Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពិព័រណ៍ការងារ និងផលិតភាព សៀមរាប រយៈពេល ២ថ្ងៃ ចាប់ផ្តើមហើយជាមួយឱកាសការងារ ៥ ពាន់កន្លែង

 Friday, 12 July 2019 12:35  |  3948 times  |   Print  |   Email
ពិព័រណ៍ការងារ និងផលិតភាព សៀមរាប រយៈពេល ២ថ្ងៃ ចាប់ផ្តើមហើយជាមួយឱកាសការងារ ៥ ពាន់កន្លែង

(សៀមរាប)៖ ពិព័រណ៍ការងារ និងផលិតភាព សៀមរាប ឆ្នាំ២០១៩ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា នៅសួនច្បារព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប នាំយកឱកាសការងារប្រមាណ៥ពាន់កន្លែងជូនដល់អ្នកខេត្តសៀមរាប និងរំពឹងថាមានអ្នកចូលរួមទស្សនាប្រមាណ១ម៉ឺននាក់ ដោយទទួលបានការចូលរួមតាំងបង្ហាញពីសំណាក់សហគ្រាស គ្រឹះស្ថាន ក្រសួង-ស្ថាប័ន និងអង្គការជាតិ-អន្តរជាតិចំនួន ៥៨ លើបញ្ជរសរុបចំនួន ៦២ ដែលអញ្ជើញមកពីវិស័យសេដ្ឋកិច្ចសំខាន់ៗនៅក្នុងខេត្ត។

ពិព័រណ៍ការងារ និងផលិតភាព សៀមរាប ឆ្នាំ២០១៩នេះ ត្រូវបើកសម្ពោធយ៉ាងឱឡារឹក នាព្រឹកថ្ងៃទី១២នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោក Graeme Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ, លោក Simon Junker អនុប្រធានទីភ្នាក់ងារស្វីស SDC លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប, លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័ន, គ្រឹះស្ថានអប់រំបណ្តុះបណ្តាល, អង្គការជាតិ-អន្តរជាតិ, សមាគមនិយោជក, សហជីព, ដៃគូអភិវឌ្ឍន៍, ព្រមទាំងសិស្ស-និស្សិត ចូលរួមជាសក្ខីភាពក្នុងពិធីសម្ពោធបើកពិព័រណ៍ការងារ និងផលិតភាពនៅខេត្តសៀមរាបនេះផងដែរ។

មានប្រសាសន៍លើកឡើងនៅក្នុងពិធីបើកពិព័រណ៍ការងារ និងផលិតភាព សៀមរាប ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងយន្តការ វេទិកាការងារ តាមរយៈការបង្កើតឱកាសនូវជួបជុំគ្នាដោយងាយស្រួលរវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងទីផ្សារការងារ, ការទទួលបានឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្មដោយទូលំទូលាយ, ការជំរុញយុទ្ធនាការលើកកម្ពស់ផលិតភាពសំដៅបញ្ជ្រាបការយល់ដឹង និងកែប្រែផ្នត់គំនិតដើម្បីខិតខំបង្កើនផលិតភាពក្នុងការងារ។

លោក Graeme Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ លើកឡើងថា៖ “ពិព័រណ៍ការងារ និងផលិតភាពសៀមរាបនៅក្នុងឆ្នាំ២០១៩នេះ គឺជាកន្លែងជួបជុំដ៏ងាយស្រួលសម្រាប់សិស្ស-និស្សិត យុវជន និងអ្នកស្វែងរកការងារ ជាមួយក្រុមហ៊ុន និយោជកដែលមានតម្រូវការកម្លាំងពលកម្មនៅក្នុងខេត្ត។ យុវជនអាចធ្វើការសម្រេចចិត្តដាក់ពាក្យស្វែងរកការងារភ្លាមៗ, សាកសួរព័ត៌មានអំពីតម្រូវការជំនាញ, ពិនិត្យលើគោលនយោបាយបុគ្គលិករបស់ក្រុមហ៊ុន និងត្រៀមខ្លួនចូលទីផ្សារការងារបានល្អប្រសើរ។ លើសពីនេះ ព្រឹត្តិការណ៍នេះក៏ត្រូវបានរៀបចំឡើងដើម្បីចូលរួមអបអរខួប១០០ឆ្នាំរបស់អង្គការ ILO និងខួប៥០ឆ្នាំ នៃការចូលជាសមាជិកភាពរបស់កម្ពុជាក្នុងអង្គការ ILO ផងដែរ។

លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានសម្តែងនូវការអបអរសាទរចំពោះព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាព សៀមរាប ឆ្នាំ២០១៩នេះ និងសំណូមពរឱ្យមានពិព័រណ៍បែបនេះជារៀងរាល់ឆ្នាំផងដែរនៅក្នុងខេត្តសៀមរាប។ កិច្ចសហការរៀបចំឡើងនូវ «ពិព័រណ៍ការងារ និងផលិតភាព សៀមរាបឆ្នាំ ២០១៩» ក្រោមការគាំទ្រនិងឧបត្ថម្ភពីភាគីពាក់ព័ន្ធសំខាន់ទាំងអស់នេះ គឺបង្ហាញពីការចូលរួមចំណែកអនុវត្ត និងសម្រេចនូវទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងការបន្តពង្រឹងយន្តការ «វេទិកាការងារ» ដើម្បីបង្កើតឱកាសនៅមួយកន្លែងដោយងាយស្រួលសម្រាប់អ្នកស្វែងរកការងារធ្វើ ជាពិសេសយុវជន និងសិស្ស និស្សិត បានជួបដោយផ្ទាល់ជាមួយក្រុមហ៊ុនដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម, ហើយក៏ជាឱកាសសម្រាប់ផ្គូផ្គងជំនាញទៅនឹងការងារ ទទួលព័ត៌មានទីផ្សារការងារថ្មីៗបំផុត, ត្រៀមខ្លួនចូលទីផ្សារការងារដោយជោគជ័យ និងឱកាសសម្រាប់អភិវឌ្ឍលើកកម្ពស់ជំនាញសម្រាប់អនាគតអាជីពកាន់តែប្រសើរ។ និយោជកមានឱកាសផ្សព្វផ្សាយទូលំទូលាយអំពីក្រុមហ៊ុនរបស់ខ្លួនដើម្បីទាក់ទាញធនធានមនុស្សប្រកបដោយទេពកោសល្យ ព្រមទាំងអាចធ្វើការជ្រើសរើសកម្លាំងពលកម្មនៅនឹងកន្លែងផ្ទាល់ភ្លាមៗ។

អ្នកចូលរួមទាំងអស់ នឹងទទួលបានឱកាសដ៏កម្រផងដែរ ក្នុងការបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញផ្នែកធនធានមនុស្ស អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងធុរជនសំខាន់ៗ ដែលមានវត្តមាននៅក្នុងឱកាសនៃការតាំងពិព័រណ៍នេះ។ ឱកាសការងារប្រមាណ ៥ពាន់កន្លែង នឹងត្រូវបានផ្តល់ជូននៅក្នុងពិព័រណ៍រយៈពេលពីរថ្ងៃនេះ ពីសំណាក់និយោជកនៅក្នុងវិស័យសំខាន់ៗដែលកំពុងមានសក្តានុពល និងសកម្មភាពធុរកិច្ចខ្លាំងក្លានៅក្នុងខេត្ត មានជាអាទិ៍៖ ទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន និងម្ហូបអាហារ សេវាដឹកជញ្ជូន ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអចលនវត្ថុ ជាដើម។

ទន្ទឹមនេះ អ្នកចូលរួមក៏អាចទទួលបានចំណេះដឹង និងព័ត៌មានថ្មីៗថែមទៀតពាក់ព័ន្ធការផ្តល់មគ្គុទេសក៍អាជីព និងការងារ ព្រមទាំង ការចែករំលែកព័ត៌មានទីផ្សារការងារថ្មីបំផុតអំពីឱកាសការងារដែលកំពុងតែមានតម្រូវការ សំដៅរៀបចំផែនការអភិវឌ្ឍន៍អាជីពការងារ និងមុខរបរឱ្យបានត្រឹមត្រូវ និងប្រកបដោយជោគជ័យ ហើយថែមទាំងអាចទទួលបាននូវគំនិត ចំណេះដឹង ចំណេះធ្វើ វិធីសាស្រ្តអនុវត្តន៍ការងារ និងបទពិសោធន៍ជោគជ័យជាក់ស្តែងពាក់ព័ន្ធការបង្កើនផលិតភាព សំដៅបណ្តុះផ្នត់គំនិត កែប្រែឥរិយាបថការងារ និងចូលរួមលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងអាជីវកម្ម ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងយុគសម័យឧស្សាហកម្មទី៤ នៃប្រព័ន្ធអ៊ិនធើរណិត និងឌីជីថល។ គួររំឭកថា កន្លងមកពិព័រណ៍ការងារដូចគ្នានេះ ត្រូវបានរៀបចំឡើងចំនួន ២លើករួចមកហើយនៅក្នុងខេត្តសៀមរាបនេះ កាលពីឆ្នាំ២០១២ និងឆ្នាំ២០១៤ ដោយទទួលបានការគាំទ្រពីនិយោជក អ្នកស្វែងរកការងារ និងសាធារណជនប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.