Print this page

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបើកការផ្សព្វផ្សាយប្រកាសលេខ០៩៨/២៦ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ជូនដល់អធិការការងារ និងមន្រ្តីផ្សះផ្សាវិវាទការងារ

 សុក្រ, 08 ឧសភា 2026 10:01  |    Written by MLVT  |  104 times

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសលេខ០៩៨/២៦ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត Zoom ពីថ្នាក់ដឹកនាំក្រសួង អធិការការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារទូទាំងប្រទេស សរុបចំនួន ២៦៤នាក់។

 

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់អំពីសារសំខាន់នៃសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ ដែលមានគោលបំណង ១-ណែនាំអំពីខ្លឹមសារប្រកាសលេខ០៩៨ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលកំណត់អំពីនីតិវិធីនៃការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និង២-ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពមន្ត្រីក្រោមឱវាទក្រសួង ជាពិសេសអធិការការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារទាំងអស់អំពីនីតិវិធីនៃការដោះស្រាយវិវាទការងារ សំដៅធានាបាននូវប្រសិទ្ធភាពក្នុងការផ្តល់សេវាផ្សះផ្សាវិវាទការងារជូនដល់ភាគីវិវាទស្របតាមច្បាប់ជាធរមាន។

បន្ថែមពីលើនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការលើកទឹកចិត្ត និងណែនាំឱ្យអធិការការងារ និងមន្រ្តីផ្សះផ្សាវិវាទការងារបន្តសិក្សាស្វែងយល់ និងពង្រឹងសមត្ថភាពបន្ថែមឱ្យបានច្បាស់លាស់អំពីបច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គល ដើម្បីចូលរួមចំណែកក្នុងការពង្រឹងការអនុវត្តច្បាប់ប្រកបដោយសង្គតិភាព។ 

 

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមប្រឹក្សាអាជ្ញាកណ្តាលអាចទទួលដោះស្រាយវិវាទបុគ្គលដែលផ្សះផ្សាមិនសះជាដោយមន្រ្តីផ្សះផ្សាវិវាទការងារស្របតាមនីតិវិធី និងវិធានដែលកំណត់ក្នុងប្រកាសលេខ០៩៨/២៦ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល៕

 

#MLVT #HENGSour