(ភ្នំពេញ)៖ ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "ការបង្ការ និងការដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ" នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ការបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងពីច្បាប់ស្តីពីការងារ សិទ្ធិ និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ ព្រមទាំងយន្តការដោះស្រាយបណ្តឹងតវ៉ា កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាសង្គមនៅកម្រិតសហគ្រាស ដើម្បីកាត់បន្ថយវិវាទ និងលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងការងារ។
ថ្លែងក្នុងពិធីបើក ឯកឧត្តមអនុរដ្ឋលេខាធិការ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល ដែលរៀបចំឡើងក្រោមក្របខ័ណ្ឌគម្រោងភាពជាដៃគូនៃអង្គការអន្តរជាតិខាងការងារ និងសាធារណរដ្ឋកូរ៉េ (ILO-Korea) សម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ព្រមទាំងថ្នាក់ដឹកនាំសហជីពមូលដ្ឋាន នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ គឺស្របតាមទិសដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។
ឯកឧត្តមគូសបញ្ជាក់ថា បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ព្រមទាំងថ្នាក់ដឹកនាំសហជីពគឺជាបុគ្គលដ៏សំខាន់ក្នុងការចូលរួម និងដោះស្រាយក្នុងកិច្ចការងារនេះដោយផ្ទាល់ នៅក្នុងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។ ហេតុនេះ ការកសាងសមត្ថភាពរបស់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល ក៏ដូចជាថ្នាក់ដឹកនាំសហជីព ក្នុងការបង្ការ និងទប់ស្កាត់វិវាទការងារនៅថ្នាក់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ គឺជាកត្តាចាំបាច់សម្រាប់ជំរុញបរិយាកាសការងារឱ្យកាន់តែល្អប្រសើរឡើង លើកកម្ពស់ផលិតភាព និងធានាស្ថិរភាពសង្គមកាន់តែប្រសើរ ជាពិសេសលើកកម្ពស់ការងារសមរម្យ និងសុខដុមនីយកម្មនៅកម្ពុជា។
ទន្ទឹមនេះ លោក Shin Hochul ប្រធានប្រឹក្សាបច្ចេកទេសនៃគម្រោងភាពជាដៃគូ ILO-Korea បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពរបស់ភាគីនិយោជក កម្មករនិយោជិត និងសហជីព ដើម្បីចូលរួមក្នុងកិច្ចសន្ទនាសង្គមក្នុងន័យស្ថាបនាសម្រាប់ផលប្រយោជន៍រួម ដោយលោកសង្កត់ធ្ងន់ថា ការងារអាទិភាព គឺគួរតែផ្តោតលើការជំរុញដំណោះស្រាយប្រកបដោយមិត្តភាពតាមរយៈយន្តការការចរចា ការផ្សះផ្សា និងការសម្របសម្រួល ជាជាងការបណ្តែតបណ្តោយឱ្យវិវាទឈានដល់ការប្រឈមមុខដាក់គ្នា ឬអូសបន្លាយរយៈពេលយូរ៕
#MLVT #HENGSour
English