Print this page

កម្ពុជា-កូរ៉េ ចុះកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥

 ព្រហស្បតិ៍, 27 មេសា 2023 20:06  |  2155 times

នាថ្ងៃទី២៦ ដល់២៧ ខែមេសា ឆ្នាំ២០២៣  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ប្រតិភូសេវាការងារ និងមុខរបរកូរ៉េ  Korea Labor and Employment  Service (KLES)នៃរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានរៀបចំសិក្ខាសាលា និងពិធីចុះហត្ថលេខាជាផ្លូវការលើឯកសារកិច្ចព្រមព្រៀងការអនុវត្ត (Implementing Agreement) កម្ពុជា-កូរ៉េ ស្តីពី "គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥" ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ សុវណ្ណារតន៍ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារអនុវត្តគម្រោងនេះ និងមានការចូលរួមពីតំណាងមកពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា, នាយកដ្ឋានអធិការកិច្ចការងារ, នាយកដ្ឋានវិវាទការងារ, នាយកដ្ឋានសហប្រតិបតិការអន្តរជាតិ និងភាគីពាក់ព័ន្ធ។ 

 

គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥ នេះផ្តោតលើចំនុចសំខាន់ចំនួន៣ដូចជា៖១. ប្រាក់ឈ្នួលអប្បបរមា ២. ការដោះស្រាយវិវាទ ៣. អធិការកិច្ចការងារ។ គម្រោងនេះផងដែរមានរយៈពេល៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ 

លោកជំទាវរដ្ឋលេខាធិការ បានរំពឹងថានឹងទទួលបានបទពិសោធន៍ដែលរដ្ឋាភិបាលកូរ៉េបានអនុវត្តកន្លងមក និងអនុសាសន៍ល្អៗពីការសិក្សារបស់អ្នកជំនាញការកូរ៉េ តាមរយៈការប្រឹក្សាយោបល់ សិក្សាសាលា ទស្សនៈកិច្ចសិក្សា ហើយភាគីទាំងពីរបានប្តេជ្ញាចិត្តសហការឱ្យបានជិតស្និតដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យក្នុងន័យបន្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