Print this page

ពិធីចែកសម្ភារសិក្សា មធ្យោបាយធ្វើដំណើរ និងកញ្ចប់បំណិនជីវិតជូនដល់កុមារ និងក្រុមគ្រួសារគោលដៅ ដែលបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារនៅស្រុកស្ទោង និងស្រុកសន្ទុក ខេត្តកំពង់ធំ

 អាទិត្យ, 30 វិច្ឆិកា 2025 11:05  |  136 times

 

(ខេត្តកំពង់ធំ)៖ លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចែកសម្ភារសិក្សា មធ្យោបាយធ្វើដំណើរ និងពូជសត្វ ពូជបន្លែ ដល់កុមារ និងក្រុមគ្រួសារគោលដៅ ដែលបានទប់ស្កាត់ និងការពារពីការប្រើប្រាស់ពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម ចំនួន ៦០នាក់ (ស្រី៣២នាក់) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លី វេត អភិបាលរង តំណាងឯកឧត្តមអភិបាលខេត្តកំពង់ធំ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិកនៃគណៈកម្មការប្រឆាំងពលកម្មកុមារខេត្ត ក្រុមការងារទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ-ក្បឿង អភិបាលស្រុក អាជ្ញាធរភូមិ-ឃុំ អង្គការដៃគូអភិវឌ្ឍន៍ នាយកសាលា លោកគ្រូ អ្នកគ្រូ ម្ចាស់សិប្បកម្ម អាណាព្យាបាល និងកុមារា-កុមារី សរុបប្រមាណ ១៩០នាក់ ដែលពិធីនេះបានរៀបចំធ្វើឡើង នៅស្រុកស្ទោង និងស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ 

 

គម្រោងកិច្ចអន្តរាគមន៍ស្នូល គឺជាកម្មវិធីមួយដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងគោលបំណងកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយ:ការផ្តល់ឱកាសអប់រំ ជំរុញឱ្យកុមារមានឱកាសបន្តការសិក្សាដោយការផ្តល់វគ្គបំប៉នមុនពេលចូលរៀន ការលើកកម្ពស់សុខុមាលភាពកុមារដោយផ្តល់ឧបត្ថម្ភអាហារដល់កុមារ និងផ្តល់ជាសម្ភារសិក្សា សម្លៀកបំពាក់ ស្បែកជើង កាបូប និងមធ្យោបាយធ្វើដំណើរដល់កុមារ។

 

ថ្លែងក្នុងកម្មវិធីនោះ លោកជំទាវ សួស រដ្ឋាវី ក៏បានលើកឡើងថា “ការវិនិយោគលើកុមារថ្ងៃនេះ គឺជាការវិនិយោគលើអនាគត” ដោយឡែកការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាបញ្ហាអាទិភាពដែលត្រូវមានការប្តេជ្ញាចិត្តរួមគ្នា និងទាមទារនូវការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។ 

 

លោកជំទាវរដ្ឋលេខាធិការ ក៏បានអំពាវនាវ ឱ្យបន្តតាមដានវាយតម្លៃអំពីវឌ្ឍនភាពនៃការអប់រំកុមារ ដើម្បីកំណត់ភាពគង់វង្សនៃការសិក្សារបស់កុមារ ជំរុញការសហការជាមួយគណៈកម្មការប្រឆាំងពលកម្មកុមាររាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់ភូមិ/ឃុំគំរូមួយគ្មានពលកម្មកុមារ និងនិរន្តរភាព នៃវិស័យណាមួយគ្មានពលកម្មកុមារនៅក្នុងស្រុកមួយចំនួន។ ក្នុងករណីសង្ស័យមានការប្រើប្រាស់ពលកម្មកុមារ សូមចូលរួមផ្តល់ព័ត៌មានភ្លាមមក Hotline ១២៨៦ ឬប្រអប់បណ្ដឹងអនាមិក។ ជាមួយគ្នានេះ សូមចូលរួមជំរុញការផ្សព្វផ្សាយទៅគ្រប់វេទិកាសាធារណៈ និងវេទិកានានានៅក្នុងមូលដ្ឋាន ពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារផងដែរ៕

 

#MLVT #HENGSour