Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពេញមួយសប្តាហ៍របស់ប្រតិភូបេសកកម្មដោយផ្ទាល់របស់អង្គការILO នឹងពិនិត្យឃើញយ៉ាងច្បាស់ពីការវិវត្តវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

 Friday, 01 April 2022 12:44  |  7494 times  |   Print  |   Email
  • Image Gallery
ពេញមួយសប្តាហ៍របស់ប្រតិភូបេសកកម្មដោយផ្ទាល់របស់អង្គការILO នឹងពិនិត្យឃើញយ៉ាងច្បាស់ពីការវិវត្តវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

(ភ្នំពេញ)៖ ពេញមួយសប្តាហ៍នេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលបេសកកម្មដោយផ្ទាល់របស់អង្គការអន្តរជាតិខាងការងារ ដែលដឹកនាំដោយលោក Takanobu Teramoto និងសហការីបានមកបំពេញបេសកកម្មនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ ក្រៅពីជួបពិភាក្សាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈប្រតិភូក៏បានជួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការវិជ្ជាជីវៈ និងដៃគូសង្គមផ្សេងទៀត ដើម្បីស្វែងយល់ពីស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់ប្រតិភូបេសកកម្មដោយផ្ទាល់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកពិនិត្យមើលពីការអនុវត្តសិទ្ធិ និងសេរីភាពអង្គការវិជ្ជាជីវៈនៅប្រទេសកម្ពុជាដោយផ្ទាល់។ ឯកឧត្តមជឿជាក់ថា តាមរយៈកិច្ចប្រជុំដ៏មមាញឹកពេញមួយសប្តាហ៍ជាមួយភាគី និងស្ថាប័នពាក់ព័ន្ធកន្លងទៅ បេសកកម្មបានពិនិត្យឃើញយ៉ាងច្បាស់អំពីស្ថានភាពពិតនៃការវិវត្តវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។

 

នៅក្នុងកិច្ចប្រជុំត្រីភាគី ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ តំណាងសហជីព និងតំណាងនិយោជក ជាមួយប្រតិភូបេសកកម្មដោយផ្ទាល់ ធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួង គណៈប្រតិភូបេសកកម្មផ្ទាល់របស់អង្គការអន្តរជាតិខាងការងារ បានសំដែងនូវអំណរគុណ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលផ្តល់កិច្ចសហការយ៉ាងពេញលេញ ក្នុងការបំពេញបេសកកម្មនៅកម្ពុជាដំណើរទៅដោយរលូន ហើយបានសម្រេចទៅតាមគោលបំណងនៃបេសកកម្មរបស់ខ្លួន។ 

 

គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើអោយប្រសើរឡើងនូវ សិទ្ធការងារ និងសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ បើទោះជានៅមានបញ្ហាសេសសល់ក៏ដោយ បន្ទាប់ពីបានជួបធ្វើការជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសហជីព តំណាងនិយោជក និងដៃគូសង្គមនានាដែលធ្វើការពាក់ព័ន្ធនិងសិទ្ធការងារ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរទាំងឡាយ ដើម្បីយកមកធ្វើសេចក្តីសន្និដ្ឋាន សម្រាប់ផ្តល់ជាអនុសាសន៍ដល់គ្រប់ភាគីយកទៅអនុវត្តន៍អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការធានាបាននូវសិទ្ធិការងារ និងសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ដូចដែលមានចែងក្នុងច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារ ជាពិសេសអនុសញ្ញាលេខ ៨៧ និង៩៨ ដែលរាជរដ្ឋាភិបាលកម្ពុជាពិតជាមានការប្តេជ្ញាខ្ពស់ណាស់ ក្នុងការខិតខំអនុវត្តស្របតាមអនុសញ្ញាអង្គការអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន តាមរយៈការខិតខំពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ គោលនយោបាយទេសន្តរប្រវេសន៍ការងារ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ដែលរហូតមកដល់ពេលនេះ ៥ដំណាក់កាលហើយ។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង លើកឡើងថា ដោយសារតែកម្ពុជាបានអនុវត្តបានយ៉ាងល្អនូវ នយោបាយពាណិជ្ជកម្មអន្តរជាតិផ្សាភ្ជាប់និងបទដ្ឋានការងារអន្តរជាតិ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយអង្គការអន្តរជាតិខាងការងារដែលធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ ធានានូវការការពារសិទ្ធិការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ បានជាវិស័យកាត់ដេរ ផលិតស្បែកជើង និងការបូប បានរីកចំរើនយ៉ាងខ្លាំង និងដើរតួរជាចន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០។ ជាក់ស្តែង វិស័យនេះបានចាប់ផ្តើមជាមួយនឹងរោងចក្រចំនួន ៦៤ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨ម៉ឺននាក់នៅក្នុងឆ្នាំ១៩៩៧ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងជាង១២០០រោងចក្រ ដែលមានកម្មករនិយោជិតប្រមាណ៨០ម៉ឺននាក់។ តម្លៃនៃការនាំចេញនៅក្នុងវិស័យនេះបានកើនឡើងពី ២២៧ លានដុល្លារអាម៉េរិក ដល់ ៩ ៧៦៨ លានដុល្លារអាម៉េរិក ក្នុងរយៈពេលដូចគ្នា។ គិតត្រឹមខែមករា ឆ្នាំ២០២២នេះ មានអង្គការវិជ្ជាជីវៈបានចុះបញ្ជីចំនួន ៥ ៧៧៣ ក្នុងនោះមានសហជីពមូលដ្ឋានចំនួន ៥ ៤៦៤, សហព័ន្ធសហជីពចំនួន ២៥៧, សហភាពសហជីពចំនួន ៤០, និងសមាគមនិយោជកចំនួន ១២។ ដោយឡែកនៅក្នុងឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាសហជីពថ្មីចំនួន ២៦២។

 

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការអនុវត្តសេរីភាពសមាគមនៅព្រះរាជាណាចក្រកម្ពុជាអាចធ្វើឡើងបាន តាមរយៈច្បាប់ស្តីពីសហជីព និងច្បាប់ផ្សេងទៀតដែលមានដូចជា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO)។ ហេតុនេះ ប្រទេសកម្ពុជាមិនត្រឹមតែមានប្រព័ន្ធច្បាប់ដែលធានាយ៉ាងទូលំទូលាយនូវការអនុវត្តសេរីភាពក្នុងការបង្កើតសមាគមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជម្រើសជាក់ស្តែងសម្រាប់ការអនុវត្តសេរីភាពនៃសមាគមផងដែរ។ ប្រទេសកម្ពុជាមិនហាមឃាត់ ឬរឹតត្បិតសេរីភាពរបស់ជនណាម្នាក់ក្នុងការចូលរួមសហជីពណាមួយ ដោយផ្អែកលើឆន្ទៈរបស់ពួកគេឡើយ។ សេរីភាពជាមូលដ្ឋាន ក៏ដូចជាសេរីភាពក្នុងការចូលរួម ឬបង្កើតសហជីពដែលមានចែងក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ត្រូវបានទទួលស្គាល់ និងធានាក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

Image Gallery

Click to enlarge image IMG_20220401_124145_523.jpg
Click to enlarge image IMG_20220401_124153_983.jpg
Click to enlarge image IMG_20220401_124205_540.jpg
Click to enlarge image IMG_20220401_124215_220.jpg
Click to enlarge image IMG_20220401_124229_036.jpg
Click to enlarge image IMG_20220401_124234_800.jpg
Click to enlarge image IMG_20220401_124240_567.jpg
Click to enlarge image IMG_20220401_124242_951.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/15-%E1%9E%91%E1%9F%86%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%91%E1%9F%86%E1%9E%93%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/1843.html#sigProId1794172f2b

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.