិបាលសម្តេច ប៉ែន នុត (ថ្ងៃទី១៧ ខែមេសា ១៩៧៥ ដល់ថ្ងៃទី១៤ ខែមេសា ១៩៧៦ និងរដ្ឋាភិបាល ប៉ុល ពត (១៤ មេសា ១៩៧៦ ដល់ ៦ មករា ១៩៧៩) ពុំមានបង្កើតក្រសួងទទួលបន្ទុកវិស័យការងារទេ។
|
៤.
|
ដំណាក់កាលចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣
|
|
-
ក្រោយការរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាថ្ងៃទី៧ ខែមករា ១៩៧៩ ក្រុមប្រឹក្សាប្រជាជនបដិវត្ដន៍កម្ពុជា បានបង្កើត “គណៈកម្មាធិការសង្គមកិច្ច” នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៧៩ ថ្នាក់ស្មើក្រសួង ដឹកនាំដោយ លោក នៅ សាមុំ សម្រាប់ដោះស្រាយបញ្ហាសង្គមកិច្ច គឺយុទ្ធជនពិការ និងកុមារកំព្រា ស្ត្រីមេម៉ាយ និងចាស់ជរា ដែលបន្សល់ទុកពីរបបខ្មែរក្រហម។
-
រហូតដល់ ឆ្នាំ១៩៨៥ គណៈកម្មាធិការសង្គមកិច្ច ត្រូវបានប្ដូរ និងបង្កើតជា ក្រសួងយុទ្ធជនពិការ-សង្គមកិច្ច តាមក្រឹត្យច្បាប់លេខ១៩ ក្រ.ច ថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៨៥ ដែលមាន លោក ម៉ម សាប៊ុន ជារដ្ឋមន្ដ្រី ហើយរហូតដល់ឆ្នាំ១៩៨៨ ទើបមានការផ្ទេរភារកិច្ច លោក កុយ ប៊ុនថា មកជារដ្ឋមន្ត្រីក្រសួងយុទ្ធជនពិការ-សង្គមកិច្ច វិញ តាមក្រឹត្យលេខ៤៦ ក្រ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៨៨។
-
តួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងរបស់ក្រសួងយុទ្ធជនពិការ-សង្គមកិច្ច ត្រូវកំណត់ដោយអនុក្រឹត្យលេខ១៩ អនក្រ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៨៥ ដែលមានរចនាសម្ព័ន្ធតាំងពីថ្នាក់មជ្ឈិម រហូតដល់ខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ ឃុំ។
-
នៅឆ្នាំ១៩៨៧ មានការរើរៀបចំឡើងវិញនូវរចនាសម្ព័ន្ធក្រសួងយុទ្ធជនពិការ និងសង្គមកិច្ច តាមសេចក្តីសម្រេចលេខ១០.៨៧ យស.ចត ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៨៧ ស្តីពីការបង្កើតការិយាល័យចំណុះនាយកដ្ឋាន ក្រោមឱវាទក្រសួងយុទ្ធជនពិការ និងសង្គមកិច្ច ក្រសួងនេះមានការបង្កើតការិយាល័យសរុបចំនួន ១៥ ក្នុងនោះចំណុះឱ្យមន្ទីរ ចំនួន ៣ ការិយាល័យ និងចំណុះឱ្យថ្នាក់នាយកដ្ឋាន ចំនួន ១២ មាន នាយកដ្ឋានចាត់តាំង, នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ, នាយកដ្ឋានយុទ្ធជនពិការ, នាយកដ្ឋានចូលនិវត្តន៍សង្គ្រោះសង្គម និងនាយកដ្ឋានសម្រួលរាងកាយស្តារលទ្ធភាពពលកម្ម។
-
ក្រោយកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្រសួងយុទ្ធជនពិការ-សង្គមកិច្ច ត្រូវបានប្តូរ និងបង្កើតទៅជា ក្រសួងការងារ និងសង្គមកិច្ច តាមច្បាប់ស្តីពីការកែប្រែឈ្មោះ ការចាត់តាំងតួនាទី និងភារកិច្ចរបស់ទីស្តីការរដ្ឋមន្ត្រីក្រសួងយុទ្ធជនពិការ-សង្គមកិច្ច ដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី៦ ខែមេសា និងត្រូវបានប្រកាសឱ្យប្រើដោយក្រឹត្យលេខ៥៣ ក្រ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៩២ ដើម្បីទទួលបន្ទុកបន្ថែមនូវវិស័យការងារតាមច្បាប់ស្តីពីការងារ ដែលទើបរៀបចំថ្មី។
-
ច្បាប់ការងារ ឆ្នាំ១៩៩២ បានរៀបចំឡើងដោយនាយកដ្ឋានបៀវត្សពលកម្ម នៃក្រសួងផែនការ មិនមែនដោយក្រសួងយុទ្ធជនពិការ និងសង្គមកិច្ចទេ និងត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩២ និងបានប្រកាសឱ្យប្រើតាមក្រឹត្យលេខ៩៩ ក្រ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩២។
-
