(បាត់ដំបង)៖ សកម្មភាពនាំយកឱកាសការងារដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានគឺជាកិច្ចការអាទិភាពដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសចំពោះអតីតពលករ ដើម្បីធានាថាបងប្អូនទាំងនោះ និងយុវជននៅតាមមូលដ្ឋានមានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ខ្លួនកាន់តែប្រសើរ។
ជាក់ស្តែង នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ នេះ វេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តការងាររបស់ខ្លួនយ៉ាងសកម្មនៅក្នុងបរិវេណសាលាបឋមសិក្សាភូមិថ្មី និងអនុវិទ្យាល័យបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានអតីតពលករ និងប្រជាពលរដ្ឋចូលរួមប្រមាណ ៨០០ នាក់ មកទទួលព័ត៌មានឱកាសការងារថ្មីៗ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស។

ក្នុងឱកាសនោះ ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈការនាំយកនូវឱកាសការងារចំនួន ២ ៧៥០ កន្លែង ដែលផ្តល់ដោយតំណាងរោងចក្រ សមាគម និងទីភ្នាក់ងារបញ្ជូនពលករចំនួន ០៧ ក្នុងចំណោមឱកាសការងារសរុបជាង ៨ ម៉ឺនកន្លែងនៅទូទាំងប្រទេស។ ឯកឧត្តមបញ្ជាក់ថា ការងារក្នុងស្រុកគឺជាជម្រើសដ៏ល្អ ព្រមជាមួយនូវមានលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលសមរម្យ។ អ្វីដែលកាន់តែពិសេសនោះ គឺការទទួលបានការគាំពារពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដែលផ្តល់នូវភាពកក់ក្តៅដល់កម្មករនិយោជិត និងការជួយសម្រាលបន្ទុកជីវភាពតាមរយៈបណ្ណក្រីក្រសម្រាប់បងប្អូនដែលមានតម្រូវការចាំបាច់។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់យុវជន ជាពិសេសអតីតពលករ សូមចាប់យកឱកាសមាសសិក្សាក្នុងកម្មវិធីថ្នាក់ជាតិបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥ លាននាក់ (TVET 1.5M) ដោយមិនបង់ប្រាក់ ប៉ុន្តែទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់គ្រួសារក្រីក្រ និងងាយរងហានិភ័យទៀតផង។
សម្រាប់បងប្អូនដែលមានបំណងស្វែងយល់ព័ត៌មានបន្ថែម ឬចុះឈ្មោះស្វែងរកការងារ សូមទំនាក់ទំនងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឬតាមរយៈលេខទូរស័ព្ទ Hotline ១២៩៧ ឬ ១២៨៦ ដើម្បីទទួលបានការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយ៕

#MLVT #HENGSour
English