ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

កម្ពុជា-ស្វីស បន្តបេ្តជ្ញារួមគ្នាក្នុងការកសាងធនធានមនុស្ស លើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

 ពុធ, 09 កញ្ញា 2020 13:48  |    Written by MLVT  |  5236 times  |   Print  |   Email

ទីស្តីការក្រសួង៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Markus Buerli នាយកនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលទើបតាំងថ្មី។

គោលបំណងនៃជំនួបថ្ងៃនេះ ដើម្បីចង់បង្ហាញកិច្ចសហប្រតិបត្តិការដ៏ល្អដ៏ល្អរវាងកម្ពុជានិងស្វីស  ខណៈដែលកន្លងមក តាមរយៈការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) អគ្គនាយកដ្ឋានអប់រំបច្ចេកទេសនិងវិជ្ជាជីវៈនៃក្រសួងការងារ បានសហការជាមួយអង្គភាពអនុវត្តគម្រោង ជាមួយអង្គការ Swisscontact លើកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី១ (២០១៦-២០២០) ដោយបានបញ្ចប់ដោយជោគជ័យ ដែលបានបង្កើនប្រាក់ចំណូល និងបង្កើតការងារសមរម្យ សម្រាប់យុវជនទាំងបុរស និងស្រ្តី ក្នុងខេត្តគោលដៅចំនួនបីដែលរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ និងចូលរួមបង្កើតប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដែលប្រកបដោយការសម្របសម្រួលល្អប្រសើរ ភាពឆ្លើយតបនិងលក្ខណៈបរិយាប័ន្ន។

នៅក្នុងជំនួបថ្ងៃនេះ ភាគីទាំងពីរបានបង្ហាញការពេញចិត្តយ៉ាងខ្លាំងនូវអ្វីដែលជាអាទិភាពទាំងរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងអាទិភាពរបស់រដ្ឋាភិបាលស្វីស ដែលផ្តោតការយកចិត្តទុកដាក់ទៅការបង្កើនធនធានមនុស្ស ហើយជាពិសេសផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈតែម្តង។ ភាគីទាំងពីរក៏បានសម្តែងនូវសារៈសំខាន់នៃជំនាញវិជ្ជាជីវៈនេះ តាមបទពិសោធន៍របស់ប្រទេសស្វីស ដែលបានក្លាយទៅជាប្រទេសអភិវឌ្ឍន៍ជឿនលឿន យ៉ាងឆាប់រហ័ស ដោយសារតែ យុវជនស្វីសប្រមាណ ២/៣  បានចូលរៀនជំនាញវិជ្ជាជីវៈ សិនដើម្បីទទួលបានការងារធ្វើ ហើយបន្តបន្ទាប់មកទៀតទើបពួកគេអាច បន្តការសិក្សាទៅសកលវិទ្យាល័យ ដែលនេះគឺមានតម្លៃយ៉ាងខ្លាំងក្នុងការកសាងបាននូវធនធានមនុស្សចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ 

