(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្ត្រីស្ដីទី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសមិទ្ធផលគម្រោង “សមភាពសម្រាប់ទាំងអស់គ្នា (FAIR 4 ALL-F4A) ឆ្នាំ២០២១-២០២៥” រៀបចំដោយអង្គការអុកស្វាមប្រចាំកម្ពុជា រួមជាមួយអង្គការដៃគូ ដែលមានអ្នកចូលរួមប្រមាណ ១៣០នាក់ មកពីក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន កសិករកៅស៊ូខ្នាតតូច កម្មករក្នុងវិស័យកសិកម្ម និងអង្គការជាតិ-អន្តរជាតិ នៅសណ្ឋាគារ សាន់ អេន ម៉ូន រាជធានីភ្នំពេញ។
ពិធីនេះ មានគោលបំណងតាំងបង្ហាញពីលទ្ធផលនានា ដែលកើតចេញពីការចូលរួមចំណែករបស់គម្រោង លើការផ្លាស់ប្ដូរគោលនយោបាយ ការអនុវត្តរបស់ស្ថាប័នសាធារណៈ និងវិស័យឯកជន ក៏ដូចជាការប្រសើរឡើងរបស់កម្មករនិយោជិតក្នុងវិស័យ និងសហគមន៍មូលដ្ឋាន។
លោកជំទាវរដ្ឋមន្ត្រីស្ដីទី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះអង្គការអុកស្វាមប្រចាំកម្ពុជា រួមទាំងដៃគូពាក់ព័ន្ធ ដែលបានអនុវត្តតួនាទីភារកិច្ចយ៉ាងសកម្ម ក្នុងការធ្វើឱ្យសម្រេចបាននូវលទ្ធផលជាផ្លែផ្កា ចំពោះគម្រោងសមភាពសម្រាប់ទាំងអស់គ្នា រយៈពេល ៥ឆ្នាំ កន្លងមកនេះ។
លោកជំទាវរដ្ឋមន្ត្រីស្ដីទី បានបន្តថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាផ្នែកមួយនៃការអនុវត្តគម្រោងនេះ ក៏បានចូលរួមអនុវត្តជាពិសេសនៅក្នុងឆ្នាំ២០២៥ ដោយក្រសួងបានចាប់ផ្ដើមធ្វើការយ៉ាងជិតស្និទ្ធជាមួយគម្រោងនេះ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ នៅក្នុងការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម ជាពិសេសតាមរយៈរបបសន្តិសុខសង្គម និងសង្ឃឹមថា តាមរយៈគម្រោងសមភាពសម្រាប់ទាំងអស់គ្នានេះ គឺអាចផ្ដល់នូវអត្ថប្រយោជន៍ជូនទៅដល់ភាគីពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តខ្សែច្រវ៉ាក់ផ្គត់ផ្គង់ជាសកលមួយនេះ។
លោកជំទាវរដ្ឋមន្ត្រីស្ដីទី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្ដេជ្ញាលើកកម្ពស់លក្ខខណ្ឌការងារ និងសិទ្ធិការងាររបស់កម្មករនិយោជិត ទោះបីជាពួកគាត់ស្ថិតនៅក្នុងវិស័យការងារក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ក៏ដោយ។
សូមជម្រាបថា FAIR 4 ALL គឺជាគម្រោងកម្រិតសកល ដែលបានផ្ដួចផ្ដើមឡើងក្នុងខែមករា ឆ្នាំ២០២១ និងបញ្ចប់ត្រឹមខែធ្នូ ឆ្នាំ២០២៥ ហើយបាននិងកំពុងដំណើរការនៅ ១៣ប្រទេស។ ក្នុងប្រទេសកម្ពុជា គម្រោងនេះ បាននិងកំពុងអនុវត្តនៅក្នុងខេត្តចំនួន ៦ គឺខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងខេត្តរតនគិរី។ គោលដៅយុទ្ធសាស្រ្ដរបស់គម្រោងនេះ នៅក្នុងប្រទេសកម្ពុជា គឺគាំទ្រអង្គការដៃគូ ដើម្បីអាចលើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព សម្រាប់ដំណាំចេក និងកៅស៊ូ ដែលប្រកបដោយបរិយាប័ន្ន និងយុត្តិធម៌ សម្រាប់កសិករខ្នាតតូច និងកម្មករក្នុងវិស័យកសិកម្ម ជាពិសេសស្រ្ដី ដោយរួមបញ្ចូលការគាំពារសិទ្ធិមនុស្ស និងការពារបរិស្ថាន៕
#MLVT #HENGSour
English