Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ជាដៃគូក្នុងការចូលរួមចំណែកការការពារសិទ្ធិ ផលប្រយោជន៍ជូនកម្មករនិយោជិត ស្របទៅនឹងគោលដៅចម្បងរបស់រាជរដ្ឋាភិបាល

 Wednesday, 05 January 2022 10:57  |    Written by MLVT  |  7241 times  |   Print  |   Email
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ជាដៃគូក្នុងការចូលរួមចំណែកការការពារសិទ្ធិ ផលប្រយោជន៍ជូនកម្មករនិយោជិត ស្របទៅនឹងគោលដៅចម្បងរបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៧ (២០២២-២០២៣) នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារ ទន្លេបាសាក់ ២ ឯកឧត្តមបណ្ឌិត អ៉ិត ហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអាណត្តិមុនៗ ព្រមទាំងសមាជិក សមាជិកាទាំងអស់របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលបានចូលរួមចំណែកគ្រប់សកម្មភាព និងស្មារតី ធ្វើឱ្យអង្គការវិជ្ជាជីវៈមួយនេះទទួលបាននូវលទ្ធផលជាវិជ្ជមានរហូតមកដល់ពេលនេះ។ 

 

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិង អុិត សំហេង បានថ្លែងអំណរគុណចំពោះកិច្ចសហការ និងកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដែលជាដៃគូមិនអាចខ្វះបានក្នុងការចូលរួមចំណែកផ្សព្វផ្សាយ ការកសាងកម្លាំងក្នុងជួរអង្គការសហជីព ការការពារសិទ្ធិ ផលប្រយោជន៍ជូនកម្មករនិយោជិត និងការលើកកម្ពស់ការគោរពច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ឱ្យកាន់តែល្អប្រសើរឡើងស្របទៅនឹងគោលដៅចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់នូវអនុសាសន៍គន្លឹះទាំង១០ចំណុច ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំក្នុងកំឡុងពេលជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតប្រមាណជាង១លាននាក់ កន្លងមក សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារ សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ការការពារសិទ្ធិការងារ ការគំាពារសង្គម សុខភាព និងសុវត្ថិភាព ឈានទៅរកការកសាងសហគមន៍សុខសាន្តនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ស្របតាមបាវចនា “រោងចក្រ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដូចតទៅ៖

ទី១. បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងជំរុញឱ្យគ្រប់រោងចក្រទាំងអស់អនុវត្តការបើកប្រាក់ឈ្នួល និងបើក ២ ដង ក្នុងមួយខែ។ 

ទី២. បន្តពង្រឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលធានាគ្រប់កម្មករនិយោជិតបានទទួលការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់។ 

ទី៣. បន្តតាមដានការអនុវត្តការបើកប្រាក់ឈ្នួល ១២០ ភាគរយ ជូនកម្មការិនី និងឈប់សម្រាករយៈពេល ៣ ខែ ក្នុងពេលសម្រាលកូន។

ទី៤. បន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធដោយផ្ដល់ជូនកូន១ នាក់ ថវិកា ៤០ ម៉ឺនរៀល កូន ២ នាក់ ៨០ ម៉ឺនរៀល និងកូន ៣ នាក់ ១,២ លានរៀល ព្រមទាំងថវិកាបន្ថែមចំនួន ៥ លានរៀល ពី សម្ដេចតេជោ និង សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ផ្ទាល់។

ទី៥. បន្តផ្តល់របបថែទាំងសុខភាពជូនបងប្អូនកម្មករនិយោជិត និងបន្តគោលនយោបាយឱ្យនិយោជកបានបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ១០០% ជំនួសកម្មករនិយោជិត។

ទី៦. បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការតបណ្តាញអគ្គិសនី និងទឹកនៅតាមផ្ទះជួលក្នុងតម្លៃសមរម្យ ការអនុវត្តច្បាប់ភតិសន្យាពិសេស (ច្បាប់បន្ទប់ជួល) ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនកម្មករនិយោជិត។

ទី៧. បន្តពង្រឹងការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងដាក់ឱ្យដំណើការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នៅត្រីមាសទី១ ឆ្នាំ២០២២។

ទី៨. បន្តជំរុញលើកទឹកចិត្តឱ្យកម្មករនិយោជិត និងនិយោជក ប្រើយន្តការចរចាផ្ទៃក្នុង ដើម្បីកំណត់នីតិវិធី និងកាលបរិច្ឆេទជាក់លាក់នៃការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ស្របតាមស្ថានភាពរោងចក្រ សហគ្រាស និងអាជីវកម្មរបស់ខ្លួន ដើម្បីរក្សាបាននូវនិរន្ដរភាពការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ក្នុងវិបត្តិនៃការរាលដាលនៃជំងឺកូវីដ-១៩។

