(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក គីម មីនសួ (Kim Minso) នាយករដ្ឋបាលខេត្តឈុងឆុងណាមដូ (Chungcheongnam-do) នៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្តូរយោបល់អំពីការបង្កើតកិច្ចសហប្រតិបត្តិការបញ្ជូនពលកររដូវកាលកម្ពុជាទៅធ្វើការនៅខេត្តឈុងឆុងណាមដូ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់រដ្ឋបាលខេត្តឈុងឆុងណាមដូ ជួយផ្ដោតយកចិត្តទុកដាក់ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅទីនោះ ជាពិសេសជួយបណ្តុះបណ្តាលជំនាញកសិកម្មបែបទំនើបបន្ថែមទៀតដល់ពួកគេ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ប្រជាពលរដ្ឋដែលចេញទៅធ្វើការនៅក្រៅប្រទេស និងអតីតពលករដែលបានធ្វើមាតុភូមិនិវត្តន៍មកស្រុកកំណើតវិញផងដែរ។
ជាការឆ្លើយតប លោក គីម មីនសួ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានឯកភាពបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការបញ្ជូលពលកររដូវកាលកម្ពុជាទៅធ្វើការនៅខេត្តឈុងឆុងណាមដូ។ លោកបានគូសបញ្ជាក់ថា ខេត្តឈុងឆុងណាមដូ គឺជាខេត្តគំរូមួយរបស់សាធារណរដ្ឋកូរ៉េក្នុងការទទួលយកពលកររដូវកាលបរទេស ជាពិសេសក្នុងវិស័យកសិកម្ម។ លោក គីម ក៏បានចាត់ទុកជំនួបពិភាក្សាលើកដំបូងនេះថាជាចំណុចចាប់ផ្តើមដ៏សំខាន់ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានាពេលអនាគត៕

#MLVT #HENGSour
English