Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រដ្ឋមន្ត្រីក្រសួងការងារ និងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ពិភាក្សាការងារពាក់ព័ន្ធវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

 Monday, 05 June 2023 14:26  |  2156 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ និងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ពិភាក្សាការងារពាក់ព័ន្ធវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តម ចាស្ទីន ខេវីន វ្យ៉ាត់ (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា ភាគីទាំងពីរបានពិភាក្សាលើចំណុចមួយចំនួនពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កិច្ចពិភាក្សានេះធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ 

នៅក្នុងជំនួបនេះដែរ ឯកឧត្តមបណ្ឌិត អុិត សំហេង បានរំលឹកឡើងវិញនូវទំនាក់ទំនងការទូតល្អជាយូរមកហើយរវាងកម្ពុជា-អូស្រ្តាលី ដោយបានប្រារព្ធខួបអនុស្សាវរីយ៍៧០ឆ្នាំ កាលពីឆ្នាំមុន ពិតជាបានធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារដ្ឋាភិបាលកម្ពុជា-អូស្រ្តាលី មានភាពស្និទស្នាល បង្កើនចំណងទាក់ទងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ 

 

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់នូវជំនួយជាថវិកា និងបច្ចេកទេសដល់កម្ពុជា តាមរយៈគម្រោង ILO-Triangle, ASEAN-ACT, គម្រោងទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅកម្ពុជា, ការផ្តល់ជំនួយបច្ចេកទេសក្នុងការដំណើរការដោះស្រាយវិវាទការងាររួមពី Fair Work Commission, និងការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ជាដើម។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានលើកឡើងថា ឯកឧត្តមធ្លាប់មកបំពេញបេសកកម្មនៅប្រទេសកម្ពុជាម្ដងរួចមកហើយកាលពីឆ្នាំ២០០០ ហើយនៅឆ្នាំ២០២៣នេះ ឯកឧត្តមក៏ទទួលបានបេសកកម្មជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជានេះម្ដងទៀត។ ឯកឧត្តមមានការភ្ញាក់ផ្អើល និងពិតជាកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងរយៈពេលដ៏ខ្លី ពិសេសលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បន្តការអភិវឌ្ឍគួរឱ្យកត់សម្គាល់ផងដែរ។

 

ឯកឧត្តមរដ្ឋមន្ត្រី អុិត សំហេង បានថ្លែងទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីថា ដោយសាររាជរដ្ឋាភិបាលកម្ពុជាបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ទើបជំរុញឱ្យមានការអភិវឌ្ឍឈានឡើង ក្នុងនោះវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងសំខាន់។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួង/ស្ថាប័នជាសេនាធិការផ្សេងទៀត រួមសហការរៀបចំគោលនយោបាយជាតិបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានចំនួនសរុប្រមាណ១.៥លាននាក់ ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា «ប្រសិនបើការងារនេះជោគជ័យទៅបាន នឹងជួយកាត់បន្ថយគម្លាតរវាងកម្លាំងពលកម្មដែលមានជំនាញ ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ព្រមទាំងជួយលើកកម្ពស់ជីវភាពរបស់យុវជនក្រីក្រទាំងនោះឱ្យកាន់តែប្រសើរជាងមុន»។

 

ភាគីទាំងពីរក៏បានលើកឡើងពីការផ្ដល់អាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលីដល់និស្សិតកម្ពុជា ខណៈឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីលើការជួយផ្តល់អាហារូបករណ៍នេះដល់យុវជនកម្ពុជាផងដែរ។

