Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្តីពី សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា

 Tuesday, 30 January 2018 09:50  |  4507 times  |   Print  |   Email
សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្តីពី សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្តីពី សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នៅសណ្ឋាគារភ្នំពេញ ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ៣០ ខែមករាឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថា ការរៀបចំឲ្យមានសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច សមាហរណកម្មអាស៊ាន ការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ និងសង្គមជាតិនាពេលបច្ចុប្បន្ន។ ដូច្នេះ ការគ្រប់គ្រងលើតម្លៃពលកម្មដ៏សមស្របមួយ ជាពិសេសក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិត ស្បែកជើង គឺជាចំណុចមួយដែលយើងមិនត្រូវមានការធ្វេសប្រហែសទ្បើយ។ សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត និងដល់ប្រទេសជាតិទាំងមូល ពីព្រោះសេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើទ្បើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ជីវភាពរស់នៅសមរម្យ បង្កើតឱកាសការងារ និងបង្កើនផលិតភាពការងាររបស់កម្មករនិយោជិត ព្រមទាំងជំរុញឲ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចឲ្យកាន់តែប្រសើរប្រកបដោយភាពទាក់ទាញនៅកម្ពុជាទៀតផង។

ការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា តាមរយៈយន្តការច្បាប់ គឺជាយន្តការដ៏រឹងមាំមួយក្នុងការធានាឲ្យបាននូវប្រាក់ឈ្នួលអប្បបរមាមួយ សមស្របតាមបែបវិទ្យាសាស្រ្ត ដែលផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច តាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលមានតំណាងស្មើៗគ្នាមកពីភាគីកម្មករនិយោជិត ភាគីនិយោជក និងភាគីរាជ រដ្ឋាភិបាល។ ក្រុមប្រឹក្សានេះ នឹងសិក្សាស្រាវជា្រវ និងផ្តល់អនុសាសន៍អំពីប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់ជនទាំងទ្បាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ហើយប្រជុំពិភាក្សាដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ តម្លាភាព និងឈ្នះ ឈ្នះ។

គិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង បានចំនួន១៤លើក ដោយកើនពី ៣០ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៧ ដល់ ១៧០ដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៨ នេះ ដោយបូករួមទាំងប្រាក់រង្វាន់ប្រាក់អត្ថ ប្រយោជន៍ផ្សេងៗ និងប្រាក់អតីតភាព កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលចាប់ពី ១៨៧ដុល្លារអាមេរិក ទៅ ១៩៨ ដុល្លារអាមេរិក ក្នុងមួយខែ។ បន្ថែមលើនេះ បើគិតត្រឹមថ្ងៃ០១ ខែមករា ឆ្នាំ២០១៨ ប្រទេសកម្ពុជាមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងប្រទេសនាំចេញផលិតផលកាត់ដេរ និង ផលិតស្បែកជើង ដែលជាដៃគូប្រកួតប្រជែងរបស់យើងក្នុងវិស័យនេះមួយចំនួនដូចជា ប្រទេសបង់ក្លាដេស (៦៧ដុល្លារ) ស្រីលង្កា (៦៧ដុល្លារ) ឥណ្ឌា (៧៧ ដល់ ១៤៣ដុល្លារ) មីយ៉ាន់ម៉ា (៧៩ដុល្លារ) ប៉ាគីស្ថាន (១៣៤ដុល្លារ) ឡាវ (១១០ដុល្លារ) តំបន់មួយចំនួននៃប្រទេសឥណ្ឌូនេស៊ី និងខ្ពស់ជាងតំបន់ទី២ ទី៣ និងទី៤ នៃប្រទេសវៀតណាមផងដែរ។ ដូច្នេះ សមទ្ធិផលទាំងអស់នេះមិនមែនជាការកើតទ្បើងដោយចៃដន្យនោះទេ គឺកើតចេញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែបើកឲ្យមានការចូលរួមសហការ ផ្តល់មតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ជាក់ស្តែង ដូចជាដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះតែម្តង ដែលកន្លងមកក្រសួងបានដាក់ឲ្យមានកិច្ចពិគ្រោះយោបល់ និងទទួលយកធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់មកពិចារណា និងកែសម្រួល ដូច្នេះ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ នឹងក្លាយជាច្បាប់មួយដែលមានភាពល្អប្រសើរគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ បន្ទាប់ពីការដាក់ឲ្យអនុម័តប្រើប្រាស់រួច។ គូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឲ្យមានការប្រជុំពិភាក្សាត្រីភាគីលើសេចក្តីព្រាងច្បាប់នេះចំនួន០២ លើករួចមកហើយ ដែលលើកទី១ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី២ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។

បន្ទាប់មក សិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក៏ត្រូវបានធ្វើទ្បើងចំនួន០២លើកផងដែរ គឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ និងថ្ងៃ២២ ខែសីហា ឆ្នាំ២០១៨។ តាមរយៈកិច្ចប្រជុំត្រីភាគី និងសិក្ខាសាលាពិគ្រោះយោបល់ទាំងនោះ ក្រសួងបានទទួលធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ភាគីសហជីព ភាគីនិយោជក អង្គការអន្តរជាតិខាងការងារ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ហើយក្រុមការងារកសាងខ្លឹមសារសេចក្តីព្រាងច្បាប់ក៏បានសិក្សាផ្ទៀងផ្ទាត់មើលមតិយោបល់ទាំងនោះ ដើម្បីកែសម្រួល និងដាក់ឲ្យពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីនាពេលនេះ៕

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.