ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

កម្ពុជា និងអ៊ីស្រាអែល បន្តជួបពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារដើម្បីផ្តល់ឱកាសថ្មីបន្ថែមដល់ពលរដ្ឋក្នុងការពង្រីកសមត្ថភាពជំនាញ

 ពុធ, 27 មីនា 2024 14:27  |    Written by MLVT  |  241 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយនឹងលោក Eli Eliyahu Sneh (អែលី អែលីយ៉ាហ៊ូ ស្នេស) អគ្គទីប្រឹក្សានៃស្ថានទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃ នៅទីស្តីការក្រសួង។ ជំនួបនេះ បានផ្តោតលើការបន្តកិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា និងអ៊ីស្រាអែល។ 

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចពិភាក្សាដែលក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរ បានសម្រេចកន្លងមកដើម្បីឈានដល់កិច្ចសហប្រតិបត្តិការមួយដែលនឹងផ្តល់ប្រយោជន៍ទៅកាន់ប្រជាជាតិទាំងពីរតាមរយៈការពង្រឹងសមត្ថភាពជំនាញបច្ចេកទេស ពង្រីកសមត្ថភាពបទពិសោធន៍ការងារនៅទីតាំងជាក់ស្តែង ក៏ដូចជាការបង្កើនកម្រិតជីវភាព។ 

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានក្រសួងជាសេនាធិការក្នុងការបន្តជំរុញកំណែទម្រង់មុតស្រួចដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានផលភាគកាន់តែច្រើនបន្ថែមទៀតប្រកបដោយតម្លាភាពដែលហូរចេញពីកិច្ចសហការនេះ។ 

 

ត្រង់ចំណុចនេះ លោក អែលី អែលីយ៉ាហ៊ូ ស្នេស ក៏បានឯកភាពដែរថា មានតែការខិតខំប្រឹងប្រែងឱ្យកិច្ចសហការនេះជោគជ័យនិងរលូននោះទេ ទើបអាចឱ្យពលរដ្ឋទាំងសងខាងទទួលបានអត្ថប្រយោជន៍ជាអតិបរមាដែលនឹងជួយពូនជ្រុំបន្ថែមដល់កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រទេសជាមិត្ត។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបសមភាគីអំពីបទពិសោធន៍របស់កម្ពុជាដែលធ្លាប់សហការជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗទៀតលើវិស័យការងារនេះ ហើយពលរដ្ឋកម្ពុជាក៏កំពុងបន្តទទួលបានផលផ្លែផ្កាទាំងលើសមត្ថភាពជំនាញ និងកម្រិតជីវភាព។

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសរវាងប្រទេសទាំងពីរ បន្តពិភាក្សាលើចំណុចគោលៗបន្ថែមដើម្បីធ្វើឱ្យពលរដ្ឋកម្ពុជា និងអ៊ីស្រាអែលអាចទទួលផលភាគជាអតិបរមាចេញពីកិច្ចសហការនេះ៕

 

#MLVT #HENGSour


ឯកសារផ្លូវការ