(ខេត្តព្រះសីហនុ)៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្ដុះបណ្ដាលបំប៉នគ្រូបង្គោលស្ដីពី៖ «ការកែលម្អរបៀបធ្វើការនៅតាមការដ្ឋានសំណង់ខ្នាតតូច និងទម្រង់របាយការណ៍គ្រូពេទ្យសហគ្រាស» ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមសរុបចំនួន ៦០នាក់។
លោក យី កន្និដ្ឋា អនុប្រធាននាយកដ្ឋាន តំណាងប្រធាននាយកដ្ឋានពេទ្យការងារ បានចូលរួមជាសហអធិបតីជាមួយ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ និងបានដឹកនាំមន្រ្តីនៃនាយកដ្ឋានពេទ្យការងារឡើងធ្វើបទបង្ហាញ ដើម្បីចែករំលែកបញ្ជ្រាបនូវចំណេះដឹង និងបទពិសោធដល់មន្រ្តីរាជការនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំង២៥រាជធានី-ខេត្ត។ គ្រូបង្គោលដែលចូលរួមវគ្គនេះ ទទួលបាននូវចំណេះដឹងបន្ថែមយកទៅធ្វើការបណ្តុះបណ្តាលបន្តដល់កម្មករនិយោជិតក្នុងវិស័យសំណង់ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ការងារ និងហានិភ័យផ្សេងៗ ក្នុងពេលបំពេញការងាររបស់កម្មករនិយោជិត និងជំរុញដល់ការយកចិត្តទុកដាក់បន្ថែមលើការប្រើប្រាស់វិធីសាស្រ្តសាមញ្ញ និងលើកកម្ពស់ផ្នែកសុវត្ថិភាព និងសុខភាពការងារ និងនីតិវិធីក្នុងការផ្តល់របាយការណ៍គ្រូពេទ្យសហគ្រាសឱ្យស្របតាមប្រកាសរួមលេខ ១៣៩ ស.ក.ប.យ ស្តីពីលក្ខខណ្ឌ និងបេសកកម្មសេវាពេទ្យការងារ។
ជាមួយគ្នានេះ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះនាយកដ្ឋានពេទ្យការងារ ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីការកែលម្អរបៀបធ្វើការនៅតាមការដ្ឋានសំណង់ខ្នាតតូច និងទម្រង់របាយការណ៍គ្រូពេទ្យសហគ្រាស។ លោកប្រធានមន្ទីរបានសំណូមពរដល់នាយកដ្ឋានពេទ្យការងារ ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តជំរុញការអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារបន្ថែមទៀត ដើម្បីឱ្យបងប្អូនកម្មករនិយោជិតបានយល់ដឹង និងបំពេញការងារប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ព្រមទាំងមានផលិតភាពការងារកាន់តែប្រសើរ៕
#MLVT #HENGSour