Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


វិស្វករជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌

 Thursday, 27 August 2020 10:27  |  2764 times  |   Print  |   Email
វិស្វករជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌

(ភ្នំពេញ)៖ វិស្វករជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំពាក់កណ្តាលអាណត្តិក្រុមប្រឹក្សាភិបាលនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន (AFEO) លើកទី១៩ និងការប្រកាសចាប់ផ្តើមប្រមូលមូលនិធិសម្រាប់ពានរង្វាន់យុវវិស្វករឆ្នើមរបស់ (AFEO) តាមរយៈប្រព័ន្ធវីដេអូ(Video Conference) ពីទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ។ 

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ចង់បញ្ជាក់ថា វិស្វករត្រូវតែចូលរួមយ៉ាងសកម្ម ក្នុងការផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍ជាមួយវិស្វករដទៃទៀត ជាពិសេសវិស្វករអាស៊ាន និងវិស្វករពិភពលោក ដើម្បីបង្កើនសមត្ថភាពយល់ដឹងរបស់ខ្លួនទាំងទ្រឹស្ដី និងការអនុវត្ត។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា វិស្វករនៃបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ ដូចពេលប្រជុំ AFEO Mid-Term នាពេលនេះ ឬក៏សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន(CAFEO) តាមប្រទេសនីមួយៗ គឺមានឱកាសធ្វើការជាមួយគ្នា រៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់សមត្ថភាពរបស់ខ្លួន ក៏ដូចជាការលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើនបាននូវភាពសុខដុមរមនា ក្នុងតំបន់ជាលក្ខណៈមហាគ្រួសារតែមួយ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត អុិត សំហេង បានស្នើដល់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន បន្តវប្បធម៌ចែករំលែកបទពិសោធន៍ដ៏ប្រពៃនេះ ដើម្បីជំរុញឱ្យវិស្វករនៅក្នុងតំបន់មានសមត្ថភាពទៅតាមស្ដង់ដារអន្តរជាតិ និងអាចដើរទាន់ការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ នៃបណ្ដាប្រទេសជឿនលឿនក្នុងសកលលោក។ ឯកឧត្តមមានជំនឿថា កិច្ចសហប្រតិបត្តិការល្អរវាងសមាជិកនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន នឹងក្លាយជាកម្លាំងចលករ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសក្ដានុពលក្នុងការជំរុញឱ្យវិស័យសេវាវិស្វកម្មនៅក្នុងតំបន់បោះជំហានទៅមុខ ប្រកបដោយភាពជោគជ័យ។ លើសពីនេះថែមទៀត គឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងគោលនយោបាយបច្ចេកវិទ្យា ដើម្បីការអភិវឌ្ឍឱ្យបានប្រសើរឡើងប្រកបទៅដោយចីរភាព ព្រមទាំងអនុវត្តចំណេះដឹងវិស្វកម្ម ដោយយោងតាមគុណតម្លៃសកល និងក្រមសីលធម៌វិជ្ជាជីវៈវិស្វកម្ម។ ព្រមជាមួយគ្នានេះទៀត គឺជំរុញញឱ្យមានស្តង់ដារនៃការអប់រំវិស្វកម្ម ការលើកកម្ពស់តួនាទីវិស្វករស្រ្ដីនៅក្នុងការអភិវឌ្ឍជាតិ និងតម្រូវការជាបន្តបន្ទាប់ នូវការកសាងសមត្ថភាពសម្រាប់វិស្វករវ័យក្មេង ជាការចាំបាច់ ដែលត្រូវតែពង្រឹង និងធ្វើឱ្យបានប្រសើរឡើង។

