(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធី “ប្រកាសសមាសភាពគណៈកម្មាធិការជាតិសុខភាពនិងសុវត្ថិភាពការងារ និងបើកយុទ្ធនាការផ្សព្វផ្សាយដើម្បីបញ្ឈប់អំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ” នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដោយមានវត្តមានចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក សហជីព អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការប្រកាសសមាសភាពគណៈកម្មាធិការជាតិសុខភាពនិងសុវត្ថិភាពការងារ និងការបើកយុទ្ធនាការផ្សព្វផ្សាយដើម្បីបញ្ឈប់អំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ នៅពេលនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តនិងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់យន្តការត្រីភាគី និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ។ ទន្ទឹមនេះ ការប្រកាសសមាសភាពគណៈកម្មាធិការជាតិនៅពេលនេះគឺស្របតាមគោលនយោបាយជាតិ ជាពិសេសផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ និងផែនការមេលើកទី៣ ស្តីពី សុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ សំដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ គឺ “មានលក្ខខណ្ឌការងារល្អ និងភាពសុខសាន្តនៅកន្លែងធ្វើការ” និង “គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារត្រឹមត្រូវ ដោយអនុលោមទៅតាមបទដ្ឋានស្តីពីសុវត្ថិភាព និងសុខភាពការងារជាតិ និងអន្តរជាតិ ដើម្បីបង្ការគ្រោះថ្នាក់ការងារ”។
ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់លើស្ត្រី។ ជាមួយគ្នានេះ ក្រសួងក៏បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ដោយកំណត់នៅក្នុងយុទ្ធសាស្រ្តទី៦ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យការងារផងដែរ។
គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ ដែលហៅកាត់ថា ”គ.ជ.ស.ក.” ត្រូវបានបង្កើត តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ២៣៧អនក្រ.បក ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសុខភាពនិងសុវត្ថិភាពការងារ ដែលមានគោលដៅកំណត់យន្តការពិគ្រោះយោបល់ សម្របសម្រួល សហប្រតិបត្តិការ តាមដាន និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើបញ្ហាសុខភាព និងសុវត្ថិភាពការងារ៕
#MLVT #HENGSour