ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

រដ្ឋមន្ត្រីក្រសួងការងារ មើលឃើញថា ការវិនិយោគរបស់ក្រុមហ៊ុន CP នៅកម្ពុជា បានបង្កើតមុខរបរថ្មី ឱកាសការងារ ជូនដល់ពលរដ្ឋកម្ពុជា

 ព្រហស្បតិ៍, 28 មេសា 2022 13:42  |    Written by MLVT  |  3940 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កត់សម្គាល់ឃើញថា ការវិនិយោគរបស់ក្រុមហ៊ុន CP នៅកម្ពុជា ពិតជាបានចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ច បង្កើតមុខរបរថ្មី ឱកាសការងារ ជូនដល់ពលរដ្ឋកម្ពុជា។ ក្រុមហ៊ុនមិនត្រឹមតែចូលរួមនៅក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជានោះទេ ក្រុមហ៊ុនក៏បានផ្តល់ការងារជូនដល់ពលករកម្ពុជាបានយ៉ាងច្រើនទាំងនៅក្នុងស្រុក និងផ្តល់ឱកាសការងាររបស់ក្រុមហ៊ុនដល់ពលករកម្ពុជានៅក្នុងប្រទេសថៃថែមទៀត។ 

 

ឯកឧត្តម សង្កត់ធ្ងន់ថា ក្រុមហ៊ុន CP នៅកម្ពុជា គោរពបានយ៉ាងត្រឹមត្រូវតាមលក្ខខណ្ឌ បទដ្ឋានការងារសម្រាប់កម្មករនិយោជិត ដោយឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុននឹងបន្តពង្រីកនូវគម្រោងរបស់ខ្លួនថ្មីៗបន្ថែមទៀត។ 

ការគូសបញ្ជាក់បែបនេះ របស់ឯកឧត្តមបណ្ឌិត អុិត សំហេង ក្នុងឱកាសអនុញ្ញាតឲ្យលោកPreeda Chunwong អគ្គនាយករង C.P នៅកម្ពុជា ចូលជួបសម្តែងការគួរសម ដើម្បីជម្រាបជូនអំពីកិច្ចការមួយចំនួនរបស់ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។ 

 

លោកអគ្គនាយករងក្រុមហ៊ុន បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសជូនដល់រូបលោក និងសហការីបានចូលជួបពិភាក្សាការងារ លោកបញ្ជាក់ថា ក្រុមហ៊ុន CP កម្ពុជា មានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន ២៦ឆ្នាំមកហើយ ដំណើរការដ៏ជោគជ័យនេះ ក៏ដោយសារបានទទួលការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទើបក្រុមហ៊ុនមានដំណើរការអាជីវកម្មរីកចម្រើនមកទល់បច្ចុប្បន្ននេះ។ ដើម្បីជាការតបស្នង ក្រុមហ៊ុននឹងធ្វើការបណ្តាក់ទុនបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកជួយដល់សេដ្ឋកិច្ច និងប្រជាជនកម្ពុជាឲ្យមានការរីកចម្រើនដូចគ្នាទៅនឹងក្រុមហ៊ុនដែរ។ 

 

