(ភ្នំពេញ)៖ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "ការអនុវត្តជាក់ស្តែងលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)" ជូនថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងគោលបំណងពង្រឹងសមត្ថភាពអនុវត្តជាក់ស្តែង និងភាពជាអ្នកដឹកនាំក្នុងយុគសម័យឌីជីថល ដោយប្រើប្រាស់ AI ជាឧបករណ៍ជំនួយក្នុងការបំពេញការងារ ការធ្វើទំនើបកម្មអភិបាលកិច្ច និងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការរបស់សាធារណជន ជាពិសេសបងប្អូនកម្មករនិយោជិត និងនិយោជក។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យា AI កំពុងក្លាយជាផ្នែកសំខាន់មួយនៃការធ្វើបរិវត្តកម្មឌីជីថល ដែលអាចជួយពង្រឹងប្រសិទ្ធភាពការងារ ការវិភាគព័ត៌មាន និងការគ្រប់គ្រងការងាររដ្ឋបាល ព្រមទាំងគាំទ្រដល់ការកែលម្អការផ្តល់សេវាសាធារណៈ។ ដូច្នេះ ការបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ក្នុងការបង្កើនការយល់ដឹងជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំអំពីនិន្នាការ និងផលប៉ះពាល់របស់ AI លើទីផ្សារការងារ ការគ្រប់គ្រងក្រមសីលធម៌ សុវត្ថិភាពទិន្នន័យ ការគ្រប់គ្រងហានិភ័យ និងការកសាងវប្បធម៌នវានុវត្តន៍ ស្របតាមទិសដៅនៃការកសាងរដ្ឋាភិបាល និងសេដ្ឋកិច្ចសង្គមឌីជីថល។
ជាមួយគ្នានេះ ឯកឧត្តមបានរំឭកឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការប្រុងប្រយ័ត្នចំពោះហានិភ័យដែលអាចកើតមានពីការប្រើប្រាស់ AI រួមមាន ការលេចធ្លាយព័ត៌មានសម្ងាត់ ការបង្កើតព័ត៌មានមិនត្រឹមត្រូវ ភាពលម្អៀងនៃទិន្នន័យ ការពឹងផ្អែកលើប្រព័ន្ធ AI ខ្លាំងពេក ដែលអាចប៉ះពាល់ដល់ភាពច្នៃប្រឌិត និងសមត្ថភាពរបស់មន្ត្រី ព្រមទាំងបញ្ហាគតិយុត្ត និងកម្មសិទ្ធិបញ្ញា។ ក្នុងន័យនេះ ការប្រើប្រាស់ AI ត្រូវភ្ជាប់ជាមួយការត្រួតពិនិត្យ ការវិនិច្ឆ័យរបស់មនុស្ស ការការពារទិន្នន័យ និងការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបាននូវការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។
ទន្ទឹមនេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះលោកគ្រូឧទ្ទេស និងក្រុមបច្ចេកទេសនៃក្រុមការងារដឹកនាំ និងជំរុញបរិវត្តកម្មឌីជីថល ដែលបានចែករំលែកចំណេះដឹង និងការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងការប្រើប្រាស់ AI។ ឯកឧត្តមក៏បានស្នើសុំឱ្យសិក្ខាកាមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការបន្តពង្រឹងចំណេះដឹងលើបច្ចេកវិទ្យាឌីជីថល យកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ និងចែករំលែកបន្តដល់មន្ត្រីក្រោមឱវាទ ព្រមទាំងជំរុញការបង្កើតវប្បធម៌នវានុវត្តន៍ និងស្វែងរកលទ្ធភាពប្រើប្រាស់ AI ឱ្យបានសមស្រប និងមានប្រសិទ្ធភាព។
ការបង្កើនសមត្ថភាពប្រើប្រាស់ AI របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាផ្នែកមួយនៃការត្រៀមខ្លួនឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងទីផ្សារការងារ សំដៅធ្វើឱ្យការងាររដ្ឋបាលកាន់តែមានប្រសិទ្ធភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ កម្មករនិយោជិត និងនិយោជកមានភាពងាយស្រួល ទាន់ពេលវេលា និងឆ្លើយតបបានកាន់តែប្រសើរ ស្របតាមដំណើរនៃបរិវត្តកម្មឌីជីថលរបស់កម្ពុជា៕
#MLVT #HENGSour
English