Print this page

សមាគម JCA និងក្រុមហ៊ុនជប៉ុន កោតសរសើរសមត្ថភាព និងវិជ្ជាជីវៈរបស់សិស្សកម្ពុជាលើការបណ្តុះបណ្តាលផ្នែកសម្ផស្ស

 សៅរ៍, 12 កញ្ញា 2026 05:53  |    ផ្សព្វផ្សាយដោយ MLVT  |  47 ដង

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាពនៃគម្រោងបណ្តុះបណ្តាលភាសាជប៉ុន ស្របតាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលកន្លងមក និងផ្លាស់ប្តូរយោបល់ពីវឌ្ឍនភាពនៃគម្រោងសាលាបណ្តុះបណ្តាលអ្នកប្រឹក្សាយោបល់ផ្នែកសម្ផស្ស នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)។ 

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង JCA ជាពិសេសជាមួយនឹងក្រសួងការងារ ហើយជំនួបនាពេលនេះជាឱកាសថ្មីបន្ថែមទៀតក្នុងការផ្លាស់ប្តូរទស្សនៈ និងបទពិសោធល្អៗ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញការវិនិយោគជប៉ុននៅកម្ពុជាកាន់តែច្រើន។ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងក្តីសោមនស្សរីករាយដែលសិស្សកម្ពុជាពីវិទ្យាស្ថាន NIEI ត្រូវបានជ្រើសរើសទៅសិក្សានៅជប៉ុននាពេលថ្មីៗនេះ ជាមួយក្រុមហ៊ុន Shiseido។ 

ភាគីជប៉ុនបានជម្រាបថា គម្រោងនេះមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ដោយសិស្សកម្ពុជាទទួលបានការកោតសរសើរ និងការវាយតម្លៃវិជ្ជមានពីក្រុមហ៊ុន Shiseido និងដៃគូជប៉ុន ចំពោះសមត្ថភាព និងវិជ្ជាជីវៈការងារ។ សិស្សទាំងនោះបានទទួលវិញ្ញាបនបត្រពីទីស្នាក់ការកណ្តាល Shiseido ដែលចាត់ទុកថា ជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលនៅកម្ពុជានាពេលអនាគត។ Shiseido ពិតជាចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់សិក្ខាកាមកម្ពុជា ហើយមានឆន្ទៈបន្តទទួលយកសិក្ខាកាមកម្ពុជាបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថា កម្ពុជាអាចអភិវឌ្ឍ និងផ្តល់សេវាផ្នែកសម្ផស្សនេះ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក។ ឯកឧត្តមក៏បានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនេះសម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ។ 

 

ជាការឆ្លើយតប ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ព្រមទាំងគាំទ្រ JCA លើអាទិភាពការងាររបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ពាក់ព័ន្ធនឹងការថែរក្សាសម្ផស្ស គ្រឿងសម្អាង និងអ្នកថែទាំរថយន្តជាដើម។ ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហការជាមួយក្រសួងការងារបន្តទៀតផងដែរ៕

 

#MLVT #HENGSour #TVET