ក្រសួងការងារ និងសង្គមកិច្ច ដែលបានបង្កើតឡើងនាពេលនោះ មាន លោក ដូ សូហាន់ ជារដ្ឋមន្ត្រី ដែលត្រូវតែងតាំងដោយក្រឹត្យលេខ ៦០ ក្រ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៩២ និងក្រោយមកមានការតែងតាំង លោក ស៊ុយ សែម ពីអនុរដ្ឋមន្ត្រី ក្រសួងផែនការ មកជាអនុរដ្ឋមន្ត្រីក្រសួងការងារ និងសង្គមកិច្ច តាមក្រឹត្យលេខ ៩៦ ក្រ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ១៩៩២។
-
ការរៀបចំ និងការប្រព្រឹត្តទៅនៃទីស្តីការក្រសួងការងារ និងសង្គមកិច្ច ត្រូវកំណត់ដោយអនុក្រឹត្យលេខ៤ អនក្រ. ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ១៩៩៣។
|
៥.
|
ដំណាក់កាលចាប់ពីឆ្នាំ១៩៩៣ មកទល់បច្ចុប្បន្ន
|
|
-
នៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ការបោះឆ្នោតក្រោមការចាត់ចែងដោយ អ៊ុន តាក់ ត្រូវបានរៀបចំឡើងពីថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣។ នៅក្រោយការបោះឆ្នោតនេះ រដ្ឋាភិបាលជាតិបណ្តោះអាសន្ននៃកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៣ តាមក្រឹត្យចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៩៣។
-
ការតែងតាំងសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី១ នៃរដ្ឋសភា បានទទួលសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៩៣ ហើយត្រូវបានតែងតាំងជាផ្លូវការតាម ព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដោយដំណាក់កាលនោះ ក្រសួងសង្គមកិច្ច និងការងារ ត្រូវបានច្របាច់បញ្ចូលជាមួយក្រសួងអតីតយុទ្ធជន ដែលមានក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន ថ្ងៃទី១ ខែកក្កដា មកជា ក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន ដែលក្រសួងនេះត្រូវដឹកនាំដោយរដ្ឋលេខាធិការមួយរូប។
-
ច្បាប់ការងារឆ្នាំ១៩៩២ ព្រមទាំងឯកសារផ្សេងៗស្តីពីការងារ ត្រូវបានក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន យកមកធ្វើជាមូលដ្ឋាន ដើម្បីកែលម្អសារជាថ្មីឱ្យស្របតាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដោយមានការជួយឧបត្ថម្ភពីអង្គការអន្តរជាតិខាងការងារ (ILO) ជំនាញការក្រសួងការងារបារាំង វិទ្យាស្ថានការងារសេរីអាម៉េរិកអាស៊ី (AAPLI) ហើយបានប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ក្រោមចំណងជើងថា «ច្បាប់ស្តីពីការងារ»។
-
ក្នុងឆ្នាំ១៩៩៦ ទើបមានព្រះរាជក្រមលេខ នស/រកម/០១៩៦/១៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន និងមានអនុក្រឹត្យលេខ៥៦ អនក្រ.បក ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំ និងប្រព្រឹត្តិទៅរបស់ក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន។
-
ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី២ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ សមាសភាពរាជរដ្ឋាភិបាលថ្មី ត្រូវបានតែងតាំងតាមព្រះរាជក្រម លេខ នស/រកម/១១៩៨/៧២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន ត្រូវបានប្តូរឈ្មោះ និងបង្កើតទៅជា ក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា។
-
