រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០១ ឧសភាឆ្នាំ២០១៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ បានរៀបចំពិធីមិន្ទីញថ្នាក់ជាតិក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងសហជីព តំណាងនិយោជក តំណាងកម្មករកម្មការិនី តាមរោងចក្រ សហគ្រាស គ្រឹះស្ថានសិក្សា សមាគមបុគ្គលិកសិក្សា និងមន្ត្រីរាជការសរុបទាំងអស់ចំនួន២០០០នាក់។ព្រមជាមួយនោះ ក្រសួងស្ថាប័នពាក់ព័ន្ធ រាជធានី ខេត្ត រោងចក្រ សហគ្រាសនានា បានរៀបចំកម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិត កម្មវិធីកំសាន្ដសប្បាយ ពិធីជប់លៀងរាំកំសាន្ដ រៀបចំដំណើរទេសចរណ៍ រៀបចំឱ្យកម្មករកម្មការិនីសម្រាកលំហែ។ល។ សកម្មភាពនេះស្របនឹងនិន្នការរួមនៃចលនាកម្មករអន្តរជាតិ ដែលបានប្រារព្ធឡើងនៅប្រទេសជាច្រើនលើពិភពលោក ហើយបានទទួលការគាំទ្រពីកម្មករនិយោជិត និយោជក និងសាធារណជនជាច្រើនកុះករ ដែលនាំមកនូវបរិយាកាសសាមគ្គីភាព ភាតរភាពក្នុងសង្គម ។ ប៉ុន្តែព្រមជាមួយនោះ ក៏មានមជ្ឈដ្ឋានមួយចំនួនឆ្លៀតយកទិវានេះបំផុសកម្មករ និយោជិតធ្វើបាតុកម្ម ដើរហែក្បួនទាមទារបញ្ហាផ្សេងៗ ដើម្បីធ្វើប្រជាភិថុតដណ្តើមប្រជាប្រិយភាពសម្រាប់បុគ្គល និងក្រុមរបស់ពួកគេ ។ ឆ្នាំនេះ យើងប្រារឰខួបលើកទី១២៨ ទិវាពលកម្ម អន្ដរជាតិ ១ ឧសភា ស្របពេលដែលសភាពការណ៍ប្រទេសជាតិយើងកំពុងបន្ដរីកចម្រើនលើគ្រប់វិស័យ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តទទួលបានជោគជ័យធំធេងក្នុងការ អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដោយ រក្សាបានយ៉ាងរឹងមាំស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាគន្លឹះ ។ កន្លងទៅនេះ កម្ពុជាបានជំនះបញ្ហាលំបាកមួយ ចំនួនដូចជា ផលប៉ះពាល់នៃវិបត្ដិហិរញ្ញវត្ថុពិភពលោក ការបម្រែបម្រួលអាកាសធាតុ ការលេចចេញជំងឺកាចសាហាវថ្មីៗ ដោយរក្សាបានកំណើនសេដ្ឋកិច្ចឆ្នាំ២០១៣ បានចំនួន៧,៦% ។ វិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ ទេសចរណ៍ សំណង់ និងវិស័យវិនិយោគសាធារណៈផ្សេងៗទៀត បានបន្ដរីកចម្រើនឥតឈប់ឈរ។ យោងតាមការធ្វើជំរឿនសហគ្រាសឆ្នាំ២០១១ មានសហគ្រាសធុនតូច និងមធ្យម សរុបចំនួន ៥០៥.១៣៤ ដែលផ្តល់ការងារសរុប ១.៦៧៦.២៦៣ នាក់ ក្នុងនោះស្រ្តី ១.០២៦.០៨៤ នាក់ ដោយមិនទាន់គិតឱកាសការងារ ក្នុងវិស័យកសិកម្មដែលមានកម្លាំងពលកម្មរាប់លាននាក់ ។ ដោយឡែក វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និង ផលិតស្បែកជើង គិតចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ចំនួន រោងចក្រក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង មានការកើនឡើងពីចំនួន ៧២៨ ដែលមានកម្មករនិយោជិតសរុបចំនួន ៥១០ ៦៨២ នាក់ ដល់ ៩៦០ ដែលមាន កម្មករនិយោជិតសរុបចំនួន ៦២៨ ១៦៦នាក់ ដោយបាន ទទួលប្រាក់ឈ្នួល ជាមធ្យមប្រមាណជាង ១០០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងតម្លៃនៃការនាំចេញ មានចំនួនប្រមាណជាង ៥០០០ លានដុល្លារអាមេរិក