(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី "បច្ចេកទេសអធិការកិច្ចសន្តិសុខសង្គម មូលដ្ឋានសុខាភិបាល និងបទប្បញ្ញត្តិពាក់ព័ន្ធ" ដល់អធិការសន្តិសុខសង្គមប្រមាណ ១៩០នាក់ ដោយបានរៀបចំឡើងនៅសាលសន្តិភាព បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
សិក្ខាសិលានេះធ្វើឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នេះ ដើម្បីលើកកម្ពស់សមត្ថភាព និងការយល់ដឹងរបស់អធិការសន្តិសុខសង្គម លើបច្ចេកទេសអធិការកិច្ច និងការត្រួតពិនិត្យមូលដ្ឋានសុខាភិបាល។ សិក្ខាកាមនឹងទទួលបានចំណេះដឹងស៊ីជម្រៅលើប្រធានបទសំខាន់ៗចំនួន ៧ រួមមាន៖
ច្បាប់ស្តីពីការងារ, ច្បាប់ស្តីពីរបបសន្តិសុខសង្គម, ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរមា, ក្រមសីលធម៌អធិការការងារ, បច្ចេកទេសធ្វើអធិការកិច្ចរបបសន្តិសុខសង្គមនៅមូលដ្ឋានសុខាភិបាល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
ក្នុងពិធីបើកវគ្គនៅថ្ងៃនេះ ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ នឹងពង្រឹងការងាររបស់អធិការក្នុងការណែនាំ និងផ្តល់ដំបូន្មាន ឬចាត់វិធានការចំពោះការល្មើសច្បាប់ស្តីពីរបបសន្តិសុខសង្គម។ ធានាថាសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតជាសមាជិក ប.ស.ស. ត្រូវបានអនុវត្តបានពេញលេញ។ ពង្រឹងភាពជាដៃគូជាមួយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.។
ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកដាក់ខ្ពស់ ដើម្បីក្លាយជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយសមត្ថភាព បុរេសកម្ម និងតម្លាភាព ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត៕
#MLVT #HENGSour
English