រហូតដល់ឆ្នាំ១៩៩៩ ទើបមានច្បាប់បង្កើតក្រសួងនេះ តាមរយៈព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៦ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៩ ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងវិស័យសង្គមកិច្ច វិស័យការងារ វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទានៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកឯវិស័យអតីតយុទ្ធជន ត្រូវបានបញ្ចូលទៅក្នុងអតីតក្រសួងកិច្ចការនារី ដោយបានប្តូរ និងបង្កើតជាក្រសួងកិច្ចការនារី និងអតីតយុទ្ធជនវិញ។
-
ក្រោយការបង្កើតក្រសួងនេះ រាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៩៨ បានផ្ទេរទីស្តីការ រួមទាំងចលនទ្រព្យ និងអចលនទ្រព្យនៃអតីតក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា។ ក្របខណ្ឌមន្ត្រីរាជការ ក៏ត្រូវបានផ្ទេរមកក្រសួងបង្កើតថ្មីនេះដែរ លើកលែងតែក្របខណ្ឌមន្ត្រីរាជការនៃ នាយកដ្ឋានសោធន អតីតយុទ្ធជន និងនាយកដ្ឋានអភិវឌ្ឍន៍អតីតយុទ្ធជន ព្រមទាំងក្របខណ្ឌមន្ត្រីរាជការនៅអង្គភាពមូលដ្ឋាន ដែលបម្រើការងារវិស័យអតីតយុទ្ធជនរបស់អតីតក្រសួងសង្គមកិច្ចការងារ និងអតីតយុទ្ធជន ដែលត្រូវផ្ទេរទៅក្រសួងកិច្ចការនារី និងអតីតយុទ្ធជនដែលបានបង្កើតថ្មីវិញ។ រហូតដល់ឆ្នាំ១៩៩៩ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួងក៏ត្រូវបានរៀបចំ តាមអនុក្រឹត្យលេខ៨៧ អនក្រ.បក ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា។
-
នៅឆ្នាំ២០០៥ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៣ នៃរដ្ឋសភា ក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា ក៏ត្រូវបានកែសម្រួល និងបង្កើតទៅជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា។ ការបង្កើតនូវក្រសួងថ្មីនេះ គឺដោយផ្អែកលើមូលដ្ឋាន នៃការកាត់យកវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា និងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យដើរស្របតាមដំណើរវិវដ្ដនៃសង្គម និងសេដ្ឋកិច្ចជាតិនាពេលនោះ។
-
រចនាសម្ព័ន្ធថ្មីរបស់ក្រសួងត្រូវបានរៀបចំចំនួនពីរដង គឺលើកទីមួយតាមរយៈ អនុក្រឹត្យលេខ៥២ អនក្រ.បក ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសបន្តបន្ទាប់យោងតាមអនុក្រឹត្យនេះ។
-
នៅឆ្នាំ២០១៤ រចនាសម្ព័ន្ធក្រសួងក៏ត្រូវបានកែសម្រួលបន្ថែមទៀត តាមអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសបន្តបន្ទាប់សម្រាប់អនុវត្តអនុក្រឹត្យនេះ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានភារកិច្ចដូចតទៅ៖
-
អនុវត្តច្បាប់ស្តីពីការងារ សំដៅធានា កែលម្អអនាម័យនិងសន្តិសុខការងារ សុខភាព កម្មករនិយោជិត និងលក្ខខណ្ឌធ្វើការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន
-
ធ្វើអធិការកិច្ចតាមសហគ្រាស គ្រឹះស្ថានតាមការកំណត់នៃបទប្បញ្ញត្តិស្តីពីរដ្ឋបាលការងារ
-
តាមដានអនុវត្តច្បាប់ស្តីពីការងារនិងបទប្បញ្ញត្តិពាក់ព័ន្ធទៅនឹងបទដ្ឋានការងារ លក្ខខណ្ឌការងារ អនាម័យ និងសន្តិសុខការងារ និងការការពារសុខភាពកម្មករនិយោជិត
-
ដាក់ឱ្យអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងដំណើរការបេឡាជាតិរបបសន្តិសុខសង្គម
-
អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិដែល ពាក់ព័ន្ធនឹងពលកម្មកុមារ
-
សិក្សានិងរៀបចំគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ដើម្បីធ្វើការបូកសរុបសេចក្តីត្រូវការនៃទីផ្សារការងារ
-
តាក់តែងនិងអភិវឌ្ឍគោលនយោបាយស្តីពីមុខរបរ ដោយឈរលើនយោបាយជាតិសម្រាប់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។
|