(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ប៉ិច បូឡែន នាយកប្រតិបត្តិនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) និងលោកស្រី Janice Phung អ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Pearson BTEC នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលពាក់ព័ន្ធនឹងក្របខ័ណ្ឌគុណវុឌ្ឍិ និងការទទួលស្គាល់គុណវុឌ្ឍិនៅកម្ពុជា ជាពិសេសលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ប៉ិច បូឡែន, លោកស្រី Janice Phung និងគណៈប្រតិភូនៃ Pearson BTEC ដែលជាស្ថាប័នអប់រំអន្តរជាតិ។ ឯកឧត្តមបានកោតសរសើរចំពោះឆន្ទៈរបស់ភាគីទាំងពីរក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា តាមរយៈ BTEC ដែលជាប្រព័ន្ធគុណវុឌ្ឍិផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈ ដែលរួមបញ្ចូលចំណេះដឹងទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ដើម្បីជួយសិក្ខាកាមត្រៀមលក្ខណៈសម្រាប់ការបន្តការសិក្សា ការចូលបម្រើការងារ និងការអភិវឌ្ឍអាជីព។ ឯកឧត្តមបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាព និងសមត្ថភាពឆ្លើយតបរបស់ប្រព័ន្ធ TVET នៅកម្ពុជាទៅនឹងតម្រូវការទីផ្សារការងារ ព្រមទាំងការបើកចំហចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងមានគោលបំណងប្រែក្លាយ TVET ឱ្យទៅជាជម្រើសសិក្សាដែលមានគុណភាព និងតម្លៃស្មើនឹងការអប់រំទូទៅ ដោយផ្តោតលើជំនាញអនុវត្តជាក់ស្តែង ស្តង់ដាអន្តរជាតិ និងឱកាសការងារ។ ហេតុនេះ ក្រសួងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការភ្ជាប់គុណវុឌ្ឍិ BTEC ទៅនឹងប្រព័ន្ធទទួលស្គាល់ជំនាញនៅកម្ពុជា។
ជាមួយនឹងការបង្ហាញពីប្រវត្តិ និងផែនការយុទ្ធសាស្រ្តក្នុងការអប់រំរបស់ Pearson BTEC និង WEG ភាគីទាំងពីរបានពិភាក្សាគ្នាលើក្របខ័ណ្ឌ និងស្តង់ដាគុណវុឌ្ឍិ BTEC ដែលមានប្រភពដើមពីចក្រភពអង់គ្លេស, ការទទួលស្គាល់គុណវុឌ្ឍិ និងសមមូលភាពនៅកម្ពុជា, ការធានាគុណភាព និងការវាយតម្លៃ ព្រមទាំងការពាក់ព័ន្ធទៅនឹងទីផ្សារការងាររបស់កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះភាពជាដៃគូនេះ និងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជាមួយ Pearson BTEC និង WEG នឹងផ្តោតសំខាន់ទាំងលើការទទួលស្គាល់គុណវុឌ្ឍិ និងការពង្រីកបន្ថែមលើការអភិវឌ្ឍស្ថាប័ន ជំនួយបច្ចេកទេស ការកសាងសមត្ថភាព ព្រមទាំងភាពជាដៃគូអន្តរជាតិផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ិច បូឡែន និងលោកស្រី Janice Phung បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សា ការគាំទ្រ និងការផ្តល់អនុសាសន៍ដ៏មានតម្លៃចំពោះកម្មវិធីសិក្សារបស់ខ្លួន ក៏ដូចជាលទ្ធភាពនៃការផ្ទេរក្រេឌីតនៃកម្មវិធីសិក្សា Pearson ដែលនឹងផ្តល់នូវគុណវុឌ្ឍិទាំងក្នុងក្របខ័ណ្ឌជាតិ និងប្រព័ន្ធគុណវុឌ្ឍិអន្តរជាតិរបស់ Pearson នៅក្នុងការជួយលើកកម្ពស់ឱកាសការងារទាំងក្នុងប្រទេស និងក្រៅប្រទេសសម្រាប់យុវជនកាន់តែច្រើនក្នុងរយៈពេលខ្លី និងទទួលបានប្រាក់ចំណូលកាន់តែឆាប់រហ័ស៕


#MLVT #HENGSour