ខាងតំណាងក្រុមហ៊ុន ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីផងដែរ ពីការទទួលពលករកម្ពុជា ទៅបម្រើការងារជូនក្រុមហ៊ុននៅប្រទេសថៃ ដោយបច្ចុប្បន្នក្រុមហ៊ុនមានពលករខ្មែរដែលកំពុងធ្វើការនៅទីនោះ ប្រមាណជាង១ម៉ឺននាក់ កន្លងមកពលករកម្ពុជាដែលបានធ្វើការនៅថៃ គឺមានភាពស្មោះត្រង់ អត់ធ្មត់នឹងការងារ ដូច្នេះក្រុមហ៊ុន ត្រូវការពលករកម្ពុជាចំនួន២ពាន់នាក់បន្ថែមទៀត ដើម្បីជួយការងាររបស់ក្រុមហ៊ុន។ ពលករកម្ពុជានឹងទទួលអត្ថប្រយោជន៍ស្មើៗគ្នាទៅនឹងពលកររបស់ប្រទេសដទៃផ្សេងទៀត។ មិនតែប៉ុណ្ណោះ ខាងក្រុមហ៊ុន មានកម្មវិធីបណ្តុះបណ្តាល កសាងសមត្ថភាព ដោយពលករធម្មតា ឲ្យក្លាយជាពលករជំនាញ និងផ្តល់អាហារូបករណ៍ដល់ពួកគេក្នុងការទទួលបានការសិក្សារៀនសូត្រ បំប៉មសមត្ថភាពដើម្បីក្លាយខ្លួនជាអ្នកដឹកនាំនៅក្នុងផ្នែកនីមួយៗ របស់ក្រុមហ៊ុននាពេលអនាគត។ ក្រុមហ៊ុន CP មានអាជីវកម្មជាច្រើន ដែលកំពុងបណ្តាក់ទុនវិនិយោគ ចំនួន២១ប្រទេសទូទាំងពិភពលោក។ ពាក់ព័ន្ធទៅនឹងការជួយដល់ប្រជាកសិករខ្មែរវិញ ក្រុមហ៊ុនបានបញ្ជាទិញផលិតផលពីពួកគាត់ចំនួន ៤សែនតោនក្នុងមួយឆ្នាំៗ សម្រាប់យកទៅកែច្នៃជាផលិតផលរបស់ក្រុមហ៊ុន។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញក្តីរីករាយជាខ្លាំង ដែលខាងក្រុមហ៊ុនបានបញ្ជាទិញកសិផល ពីប្រជាកសិករខ្មែរ ទាំងនេះចាត់ទុកជាទីផ្សារមួយដ៏សំខាន់ ជួយដោះស្រាយជីវភាពរបស់ពួកគាត់បានប្រសើរមួយកម្រិត។ ឯកឧត្តម បានលើកទឹកចិត្តដល់ក្រុមហ៊ុនគួរបង្កើនភាពជាដៃគូ ដោយធ្វើការបញ្ជាទិញកសិផលពីកសិករខ្មែរឲ្យបានកាន់តែច្រើនបន្ថែមទៀត ព្រោះវាមានន័យណាស់សម្រាប់សេដ្ឋកិច្ច។ 

 

ចំពោះក្រុមហ៊ុន CP ដែលត្រូវការកម្លាំងពលកម្ម ចំនួន២ពាន់នាក់ សម្រាប់បម្រើការងារជូនដល់ក្រុមហ៊ុននៅប្រទេសថៃ ឯកឧត្តមរដ្ឋមន្ត្រី ឯកភាពចំពោះសំណើនេះ ដោយអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នា ដែលប្រទេសយើងទាំងពីរបានធ្វើជាមួយគ្នាកន្លងមកនោះ។ ឯកឧត្ដម លើកឡើងថា គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នឹងបញ្ជូនក្រុមការងារបច្ចេកទេស ទៅបំពេញបេសកកម្មនៅព្រះរាជាណាចក្រថៃឡង់ដ៏ ដើម្បីបន្តសុពលភាពប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) និងលិខិតធ្វើដំណើរ (TD)។ ដូច្នេះប្រសិនជាពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រុមហ៊ុនដែលផុតសុពលភាព ឬសុពលភាពនៅសល់ក្រោម ៦ខែ អាចដាក់ពាក្យស្នើសុំបន្តសុពលភាពតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ។

 

នៅក្នុងជំនួបនេះដែរ ខាងតំណាងក្រុមហ៊ុនបានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ចុះទស្សនកិច្ចនៅក្រុមហ៊ុន CP នៅក្នុងប្រទេសថៃផ្ទាល់តែម្តង ដើម្បីបានឃើញពីលក្ខខណ្ឌការងាររបស់ពលករខ្មែរដែលបានកំពុងធ្វើការជាមួយក្រុមហ៊ុន និងពិនិត្យមើលស្ថាប័នបណ្តុះបណ្តាលផ្សេងទៀត ដែលក្រុមហ៊ុនCPមាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានឆ្លើយតបយល់ព្រមទៅលើសំណើរបស់ក្រុមហ៊ុន ដែលរៀបចំឲ្យមានដំណើរទស្សនកិច្ចបែបនេះ ទៅតាមពេលវេលាជាក់ស្តែងណាមួយ៕


ឯកសារផ្លូវការ