(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធលើជំនាញស្វែងរកបញ្ហា និងការឆ្លើយតបទៅលើការរកឃើញករណីអំពើហិង្សានិងការបៀតបៀនផ្អែកលើយេនឌ័រ ដែលមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពនៅទីស្តីការក្រសួង និងមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី ខេត្តទាំង២៥ និងក្រុមការងារនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកជំទាវរដ្ឋលេខាធិការប្រចាំការបានលើកឡើងថា សិក្ខាសាលានេះជាការបន្តចែករំលែកបទពិសោធលើជំនាញស្វែងរកបញ្ហា និងការឆ្លើយតបទៅលើការរកឃើញករណីអំពើហិង្សានិងការបៀតបៀនផ្អែកលើយេនឌ័រ។ បន្ទាប់ពីនេះ ក្រសួងនឹងបន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងការរៀបចំយុទ្ធនាការ១៦ថ្ងៃក្នុងឆ្នាំនេះ ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ឥរិយាបថល្អ និងទំនាក់ទំនងការងារល្អនៅកន្លែងធ្វើការ» និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៨ ទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលជាយុទ្ធនាការអន្តរជាតិប្រចាំឆ្នាំ ដើម្បីទប់ស្កាត់និងបញ្ឈប់អំពើហិង្សាផ្អែកលើយេនឌ័រលើស្ត្រីនិងក្មេងស្រី ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា (ទិវាអន្តរជាតិលុបបំបាត់អំពើហិង្សាលើស្ត្រី) រហូតដល់ថ្ងៃទី១០ ខែធ្នូ (ទិវាសិទ្ធិមនុស្សអន្តរជាតិ) ដើម្បីលើកកម្ពស់ការយល់ដឹងដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អ្នកគ្រប់គ្រង សហជីព បងប្អូនកម្មករនិយោជិត និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាកម្លាំងចលករក្នុងការបណ្តុះវប្បធម៌គោរពគ្នានៅគ្រប់រចនាសម្ព័ន្ធការងារ និងការប្រាស្រ័យទាក់ទងប្រកបដោយវិជ្ជាជីវៈ។
លោកជំទាវបានបញ្ជាក់ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ និងយន្តការជាបន្តបន្ទាប់ ដើម្បីធានាបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងសុខភាពការងារ សមធម៌ គ្មានការរើសអើង និងគ្មានហិង្សានៅកន្លែងការងារ តាមរយៈ៖ (១) យន្តការអធិការកិច្ចការងារ យន្តការបណ្ដឹងអនាមិក ប្រព័ន្ធទូរស័ព្ទបន្ទាន់ ១២៩៧ និងយន្តការដោះស្រាយវិវាទការងារ ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលកើតមាននៅកន្លែងការងារ (២) ការអនុវត្តគោលនយោបាយជាតិពាក់ព័ន្ធនឹងការបញ្ជ្រាបយេនឌ័រ គោលនយោបាយជាតិការងារនិងមុខរបរ ដែលលើកកម្ពស់ការងារសមរម្យ និងឱកាសការងារប្រកបដោយសមភាព (៣) យន្តការបណ្តុះបណ្តាលតាមរយៈវិទ្យាស្ថានជាតិការងារដល់ភាគីពាក់ព័ន្ធ ជាពិសេសអង្គការវិជ្ជាជីវៈ (សមាគមនិយោជក និងសហជីព/តំណាងកម្មកនិយោជិត)។ ជាមួយគ្នានេះ ក្រសួងក៏បានបន្តសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជា និងជំរុញភាពប្រកួតប្រជែងនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប (GFT) ព្រមទាំងគម្រោងផ្សេងៗទៀតជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក្នុងការបន្តអភិវឌ្ឍសមត្ថភាពមន្ត្រី និងភាគីពាក់ព័ន្ធ ក៏ដូចជាការផ្សព្វផ្សាយចំណេះដឹង និងការរៀបចំឯកសារណែនាំនានា សំដៅទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សានិងការបៀតបៀននៅកន្លែងការងារ។
លោកជំទាវបានសង្កត់ធ្ងន់ថា ការទប់ស្កាត់អំពើហិង្សា និងការបៀតបៀន មិនមែនជាកាតព្វកិច្ចរបស់ភាគីណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់និយោជក កម្មករនិយោជិត សមាគមនិយោជក អង្គការវិជ្ជាជីវៈ ក៏ដូចជាស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ផងដែរ។ ការបង្កើតវប្បធម៌ការងារដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ការមិនរើសអើង ការស្តាប់ និងការឆ្លើយតបប្រកបដោយយុត្តិធម៌ គឺជាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងលើកកម្ពស់ទំនាក់ទំនងការងារប្រកបដោយសុខដុមរមនា។ ម្យ៉ាងវិញទៀត ការលើកកម្ពស់បរិយាកាសការងារដែលមានសុវត្ថិភាព គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងគ្មានអំពើហិង្សា ឬការបៀតបៀន គឺជាមូលដ្ឋានសំខាន់សម្រាប់ការងារសមរម្យ ការបង្កើនផលិតភាព និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
នាឱកាសនោះ លោកស្រី Froukje Boele ប្រធានគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) បានលើកឡើងពីសារៈសំខាន់នៃការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រនៅកន្លែងការងារ។ ប្រធានគម្រោង ILO-BFC រូបនេះក៏បានប្តេជ្ញាចិត្តបន្តសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់សិទ្ធិការងារ និងរួមចំណែកកសាងកន្លែងការងារដែលមានសុវត្ថិភាព គ្មានអំពើហិង្សានិងការបៀតបៀនសម្រាប់កម្មករនិយោជិតទាំងអស់៕
#MLVT #HENGSour
English