(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយក ទីប្រឹក្សាក្រសួងការងារ ថ្នាក់ដឹកនាំ និងតំណាងអន្តរក្រសួង ក្នុងគោលបំណងពិនិត្យ ពិភាក្សា ប្រមូលធាតុចូល លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥។
កិច្ចប្រជុំនេះទទួលបានធាតុចូល និងការគាំទ្របន្ថែមទៀតពីថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាសង្គតិភាព ភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានជាក់ស្តែង និងភាពប្រទាក់ក្រឡាជាមួយយុទ្ធសាស្ត្រ គោលនយោបាយ និងផែនការសកម្មភាពជាតិពាក់ព័ន្ធ មុនដាក់ស្នើគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ និងសម្រេច ដើម្បីបន្តដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តដាក់ឱ្យប្រើប្រាស់ នាពេលអនាគត។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីភាពចាំបាច់នៃការរៀបចំគោលនយោបាយនេះសម្រាប់រយៈពេល ១០ឆ្នាំទៅមុខ គឺការបន្តពង្រឹងសមិទ្ធផលនៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥, ការគាំទ្រទិសដៅអភិវឌ្ឍន៍ជាតិ ស្របតាមអាទិភាពគន្លឹះទី១ "មនុស្ស" និងគោលដៅ "ការងារ" នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០, ការត្រៀមខ្លួនសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC), ការឆ្លើយតបនឹងបរិវត្តកម្មនៃពិភពការងារ ជាពិសេសបញ្ញាសិប្បនិម្មិត (AI) បរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចបៃតង និងការដោះស្រាយបញ្ហាប្រឈមនានាក្នុងទីផ្សារការងារ។ គោលនយោបាយនេះ មានចក្ខុវិស័យ កសាង និងអភិវឌ្ឍទីផ្សារការងារកម្ពុជា ដែលមានភាពធន់ ភាពប្រកួតប្រជែង និងបរិយាបន្ន ដោយធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានមុខរបរដែលមានប្រាក់ចំណូលខ្ពស់ជាងមុន និងមានការងារកាន់តែសមរម្យ។
ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានខិតខំបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់នៃសេចក្តីព្រាងគោលនយោបាយនេះ ដែលរួមទាំងការប្រជុំ និងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាច្រើនដង ដោយមានការចូលរួមទាំងកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អន្តរជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ភាគីនិយោជក និងសហជីព។
អង្គប្រជុំបានកោតសរសើរចំពោះការរៀបចំ និងវឌ្ឍភាពនៃគោលនយោបាយជាតិនេះ ព្រមទាំងបានពិភាក្សា និងផ្តល់ធាតុចូលយ៉ាងផុសផុលលើសេចក្តីព្រាងគោលនយោបាយនេះ ហើយតាមរយៈធាតុចូលទាំងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ក្រុមការងារធ្វើបច្ចុប្បន្នភាពលើសេចក្តីព្រាងគោលនយោបាយជាតិនេះ ដើម្បីរៀបចំដាក់ស្នើគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងផ្តល់យោបល់បន្ថែមទៅតាមផែនការកំណត់៕


#MLVT #HENGSour
English