(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីសាស្ត្រាចារ្យ លីវ ជៀយីង (Liu Jieying) អគ្គលេខាធិការរងគណៈកម្មាធិការបក្ស និងជានាយិកាវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិក្វាងស៊ី (GXIBVC) នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជំនួបនេះមានគោលបំណងបង្ហាញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការបង្កើតមជ្ឈមណ្ឌលឧត្តមភាពកម្ពុជា-ចិន ស្តីពីបញ្ញាសិប្បនិម្មិត និងឌីជីថល រវាងវិទ្យាស្ថាន GXIBVC និងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB), វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Wuhan Central និងក្រសួង, ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការធ្វើបរិវត្តកម្មឌីជីថល និង AI។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រីសាស្ត្រាចារ្យ លីវ ជៀយីង និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ជាពិសេសសមិទ្ធផលរបស់មជ្ឈមណ្ឌលឧត្តមភាពកម្ពុជា-ចិន ស្តីពីបញ្ញាសិប្បនិម្មិត និងឌីជីថល ដែលមានគោលដៅក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញផ្នែកទីផ្សារ AI និងឌីជីថល និងជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹងសម្រាប់លើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល ដោយមានការគាំទ្រពីក្រុមហ៊ុន Wuhan Central។


ភាគីទាំងពីរបានលើកឡើងពីសារៈសំខាន់នៃវិស័យឌីជីថល និង AI ដែលបានក្លាយជាជំនាញមួយដែលយុវជននិងកម្លាំងពលកម្មទាំងអស់ត្រូវតែឈ្វេងយល់ ហើយចេះប្រើប្រាស់ទាំងនៅក្នុងការធ្វើពាណិជ្ជកម្ម អាជីវកម្ម ការងារក្រុមហ៊ុន សហគ្រាស និងការងារប្រចាំថ្ងៃ។ ហេតុនេះ ឯកឧត្តមក៏បានបង្ហាញពីគោលបំណងនៃការប្រែក្លាយវិទ្យាស្ថាន NIB ទៅជាមជ្ឈមណ្ឌលជាតិបណ្តុះបណ្តាល និងឧត្តមភាពផ្នែក AI តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សាគ្រប់ជ្រុងជ្រោយ ការពង្រឹងគុណវុឌ្ឍិគ្រូបង្គោល ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សយូរអង្វែង និងការដាក់ឱ្យអនុវត្តស្តង់ដាជាតិសម្រាប់ការបណ្តុះបណ្តាល និងឧត្តមភាពផ្នែក AI។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យភាគីចិនចែករំលែកបទពិសោធ និងឯកសារល្អៗ ដើម្បីបង្កើតក្តីស្រមៃ និងចាប់យកជំនាញស្របតាមទីផ្សាររបស់យុវជនកម្ពុជា ជាពិសេសឱ្យពួកគេយល់កាន់តែច្បាស់ថា "ជំនាញជាកូនសោកែប្រែអនាគត"។ ឯកឧត្តមបានប្តេជ្ញាចិត្តបន្តគាំទ្រនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ដើម្បីទទួលបានផ្លែផ្កាបន្ថែមទៀត ដោយជួយឱ្យកម្ពុជាសម្រេចក្តីស្រមៃមួយ គឺកម្លាំងពលកម្មចេះប្រើប្រាស់ AI ក្នុងការបង្កើនផលិតភាពការងារ។
ជាការឆ្លើយតប លោកស្រីសាស្ត្រាចារ្យ លីវ ជៀយីង បានកោតសរសើរចំពោះចក្ខុវិស័យដ៏វែងឆ្ងាយរបស់ឯកឧត្តមរដ្ឋមន្រ្តី និងបានបញ្ជាក់ពីការរួមចំណែកអភិវឌ្ឍវិទ្យាស្ថាន NIB ឱ្យមាននិរន្តរភាព។ ក្នុងន័យនេះ លោកស្រីបានប្តេជ្ញាចែករំលែកបទពិសោធ និងឯកសារល្អៗ ព្រមទាំងជំរុញឱ្យវិទ្យាស្ថាន និងក្រុមហ៊ុនបន្តពិភាក្សានិងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីពង្រឹងសមត្ថភាព និងធានានិរន្តរភាពរបស់វិទ្យាស្ថាន NIB ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕
#MLVT #HENGSour
English