ក្នុងឱកាសនោះដែរ ក្នុងនាមជាប្រធានក្រុមប្រឹក្សានៃគណៈវិស្វករកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់យុវវិស្វករអាស៊ានអំពីការគិតគូរដល់ការបង្កើតសហគ្រិនភាព ការផ្តល់បរិយាកាសឱ្យបានសមស្របដើម្បីអត្ថប្រយោជន៍ វិបុលភាពសេដ្ឋកិច្ច និងសង្គម និងគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់យុវវិស្វករដែលមានស្នាដៃឆ្នើម ដើម្បីទទួលបានវិញ្ញាបនបត្រ និងមេដាយកិត្តិយសសម្រាប់ការប្រកួតប្រជែងប្រចាំឆ្នាំរបស់យុវវិស្វករអាស៊ាន។ 

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ AFEO Mid-Term ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានគាំទ្រនូវសំណើផ្តល់រង្វាន់លើកទឹកចិត្តនូវពានរង្វាន់ និងវិញ្ញាបនបត្រដល់យុវវិស្វករដែលមានស្នាដៃឆ្នើម១រូប ក្នុងមួយឆ្នាំ សម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាននីមួយៗ និងក្នុងនាមជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ឯកឧត្តមបានឧបត្ថម្ភថវិកាចូលមូលនិធិសម្រាប់ពានរង្វាន់យុវវិស្វករឆ្នើមរបស់ AFEO ចំនួន ប្រាំពាន់ដុល្លារសហរដ្ឋអាមេរិក( $5,000) ក្រោមការចាត់ចែង និងគ្រប់គ្រងរបស់គណៈកម្មាធិការនៃអគ្គលេខាធិការដ្ឋាន AFEO និងឯកឧត្តម បានអំពាវនាវឱ្យប្រទេសជាសមាជិកនៃអង្គការ AFEO ទាំងអស់ជួយឧបត្ថម្ភថវិកាបន្ថែមទៀតដល់មូលនិធិសម្រាប់ពានរង្វាន់យុវវិស្វករឆ្នើមរបស់ AFEO ដើម្បីជួយគាំទ្រដល់សកម្មភាពយុវវិស្វករអាស៊ានដែលមានស្នាដៃឆ្នើម ក៏ដូចជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់យុវវិស្វករអាស៊ាន ដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនាពេលអនាគត ។

ទន្ទឹមនឹងនោះ ក្នុងនាមប្រទេសកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ មេត្តាជួយជំរុញលើការរៀបចំកម្មវិធីសិក្សាវិស្វកម្ម និងការទទួលស្គាល់គុណភាពអប់រំវិស្វកម្ម ឱ្យមានស្តង់ដារប្រហាក់ប្រហែលគ្នាមួយ ដើម្បីឱ្យវិស្វករដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ នៃប្រទេសក្នុងតំបន់ មានការទទួលស្គាល់គ្នាទៅវិញទៅមក ស្របទៅនឹងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក ស្តីពីសេវាវិស្វកម្ម ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០៥ នៅ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

សូមបញ្ជាក់ផងដែរថា គណៈវិស្វករកម្ពុជា ជាអាជ្ញាធរវិស្វកម្មជាតិដែលមានកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការ AFEO និងគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ាន (ACPECC)។ កន្លងមក កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានចំនួន២លើករួចមកហើយ៖ លើកទី១ CAFEO-20 ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០០២ ក្រោមប្រធានបទ “ វិស្វកម្មសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសជាសមាជិកអាស៊ាន” ។ លើកទី២ CAFEO-30 ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦-១៩ ខែធ្នូ ឆ្នាំ២០១២ ក្រោមប្រធានបទស្តីពី “ អត្ថប្រយោជន៍នៃសមាហរណកម្មសេវាវិស្វកម្ម សម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ដែលមានការអភិវឌ្ឍតិចតួច ” ។  

 

សន្និសីទទាំងពីរលើកកន្លងមក និងកិច្ចប្រជុំក្នុងថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ដែលចូលរួមពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព មានចក្ខុវិស័យឆ្ពោះទៅតាមផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (ASEAN ECONOMIC COMMUNITY BLUEPRINT 2025) និងជាចក្ខុវិស័យដើម្បីបង្កើតឱ្យមានការយល់ដឹងលក្ខណៈស៊ីជម្រៅ អំពីអត្ថប្រយោជន៍នៃការធ្វើសមាហរណកម្មសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.