ទី៩. បន្ដសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យាបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ទី១០. បន្ដពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទសជាដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សឹង្ហបុរី និងប្រទេសផ្សេងទៀត ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេសសម្រាប់ប្រជាជនព្រមទាំងផ្តល់ការពារសិទ្ធិ ផលប្រយោជន៍ ទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលវិលត្រឡប់មកមាតុប្រទេសវិញ។

 

សមិទ្ធផលដែលក្រុមប្រឹក្សាសហជីពជាតិកម្ពុជាសម្រេចបាន, ការរៀបចំរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់, សកម្មភាពការងារទាំងក្នុងរោងចក្រ សហគ្រាស, កិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ, និងការដាក់ចេញនូវទិសដៅការងារបន្ត, ព្រមទាំងការប្តេជាចិត្តរបស់ ថ្នាក់ដឹកនាំ CCNU បានឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់អំពីភាពរីកចម្រើន, ការយកចិត្តទុកដាក់, ទំនួលខុសត្រូវ, និងភាពចាស់ទុំក្នុងការដឹកនាំរបស់ ថ្នាក់ដឹកនាំ CCNU ប៉ុន្តែទោះជាយ៉ាងណាក៏ជៀសមិនផុតពីការចូលរួមយ៉ាងសកម្មរបស់ សមាជិក សមាជិកាផងដែរ។

ក្នុងនាមរដ្ឋមន្រ្តីទទួលបន្ទុកវិស័យការងារ និងជារាមច្បងដែលធ្លាប់ធ្វើការងារសហជីព ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានផ្ដល់នូវអនុសាសន៍ចំនួន៥ចំណុចរួមមាន ៖

១-ត្រូវគិតពីប្រយោជន៍រួម មានសាមគ្គីភាពផ្ទៃក្នុងល្អ តាមរយៈការដឹកនាំដោយតម្លាភាព មានការចាត់ចែងការងារច្បាស់លាស់ ដើម្បីភាពរីកចម្រើនរួមរបស់អង្គភាព និងបម្រើផលប្រយោជន៍ជូនប្រទេសជាតិមាតុភូមិ។ 

២-ត្រូវពង្រឹងការផ្សព្វផ្សាយដល់កម្មករនិយោជិតដែលជាសមាជិកឱ្យបានយល់ច្បាស់អំពីច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព ព្រមទាំងប្រកាស និងសេចក្តីណែនាំនានា ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដាក់ចេញ។ ជាមួយគ្នានេះ ក៏ត្រូវពង្រីកសមាជិកបន្ថែមទៀត ប៉ុន្តែសូមកុំដណ្ដើមសមាជិកគ្នាដែលជាចំណុចរសើបមួយនាំអោយមានទំនាស់បាក់បែកសាមគ្គីគ្នា។ 

៣- ត្រូវបណ្តុះបណ្តាល ណែនាំដល់ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន ត្រូវសិក្សាអោយបានច្បាស់លាស់អំពីការចុះអនុសញ្ញារួម ថាតើចង់បានលក្ខខណ្ឌអ្វីខ្លះទាក់ទងនឹងការងាររោងចក្រ សហគ្រាស គ្រឹះស្ថាន ដោយមិនអោយឃ្លាតឆ្ងាយពីច្បាប់ស្តីពីការងារ និងជៀសវាងការដឹកនាំ និងចូលរួមធ្វើបាតុកម្មខុសច្បាប់។ 

៤- ត្រូវពង្រឹង និងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការសហជីព ទាំងក្នុងតំបន់ និងក្រៅតំបន់ ដើម្បីកៀគរការគាំទ្រទាំងផ្នែកសម្ភារ ថវិកា និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពនានា។ 

៥-ផ្សព្វផ្សាយអោយបានទូលំទូលាយដល់កម្មករនិយោជិតអំពីការរស់នៅជាមួយ COVID-19 ដោយអនុវត្តនូវវិធានសុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារ។

 

លោក តុល ផាន់មឿង ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា អាណត្តិទី៦ ឲ្យដឹងថា កន្លងមក CCNU បានដើរតួរសំខាន់ក្នុងការរក្សាបាននូវការលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ការការពារសិទ្ធិប្រយោជន៍ជូនកម្មករនិយោជិត, ការចូលរួមលើកកម្ពស់ការគោរពច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។ មកដល់បច្ចុប្បន្ន CCNU មានសមាជិកជា៖ សហភាពកើនឡើងដល់ចំនួន ១៦, គណៈអចិន្ត្រៃយ៍ចំនួន ២៧នាក់, សមាជិកក្រុមប្រឹក្សាភិបាលចំនួន ១៣៣នាក់, សហព័ន្ធសហជីពចំនួន ១១៤, សមាគមចំនួន ៩, អង្គការចំនួន ៦, សហជីពមូលដ្ឋានចំនួន ១០៨៩ និងសមាជិកដែលជាកម្មករកម្មការិនីសរុបចំនួនជាង ៧០ម៉ឺននាក់៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.