ទន្ទឹមនេះ ភាគីទាំងពីរបានពិភាក្សាលើការបង្កើតតុលាការការងារ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងលើការដោះស្រាយទំនាស់ ឬការមិនចុះសម្រុងគ្នារវាងនិយោជក និងកម្មករនិយោជិត។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ចំពោះការដោះស្រាយបញ្ហារបស់និយោជក និងកម្មករនិយោជិត កម្ពុជាបានបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្ដាលមួយ ហៅកាត់ថា AC រួចមកហើយ ដើម្បីសម្រួលការដោះស្រាយទំនាស់វិវាទក្រៅប្រព័ន្ធតុលការ ហើយរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ច្បាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរួចមកហើយដែរ។ តែទោះជាយ៉ាងណា ការរៀបចំបង្កើតតុលាការការងារនៅតែមានការយកចិត្តទុកដាក់ និងឈានទៅការបង្កើតឱ្យបាននៅពេលខាងមុខ។

 

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការកាត់បន្ថយ និងឈានទៅដល់ការហាមប្រាម ឬលុបបំបាត់នូវការប្រើប្រាស់សារធាតុអាបេស្តូសនៅកម្ពុជា។ ឯកឧត្តម ចាស្ទីន ខេវិន បានលើកឡើងថា នៅប្រទេសអូស្ត្រាលី សារធាតុអាបេស្តូសនេះគឺបង្កមហន្តរាយច្រើនណាស់ដល់កម្មករនិយោជិត ហើយនៅតែមានជនរងគ្រោះជាច្រើនទៀតដែលប៉ះពាល់សុខភាពដោយសារសារធាតុអាបេស្តូស។ ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបញ្ជាក់ថា ក្រសួងការងារបាននិងកំពុងខិតខំធ្វើកិច្ចការនេះ ដើម្បីឈានដល់ការហាមប្រាមការប្រើប្រាស់សារធាតុអាបេស្តូសនៅត្រឹមឆ្នាំ២០២៥។ នៅចំពោះមុខ កម្ពុជាកំពុងបញ្ជ្រាបការយលដឹងឱ្យបានច្រើននៅតាមក្រសួង ស្ថាប័ន អង្គការដៃគូ សហគ្រាស សហគមន៍កម្មករនិយោជិតជាដើម។

 

ទន្ទឹមនិងនេះ ភាគីកម្ពុជា និងភាគីអូស្ត្រាលីក៏បានឯកភាពលើកិច្ចសហការទប់ស្កាត់ការបោកប្រាស់ទាក់ទាញពលករពីកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីផ្នែកកសិកម្ម និងនេសាទ។

គួររំលឹកថា កន្លងមកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានចេញសេចក្ដីជូនដំណឹងរួចហើយ អំពាវនាវសូមឱ្យ ប្រជាពលរដ្ឋប្រុងប្រយ័ត្នអំពើឆបោកដែលជនទុច្ចរិតដែលធានាផ្តល់ឱកាសការងារនៅប្រទេសអូស្រ្តាលី ដោយឱ្យប្រជាពលរដ្ឋបង់ប្រាក់ជាមុន  ដែលរហូតមកដល់ពេលនេះ កម្ពុជានិងអូស្រ្តាលីមិនទាន់មានកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅឡើយទេ។ ឯកឧត្តមរដ្ឋមន្ត្រីបានក្រើនរំលឹកនិងអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋកម្ពុជាសូមកុំចាញ់បោកពួកមេខ្យល់ទាំងនោះ ហើយសូមចូលរួមសហការផ្តល់ព័ត៌មានដល់ក្រសួងបើសិនមានភ្នាក់ងារជ្រើសរើសណាមួយធ្វើការជ្រើសរើសនិងបញ្ជូនពលករធ្វើការនៅប្រទេសអូស្ត្រាលី៕

Image Gallery

Click to enlarge image IMG_20230605_142408_568.jpg
Click to enlarge image IMG_20230605_142411_236.jpg
Click to enlarge image IMG_20230605_142418_772.jpg
Click to enlarge image IMG_20230605_142422_764.jpg
Click to enlarge image IMG_20230605_142431_752.jpg
Click to enlarge image IMG_20230605_142434_020.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2183.html#sigProId7e76af7cd0

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.