ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

អង្គការUNESCO គឺជាដៃគូសំខាន់ក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

 សៅរ៍, 28 តុលា 2023 09:03  |    Written by MLVT  |  485 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក Sardar Umar Alam (សារដារ អ៊ូម៉ារ អាឡាម) តំណាងអង្គការUNESCOប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការងារ។ 

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការUNESCOដែលគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាដើម្បីផ្តល់ជំនាញវិជ្ជាជីវៈតាមរយៈគម្រោងបណ្តុះបណ្តាលដល់យុវជនដែលបានបោះបង់ការសិក្សាក្រោយកម្រិតបឋមសិក្សាដើម្បីទទួលបានជំនាញសម្រាប់ឱកាសការងារ និងគម្រោងការងារសមរម្យតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បន្ថែមពីនោះ ភាគីទាំងពីរបានលើកឡើងពីគម្រោងអាទិភាពរបស់ខ្លួនក្នុងគោលបំណងស្វែងរកចក្ខុវិស័យរួមគ្នាក្នុងក្របខណ្ឌជួយជ្រោមជ្រែងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ឧត្តមប្រយោជន៍កម្មករនិយោជិត និងពលរដ្ឋកម្ពុជាជារួម។ 

 

លើសពីនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីចក្ខុវិស័យដ៏សំខាន់មួយក្នុងចំណោមចក្ខុវិស័យផ្សេងទៀតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងបណ្តុះបណ្តាលជូនយុវជន ចំនួន ១,៥លាននាក់ឱ្យមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លី ហើយទទួលបានឱកាសការងារយ៉ាងសម្បូរបែបនៅកម្ពុជា។ 

ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា កម្មវិធីថ្នាក់ជាតិនេះ គឺជាការយកចិត្តទុកដាក់ជាអាទិភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិទី៧នេះ ដើម្បីធានាថាយុវជនទាំងអស់សុទ្ធតែមានជំនាញដើម្បីក្លាយជាកម្លាំងយ៉ាងសកម្មក្នុងទីផ្សារការងារ។ 

 

ភាគីទាំងពីរ បានពិភាក្សាគ្នាជាច្រើនចំណុចសំខាន់ៗបន្ថែមទៀតដើម្បីធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាកាន់តែប្រសើរឡើងបន្ថែមទៀត។

យ៉ាងណាក៏ដោយមុននឹងបញ្ចប់ជំនួប ឯកឧត្តមរដ្ឋមន្ត្រី រំពឹងថា អង្គការUNESCO នឹងបន្តជួយគាំទ្រនិងពង្រីកកិច្ចសហការបន្ថែមទៀតជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខណៈអង្គការដ៏ធំនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

 

#MLVT


ឯកសារផ្លូវការ