ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១.៨ម៉ឺននាក់ នៅរាជធានីភ្នំពេញ

 អង្គារ, 03 តុលា 2023 14:07  |    Written by MLVT  |  1028 times  |   Print  |   Email

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសចំនួន១៨,០៩៩នាក់ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលនេះគឺជាកម្មវិធីលើកទី៥ហើយតាំងពីសម្តេចធិបតីចូលកាន់តំណែង។

 

នាឱកាសថ្លែងមតិស្វាគមន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាងរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត និងបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋឱ្យនៅកៀកនឹងមូលដ្ឋានរស់នៅរបស់កម្មករនិយោជិត។ រោងចក្រ សហគ្រាសត្រូវបានពង្រាយទៅតាមបណ្តាខេត្ត និងបានកើនឡើងជាបន្តបន្ទាប់។

 

ជាក់ស្តែង នៅរាជធានីភ្នំពេញមានរោងចក្រ សហគ្រាសសរុបចំនួន៩,៥៩០ និងមានកម្មករនិយោជិតសរុបប្រមាណ៦៦ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ក្នុងនោះវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបមានចំនួន៧៣៥ និងមានកម្មករនិយោជិតប្រមាណ៣៤ម៉ឺននាក់ និងផ្តល់ប្រាក់ឈ្នួលប្រមាណ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រីបានគោរពថ្លែងអំណរគុណដល់ការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខកម្មករនិយោជិត ជាពិសេសសម្តេចធិបតីបានបន្ថែមទឹកប្រាក់ចំនួន២ដុល្លារអាមេរិក ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាបានកើនដល់២០៤ដុល្លារអាមេរិក ចាប់ពីខែមករា ឆ្នាំ២០២៤ខាងមុខ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល។

 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រសួងការងារ និងភាគីពាក់ព័ន្ធដែលបានខិតខំក្នុងការចរចាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតធ្វើដំណើរនិងកាបូប រហូតសម្រេចបានលទ្ធផលចំនួន២០៤ដុល្លារ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងថា ការដំឡើងប្រាក់ខែត្រឹម៤ដុល្លារ គឺដើម្បីចែកគ្នារស់ក្នុងពេលគ្រាលំបាកនេះ ទោះបីក្នុងចំនួនតិច ឬច្រើន គឺជាស្មារតីរួម «ចែកគ្នារស់ ជួយគ្នារស់» ហើយមានឱកាសពង្រីកទីផ្សារបន្ថែមទៀត រក្សាការងារដែលមានស្រាប់ ព្រមទាំងទាក់ទាញអ្នកវិនិយោគថ្មីមកបណ្ដាក់ទុននៅប្រទេសកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

 

ទន្ទឹមនឹងការដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ម្ចាស់ផ្ទះជួលសូមកុំឱ្យដំឡើងថ្លៃឈ្នួលបន្ទប់នៅឆ្នាំ២០២៤ និងសូមយោគយល់នឹងជួយគ្នាក្នុងស្ថានភាពលំបាកនេះ ព្រមទាំងបានណែនាំដល់រដ្ឋាករទឹក និងអគ្គិសនីកម្ពុជា បញ្ចុះថ្លៃទឹក និងថ្លៃភ្លើងដល់កម្មករនិយោជិតដែលកំពុងស្នាក់នៅតាមផ្ទះជួល និងដើម្បីជាការគិតគូរដល់ម្ចាស់ផ្ទះជួលផងដែរ៕


ឯកសារផ្លូវការ