Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ការដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា, ធានាបានការធ្វើទេសន្តរប្រវេសន៍ការងារ ការការពារសិទ្ធិ និងគាំទ្រដល់ពលករ

 Wednesday, 29 January 2020 12:10  |  4078 times  |   Print  |   Email
ការដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា, ធានាបានការធ្វើទេសន្តរប្រវេសន៍ការងារ ការការពារសិទ្ធិ និងគាំទ្រដល់ពលករ

(ភ្នំពេញ)៖ ការដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ដើម្បីធានាការធ្វើទេសន្តរប្រវេសន៍ការងាររបស់ពលករ ទទួលបានលទ្ធផលជោគជ័យ និងបទពិសោធន៏ជាវិជ្ជមាន ក៏ដូចជាទទួលបាននូវការការពារសិទ្ធិ និងគាំទ្រដល់ពួកគេក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ពលករផ្ទាល់ខ្លួន សមាជិកគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។ 

នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តម បណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ដោយមានការគាំទ្រជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA)និងសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា (MAC) បានបោះពុម្ពក្រមសីលធម៌នេះឡើងដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹង ស្តីពីការជ្រើសរើសពលករប្រកបដោយយុត្តិធម៌ដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ ភ្នំពេញ។ 

ក្រមសីលធម៌នេះ គឺជាឧបករណ៏មួយដែលអាចអនុវត្តបានដោយទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាទាំងអស់ ដោយបានដាក់ចេញនូវគោលការណ៍គ្រឹះជាមូលដ្ឋានស្របតាមច្បាប់ជាតិ និងបទដ្ឋានការងារអន្តរជាតិសម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាទាំងអស់អនុវត្តប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ខ្ពស់ក្នុងការគ្រប់គ្រងការជ្រើសរើស ការបណ្តុះបណ្តាល ការបញ្ជូន និងការគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេស។ 

 

ក្រមសីលធម៌នេះនឹងរួមចំណែកពង្រឹងប្រសិទ្ធិភាពនៃការការពារ ការលើកកំពស់សិទ្ធិការងារ ក៏ដូចជាសុខុមាលភាពរបស់ពលករទាំងនៅក្នុងស្រុក និងនៅបរទេស។ លើសពីនេះទៀត នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រការអនុវត្តរបស់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាប្រកបដោយគណនេយ្យភាពផង ហើយក៏ជាប្រភពដែលមានសារៈប្រយោជន៏សម្រាប់ពលករទេសន្តរប្រវេសន៍អាចបញ្ជាក់បានអំពីការរំពឹងទុករបស់ពលករពីទីភ្នាក់ងារជ្រើសរើសឯកជនដែលទាក់ទងទៅនឹងបទពិសោធន៍ទេសន្តរប្រវេសន៍ការងាររបស់ពួកគេ។

 

ឯកឧត្តម បណ្ឌិត អុិត សំហេង ក៏បានលើកឡើងពីគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម៧% ក្នុងមួយឆ្នាំ កំណើនវិនិយោគិនទុន និងពាណិជ្ជកម្ម បានបង្កើតនូវការងារក្នុងស្រុកជូនប្រជាពលរដ្ឋប្រមាណជិត១០លាននាក់ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏បានខិតខំបើកច្រកទីផ្សារការងារនៅបរទេសជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីផ្តល់ឱកាសក៏ដូចជាជម្រើសជូនពួកគាត់ស្វែងរកការងារដែលពួកគាត់ពេញចិត្ត និងទទួលបានប្រាក់ឈ្នួលខ្ពស់ ហើយថែមទាំងបានដាក់ចេញនិងអនុវត្តនូវគោលនយោបាយ និងយន្តការគាំពារពលករទេសន្តរប្រវេសន៍ប្រកបដោយជោគជ័យ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការគាំពារ ការការពារសិទ្ធ និងផលប្រយោជន៍ពលករខ្មែរយើងនៅបរទេស តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៃប្រទេស ទទួល និងការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋាននានាដោយប្រើប្រាស់គោលការណ៍ យន្តការ និងនីតិវិធីនានាផងដែរ។  

តំណាងជាន់ខ្ពស់របស់អង្គការ ILO លោកស្រី Anna Engblom បានលើកឡើងថាពិធីដាក់ឲ្យផ្សព្វផ្សាយក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជននៅកម្ពុជានាថ្ងៃនេះថា ផលប្រយោជន៍នឹងទទួលបាន ដល់ប្រទេសដែលបញ្ជូនទៅផង និងប្រទេសដែលជាគោលដៅទទួលផង។ ប្រទេសបញ្ជូននោះដូចជាប្រទេសកម្ពុជា វាអាចកាត់បន្ថយភាពក្រីក្រ  ចំណែកប្រទេសគោលដៅវិញអាចជួយដល់សកម្មភាពសេដ្ឋកិច្ច  ផ្ទុយទៅវិញប្រទេសគោលដៅមិនអាចរីកចម្រើនបានឡើងបើសិនគ្មានការបញ្ជូនពលករទៅ។  

ចំណែកឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងដែរថា ការដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា នៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ហើយប្រទេសអូស្ត្រាលី ជាមួយប្រទេសជាសមាជិកអាស៊ានបានខិតខំលុបបំបាត់ពលករទេសន្តប្រវេសន៍ ដូចជាការយកថ្លៃហួសហេតុ ការយកជំនួសកិច្ចសន្យា ពលកម្មដោយបង្ខំ និងការជួញដូរមនុស្សជាដើម។ ឯកឧត្តមសង្ឃឹមថា ពលករទេសន្តប្រវេសន៍អាចមានឱកាសចូលរួមនូវកំលាំងពលកម្មប្រកបដោយអត្ថន័យ និងអាចផ្លាស់ទីដោយសេរីក្នុងតំបន់នេះ  ដើម្បីច្បាមយកឱកាសការងារនៅពេលមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត

ពលករទេសន្តប្រវេសន៍ក៏អាចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និងក្រុមគ្រួសារផងដែរ។ ឯកឧត្តមបញ្ជាក់ថា៖«អូស្ត្រាលីសង្ឃឹមថាក្រមសីលធម៌នេះគឺជាឧបករណ៍ធានាយ៉ាងណាឲ្យទីភ្នាក់ងារជ្រើសរើសពលករអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមការចាំបាច់ និងលើកកម្ពស់ សិទ្ធិពលករទេសន្តប្រវេសន៍ លើសពីនេះទៀត វាក៏ជាឧបករណ៍ដ៏មានអនុភាពដល់ពលករដឹងពីអ្វីដែលពួកគេអាចទទួលបានពីទីភ្នាក់ងារជ្រើសរើសពលករផងដែរ»។

 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងខិតខំបន្តជម្រុញការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ពិសេសការបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេរភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់ នៅក្រៅប្រទេស, ទប់ស្កាត់ទេសសន្តរប្រវេសន៍ការងារដោយខុសច្បាប់, លើកកម្ពស់ការគាំពារសិទ្ធិ និងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ, កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារ និងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្ត តាមរយៈការទទួលស្គាល់ជំនាញ, ការផ្ទេររបបសន្តិសុខសង្គមមកក្នុងប្រទេស, ការផ្តល់ប្រឹក្សាការងារធ្វើ និង ការបង្កើតមុខរបរ ដោយខ្លួនឯង។

ក្រសួង បានបន្តខិតខំយកចិត្តទុកដាក់ដល់ពលករដែលធ្វើការនៅក្រៅប្រទេស និងពង្រីកទីផ្សារនៅក្រៅប្រទេស ដោយបន្តផ្ដល់សេវា ៥យ៉ាង ជូនពលករកម្ពុជា នៅឯបរទេស៖

ទី១-អនុវត្តសេចក្តីថ្លៃងការណ៍អាស៊ានស្តីពី ការការពារនិងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍។ បាននិងកំពុងខិតខំជួយពលករដែលធ្វើការនៅបរទេស ដើម្បីធានានូវផលប្រយោជន៍ស្របច្បាប់។ ជួយផ្តល់ភាពស្របច្បាប់ដល់ពលករដែលមិនស្របច្បាប់។ ចាត់តាំងទីប្រឹក្សាការងារនៅតាមស្ថានទូតនៃ ប្រទេសដែលមានពលករ ដូចជាថៃ កូរ៉េ ម៉ាឡេស៊ី និងជប៉ុន។ 

ទី២-សហការជាមួយប្រទេសដៃគូ ក្នុងការទទួលស្គាល់ជំនាញទៅវិញទៅមក ដូចជាកម្ពុជា-ថៃ បានទទួលស្គាល់ជំនាញផ្នែកសំណង់ ដូចជាជាងកំបោរ និងតបណ្តាញអគ្គិសនី។ នៅសាធារណរដ្ឋកូរ៉េ ផ្តល់ឱកាសឱ្យពលករទៅរៀនបន្ថែមនៅ តាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់។ បន្ទាប់ពី ត្រឡប់មកប្រទេសកម្ពុជាវិញ អាចមានជំនាញច្បាស់លាស់។ 

ទី៣-កំពុងសហការជាមួយបណ្តាប្រទេសអាស៊ានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យរបបសន្តិសុខសង្គម

ទី៤-កំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការអនុវត្តរបបសោធនិវត្តដោយពលករអាចផ្ទេរ សមាជិកភាព អតីតភាពការងារ និងការបង់ភាគទានបេឡាសន្តិសុខសង្គម ពីប្រទេសមួយទៅប្រទេសមួយបន្ទាប់ពីចប់កិច្ចសន្យាការងារ និងដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធនិវត្ត។ 

ទី៥-បានសម្រួលបែបបទជូនពលករធ្វើការនៅបរទេសអាចផ្ទេរសិទ្ធិជូនគ្រួសារនៅក្នុងប្រទេស ធ្វើជាតំណាង សម្រាប់ស្នើសុំធ្វើលិខិតថ្កោលទោស ឬលិខិតរដ្ឋបាល ឬលិខិតបញ្ជាក់អត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន ដោយមិនចាំបាច់សាមីខ្លួនវិលត្រឡប់មកស្រុកកំណើតវិញ។ 

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជាបានបញ្ជូនពលករទៅបម្រើការងារនៅបរទេសបានចំនួន៦ ប្រទេសគឺ  ប្រទេសថៃ សាធារណរដ្ឋកូរ៉េ  ម៉ាឡេស៊ី  ជប៉ុន សឹង្ហបូរី និងហុងកុង ដែលមានពលករសរុបចំនួនប្រមាណ ១លាន២សែននាក់។ ហើយកន្លងមកពួកគាត់បានផ្ញើរថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ប្រមាណជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗ។ នៅពេលបញ្ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជាវិញ ពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះតាមរយៈ ការធ្វើការងារនៅបរទេស ពួកគាត់មិនត្រឹមតែអាចរកប្រាក់ចំណូលបានបន្ថែមទេ ថែមទាំងទទួលបាននូវជំនាញ បទពិសោធន៍ ចំណេះដឹងភាសា និងរបៀបរបបរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ទៀតផង៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.