ព្រមទាំងបានបង្កើតមុខរបរប្រយោលបន្ថែម ដូចជា ជួលផ្ទះ លក់ដូរម្ហូបអាហារ ដឹកជញ្ជូនដល់ប្រជាជនប្រមាណ ២លាននាក់ ដែលបានទទួលផល ដោយផ្ទាល់ និងដោយប្រយោលពីវិស័យនេះ។ ទន្ទឹងនឹងការងារនៅក្នុងប្រទេស ពលករកម្ពុជាយើងប្រមាណ ២២ ម៉ឺននាក់ កំពុងធ្វើការនៅបរទេស ដែលទទួលបានមុខជំនាញវិជ្ជាជីវៈល្អៗ និងមានប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ ប្រមាណជិត ៤០០ លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំ ។ -រាជរដ្ឋាភិបាលបានចាត់ទុកការអនុវត្ដសិទ្ធិកម្មករនិងសិទ្ធិសហជីព គឺជាការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។ កម្ពុជាបាននឹងកំពុងអនុវត្ត អនុសញ្ញាអង្គការអន្ដរជាតិខាង ការងារចំនួន១៣ ក្នុងនោះមានអនុសញ្ញាស្នូលសំខាន់ចំនួន៨ ដែលបានផ្តល់សច្ចាប័ន។ ខ្លឹមសារនៃអនុសញ្ញាទាំងនេះត្រូវបានបញ្ចូលក្នុងច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន។ បច្ចុប្បន្ននេះ លក្ខខណ្ឌការងារ សិទ្ធិកម្មករ សេរីភាពសហជីព និងអង្គការវិជ្ជាជីវៈ មានស្ថានភាពល្អប្រសើរជាងពេលណាទាំងអស់នៅក្នុងប្រវត្តិសាស្រ្ត ។ បច្ចុប្បន្នមានសហជីពបានចុះបញ្ជិកាចំនួនជាង ៣០០០ សហព័ន្ធសហជីពជាង ៨០ និងសហភាពសហជីពជាង ១០ ។ កម្ពុជាបានបន្តអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា រយៈពេល ៣ ឆ្នាំបន្ត ២០១៤-២០១៦ ដើម្បីធានា ឯករាជ្យភាព សុច្ចរិតភាព ក្នុងការអនុវត្តសិទ្ធិប្រយោជន៍របស់កម្មករនិយោជិត តាមច្បាប់ស្តីពីការងារ និងបទដ្ឋានអន្តរជាតិខាងការងារ ។ នយោបាយនេះ គឺពិតជាបានរួមចំណែកក្នុង ការធានានិរន្តរភាព និងការអភិវឌ្ឍឧស្សាហកម្មកាត់ដេរ ដែលរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ កម្ពុជាត្រូវបានទទួលចំណាត់ថ្នាក់ ជាប្រទេស ដែលមានលក្ខខណ្ឌប្រភពទំនិញល្អបំផុតក្នុងចំណោមប្រទេស ៥ ដែលមានលក្ខខណ្ឌល្អបំផុតក្នុងពិភពលោក ។ -រាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ដល់ការកែលម្អជីវភាពរស់នៅ និងលក្ខខណ្ឌការងាររបស់កម្មករ និយោជិត។ បានដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន៩ដង ក្នុងរយៈពេល១០ឆ្នាំកន្លងមក ពោលគឺពី៤០ដុល្លាទៅ១០០ដុល្លារក្នុងមួយខែ។ ឆ្នាំ២០១៣៤ កន្លងទៅ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវប្រាក់ឈ្នួលអប្បបរមា ទន្ទឹមនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយអង្គការអន្តរជាតិខាងការងារក្នុងការសិក្សាបង្កើតវិធីសាស្ត្របច្ចេកទេសសម្រាប់កំណត់ប្រាក់ឈ្នួលអប្បបរមា ដើម្បីផ្តល់យោបល់ជូន គណៈកម្មការប្រឹក្សាការងារ។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការពលកម្មអន្តរជាតិ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពីការពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ដើម្បីការកំណត់ប្រព័ន្ធគណនាប្រាក់ឈ្នួលអប្បបរមាដែលអាច ទទួលយកបានពីគ្រប់ភាគី, ឆ្លុះបញ្ចាំងឲ្យឃើញពីហានិភ័យនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាទាបពេក ឬខ្ពស់ពេក, ការកំណត់លក្ខណៈវិនិច្ឆ័យនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាដែលអាច ប្រើប្រាស់ជាសារាវ័ន្ត ។ -កម្ពុជាបានយកចិត្តទុកដាក់អភិវឌ្ឍតួនាទីរបស់ស្រ្តី ក្នុងវិស័យការងារ ដោយបានលើកទឹកចិត្តឱ្យមានការចូលរួមក្នុងទីផ្សារការងាររបស់ស្រ្តីកាន់តែច្រើន ។ ព្រមជាមួយនោះ ជនពិការ និងជនងាយរងគ្រោះក៏ត្រូវបានផ្តល់ឱកាសការងារកាន់តែច្រើន។ រីឯកុមារដែលចូលរួមក្នុងពលកម្មក្នុងទម្រង់ធ្ងន់ធ្ងរ ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ដែលកន្លងមកមានកុមារសរុប ចំនួន២០.៥២១នាក់ត្រូវបានដកហូត និងទប់ស្កាត់។ -រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ជំរុញការអនុវត្តច្បាប់ស្តីពីរបបសន្ដិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិនៃច្បាប់ស្ដីពីការងារ ។ បច្ចុប្បន្នរបបសន្ដិសុខសង្គម នេះ កំពុងអនុវត្ដរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារប្រកបដោយជោគជ័យដែលកន្លងមកមានគ្រឹះស្ថានជាង ៦០០០, មានកម្មករនិយោជិតជាង ៨០ ម៉ឺននាក់ជាសមាជិក, បានជួយសង្គ្រោះ និងព្យាបាលកម្មករដែលដួលសន្លប់ កម្មករដែលមានគ្រោះថ្នាក់ការងារក្នុង ១ ឆ្នាំជាង ៥ ម៉ឺននាក់ ហើយនឹងកំពុងបន្តរៀបចំដាក់ឱ្យដំណើរការរបបថែទាំសុខភាពនៅឆ្នាំ២០១៤ របបចូលនិវត្ដន៍ ២០១៥ និងរបបផ្សេងៗទៀត ជូនកម្មករនិយោជិតនៅពេលដែលការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការរីកចម្រើន ។ រាជរដ្ឋាភិបាលបានចាត់វិធានការអន្ដរាគមន៍ជួយដល់កម្មករពេលជួប ហានិភ័យចៃដន្យ ជាយថាហេតុផ្សេងៗ ដូចជាករណីរោងចក្រដួលរលំ ដើម្បីអន្តរាគមន៍បើកប្រាក់ឈ្នួល និង ប្រាក់បំណាច់ផ្សេងៗ ជូនកម្មករ និយោជិត ដូចជា រោងចក្រយ៉ុងវ៉ាទី១-២ រោងចក្រម៉ីងដា ។ល។ ព្រមជាមួយនោះក្រសួង ស្ថាប័នពាក់ព័ន្ធ កំពុងរៀបចំបង្កើតនូវមូលនិធិសម្រាប់ធានា ហានិភ័យក្នុងករណីរោងចក្រដួលរលំ។ -វិស័យទំនាក់ទំនងវិជ្ជាជីវៈត្រូវបានពង្រឹងពង្រីកតាមរយៈយន្ដការជាច្រើន ដូចជា ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ។ តាមរយៈយន្តការត្រីភាគីទាំងនេះ បានពិភាក្សាដោះស្រាយបញ្ហាលំបាកៗ ជាច្រើន ហើយឈានទៅដល់ការស្រុះស្រួលគ្នា រវាងគ្រប់ភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងប្រាក់ឈ្នួល អត្ថប្រយោជន៍របស់កម្មករសមស្របទៅនឹងស្ថានភាពជីវភាព និងបង្កឱកាសសម្រាប់បន្តនិរន្តរភាពនៃ ការវិនិយោគ ដែលគ្រប់ភាគីបានចូលរួម និងអាចទទួលយកបាន។ សិទ្ធិកូដកម្ម បាតុកម្ម ត្រូវបានធានាដោយច្បាប់ ព្រមជាមួយនោះរាជរដ្ឋាភិបាលបានរៀបចំនូវយន្តការ សម្រាប់ ដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញា តាំងពីថ្នាក់ជាតិ ដល់មូលដ្ឋាន គ្រប់ករណីកូដកម្ម បាតុកម្ម សុទ្ធតែបានអន្តរាគមន៍ដោះស្រាយដល់ទីកន្លែង ភាគច្រើនត្រូវសម្រួលតាមរយៈការចរចាដោយសន្តិវិធី។ -ការអភិវឌ្ឍធនធានមនុស្សលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានយកចិត្តទុកដាក់ បង្កើនទាំងបរិមាណ និងគុណភាព ដោយមានកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លី មធ្យម និងវែង បានប្រមាណ ១៥ ម៉ឺននាក់ ក្នុង ១ឆ្នាំ។ មុខវិជ្ជាជីវៈភាគច្រើនបានឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងត្រូវបានលើកកម្ពស់ស្តង់ដារប្រហាក់ប្រហែលប្រទេសអាស៊ាននានា ដើម្បីត្រៀមសមាហរណកម្មអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខ ។ -សេវារកការងារធ្វើត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ រួមជាមួយដៃគូផ្នែកឯកជនមួយចំនួនទៀត បានផ្តល់ព័ត៌មានទីផ្សារការងារដល់ប្រជាពលរដ្ឋ យុវជន យុវនារី តាមរយៈពិពណ៌ការងារ វេទិកាការងារ បង្កលក្ខណៈឲ្យមានការជួបជុំរវាងពលករ និងក្រុមហ៊ុនដែលត្រូវការពលកររួមចំណែកដោះស្រាយការងាររាប់ម៉ឺនកន្លែងជូនប្រជាជន ។ ជារួមសមិទ្ធផលខាងលើ បានរួមចំណែកក្នុងសមិទ្ធផលរួមរបស់ជាតិ លើកស្ទួយនិងការពារផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់កម្មករនិយោជិត។ ប្រការនេះបង្ហាញពីកម្មវិធីនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីបន្តអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តអនុវត្តនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ៥ ឆ្នាំ ២០១៤-២០១៨ ដោយប្រមូលផ្តុំលើអាទិភាព ៥ រួមមាន ៖ ១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងការធានានូវសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការបង្កើតក្រុមការងារអធិការកិច្ចតែមួយ ២-ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ខិតខំពង្រឹងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឲ្យមានស្តង់ដារប្រហាក់ប្រហែលនឹងប្រទេសអាស៊ាននានា ឆ្លើយតបបាន ទៅនឹងតម្រូវការទីផ្សារការងារ ដើម្បីត្រៀមសមាហរណកម្មអាស៊ាននៅឆ្នាំ២០១៥ ។ ៣-ការអភិវឌ្ឍមុខរបរ និងការងារ ខិតខំរៀបចំឲ្យមានច្រកចេញចូលតែមួយ ក្នុងការជ្រើសរើសបញ្ជូនពលករធ្វើការនៅក្រៅប្រទេសប្រកបដោយសុវត្តិភាព និងបង្រ្កាបទប់ស្កាត់ អំពើជួញដូរមនុស្ស ៤-ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណា ដែលស្ថិតក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ រៀបចំឲ្យមានរបបធានារ៉ាប់រងសុខភាពនៅឆ្នាំ២០១៤ និងរបបសោធននិវត្ត ឆ្នាំ២០១៥ ៥-ពង្រឹងការផ្តល់សេវាសាធារណៈ ជំរុញកំណែទម្រង់ស៊ីជម្រៅ ធ្វើឲ្យសេវាកៀកនឹងប្រជាជន កម្មករនិយោជិត មានប្រសិទ្ធភាព តម្លាភាព។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងនូវ អំណរគុណចំពោះអង្គការពលកម្មអន្តរជាតិខាងការងារ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការនិយោជក អង្គការសហជីព និងបងប្អូនកម្មករកម្មការិនី និងបងប្អូនជនរួមជាតិទាំងអស់ ដែលកន្លងមកតែងតែបានគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្ត ដែលក្រសួងបានដាក់ចេញ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិ បាល នីតិកាលទី ៥ នៃរដ្ឋសភា ។