Print this page

ក្រសួងការងារ និងអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥”

 ពុធ, 08 តុលា 2025 10:24  |  344 times

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយអង្គការវិជ្ជាជីវៈតំណាងភាគីកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈតំណាងភាគីនិយោជក លើ “សេចក្ដីព្រាងគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥” នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

 

ក្នុងសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) អង្គការវិជ្ជាជីវៈតំណាងភាគីកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈតំណាងភាគីនិយោជក និងភាគីពាក់ព័ន្ធប្រមាណជិត ១០០នាក់។

 

គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំឯកសារគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥ និងពង្រឹងការចូលរួម និងការយល់ដឹងពីភាគីពាក់ព័ន្ធ លើសេចក្ដីព្រាងគោលនយោបាយជាតិមួយនេះ ខណៈដែលគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥ មានទិសដៅចម្បងចំនួន៤ រួមមាន៖ ១.លើកកម្ពស់ការងារប្រកបដោយបរិយាបន្ន និងផលិតភាព, ២. អភិវឌ្ឍធនធានមនុស្សតាមរយៈការបង្កើនជំនាញ និងផលិតភាព, ៣. ពង្រឹងប្រព័ន្ធព័ត៌មានទីផ្សារការងារ និងកម្មវិធីទីផ្សារការងារសកម្ម សម្រាប់ផលជះល្អប្រសើរក្នុងទីផ្សារការងារ និងទី៤. ពង្រឹងអភិបាលកិច្ច និងបទប្បញ្ញត្តិទីផ្សារការងារ៕

 

#MLVT #HENGSour