នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឲ្យគណៈប្រតិភូ របស់អង្គការភូមិកុមារ អេស អូ អេស ដែលដឹកនាំដោយលោកស្រី ស៊ូបា មូទី អគ្គលេខាធិការរង នៃអង្គការភូមិកុមារ SOS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។ លោកស្រី ស៊ូបា មូទី មានប្រសាសន៍ថា ចាប់ពីឆ្នាំ ១៩៩៩ រហូតដល់បច្ចុប្បន្ន អង្គការភូមិកុមារ SOS បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺមានកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ដែលក្នុងនោះបានសាងសង់ភូមិកុមារ SOS បានចំនួន ៥ កន្លែង តាមបណ្តារាជធានី-ខេត្ត រួមមានៈ ភូមិកុមារ SOS នៅភ្នំពេញ, ភូមិកុមារ SOS នៅសៀមរាប, ភូមិកុមារ SOS នៅបាត់ដំបង, ភូមិកុមារ SOS នៅរតនៈគីរី និងភូមិកុមារ SOS នៅក្រចេះ ។ លោកស្រី ស៊ូបា មូទី មានប្រសាសន៍ទៀតថា អង្គការភូមិកុមារ SOS បានជួយកុមារកម្ពុជាជាច្រើនក្នុងកម្មវិធីថែរក្សាតាមគ្រួសារ, កម្មវិធីពង្រឹងគ្រួសារមណ្ឌលសង្គមកិច្ច, កម្មវិធីអាហារូបត្ថម្ភ, មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលារៀន សំដៅលើកកម្ពស់ និងការពារសិទ្ធិកុមារ នៅកម្ពុជា ។ លោកស្រីបានបន្តទៀតថា អង្គការគ្រោងដាក់សម្ភោធភូមិកុមារ SOS ដែលទើបសាងសង់រួច នៅខេត្តក្រចេះ នាពេលឆាប់ៗនេះហើយ ។ គួរបញ្ជាក់ផងដែរថា អង្គការនឹងមានគម្រោងពង្រីកភូមិកុមារ SOS ចំនួន ២ កន្លែងបន្ថែមទៀត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពត និងខេត្តព្រៃវែងផងដែរ ។ ឆ្លៀតនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ រវាងអង្គការភូមិកុមារ SOS និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាពេលកន្លងមក ក្នុងគោលដៅជួយដល់កុមារកម្ពុជាដែលត្រូវការថែទាំជាអចិន្រ្តៃយ៍ ដោយមិនប្រកាន់ពូជសាសន៍ ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណ្ណតិទី៥នេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកុមារ សំដៅផ្តល់ភាពកក់ក្តៅដល់កុមារ និងលើកកម្ពស់សិទ្ធិក្នុងការរស់នៅរបស់កុមារ ។ ជាទីបញ្ចប់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តវិវឌ្ឍន៍រីកចម្រើនទៅមុខទៀត ដើម្បីជួយដល់កុមារទាំងអស់នៅកម្ពុជាទាំងមូល ដែលកំពុងជួបការលំបាក គ្មានទីពឹង ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគត នឹងមានអង្គការភូមិកុមារ SOS បន្ថែមទៀតនៅគ្រប់រាជធានី-ខេត្ត សម្រាប់ការពារ និងផ្តល់ប្រយោជន៍ដល់កុមារកម្ពុជាទាំងមូល ព្រោះថា កុមារ គឺជាទំពាំងស្នងឫស្សី ៕