នេះជាបទពិសោធន៍ដ៏ល្អមួយសម្រាប់កម្ពុជាលើកទឹកចិត្តដល់យុវជនកម្ពុជាឱ្យស្គាល់ពីគុណតម្លៃនៃជំនាញវិជ្ជាជីវៈ ហើយចាប់យកនូវជំនាញមួយពិតប្រាកដសិនសម្រាប់ឱកាសការងារ និងមុខរបររបស់ខ្លួន ដែលជាជម្រើសមួយមុននឹងបន្តការសិក្សាទៅកំរិតខ្ពស់ជាងនេះ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រទាំងថវិកានិងបច្ចេកទេសដល់ រាជរដ្ឋាភិបាលកម្ពុជាលើវិស័យជាច្រើនតាមរយៈគម្រោងនានា ជាពិសេសការផ្តោតអាទិភាពខ្ពស់លើការកសាងធនធានមនុស្សនៅក្នុងវិស័យបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ។ នៅក្នុងគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ (២០២០-២០២៤) ដែលបានចាប់ផ្តើមអនុវត្តកាលពីខែកក្កដា ឆ្នាំ២០២០ រហូតដល់ ខែមិថុនា ឆ្នាំ២០២៤ ដែលគោលបំណងចម្បងគឺបង្កើតឱកាសការងារ ដល់បុរស និងស្រ្តីវ័យក្មេងដែលងាយរងគ្រោះ និងកម្មករ-និយោជិត ដែលមានជំនាញទាប (តាមរយៈជំនាញបច្ចេកទេស ជំនាញទន់ និងសហគ្រិនភាព) និងគាំទ្រប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងខេត្តគោលដៅទាំង៥( ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងរតនគិរី)។ កម្មវិធីខាងលើនេះមានអន្តរាគមន៍ ចំនួន៤គឺៈការអភិវឌ្ឍន៍គ្រឹះស្ថាន TVET៖ ពង្រឹងគុណភាពមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត តាមរយៈដំណើរការអភិវឌ្ឍន៍គ្រឹះស្ថានបណ្តុះបណ្តាល ប្រកបដោយកិច្ចសហការ និងភាពគ្រប់ជ្រុងជ្រោយ។ ទីពិសោធន៍នវានុវត្ត TVET ៖ ជំរុញវិធីសាស្ត្រនវានុវត្តន៍សម្រាប់ការអភិវឌ្ឍជំនាញ និងស្វែងរកដំណោះស្រាយលើបញ្ហាជាមូលដ្ឋាននៅក្នុងទីផ្សារការងារ ដោយសហការជាមួយវិស័យឯកជន និងអ្នកផ្តល់សេវាផ្សេងទៀត។ ការបណ្តុះបណ្តាលសម្រាប់យុវជនងាយរងគ្រោះ៖ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជំនាញទន់ និងសហគ្រិនភាព ប្រកបដោយគុណភាពតាមទីផ្សារការងារ ដល់យុវជនក្រីក្រ និងងាយរងគ្រោះ ហើយផ្សារភ្ជាប់យុវជនទាំងនោះទៅនឹងទីផ្សារការងារ ដែលមានប្រាក់ឈ្នួល ឬប្រកបរបរដោយខ្លួនឯង។ ការផ្តល់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់បុគ្គលិក ដែលមានជំនាញទាបតាមសហគ្រាស និងពង្រឹងសមត្ថភាពដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មក្នុងវិស័យដិសណ្ឋារកិច្ចព្រមទាំងគ្រូបង្គោលនៃមន្ទីរទេសចរណ៍ខេត្ត និងវិស័យឯកជន។ 

បន្ថែមពីនេះ SDC បានជួយដល់គម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ស្តីពីមុខរបរ និងការងារសម្រាប់យុវជននៅកម្ពុជា ដែលបានបញ្ចប់ទៅដោយជោគជ័យ ហើយបានបន្តគំាទ្រគម្រោងនេះសម្រាប់ដំណាក់កាលទី២ ថែមទៀតសម្រាប់ឆ្នាំ២០២០ ដល់២០២៣ ដែលមានឈ្មោះថា គម្រោងការងារ និងមុខរបរសមរម្យសម្រាប់យុវជននៅកម្ពុជា។ ស្វីសក៏បានជួយដល់ការគាំពារដល់ពលករណ៍ទេសន្តរប្រវេសន៍របស់យើង តាមរយៈគម្រោងរបស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដែលឈ្មោះថា គម្រោង PROMISE។

ជាលទ្ធផលនៃជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងនូវអ្វីដែលជាផ្លែផ្កាកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ហើយសន្យាថានឹងបន្តកិច្ចសហប្រតិបត្តិនេះឱ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីចូលរួមសម្រេចឱ្យបាននូវក្របខណ្ឌគោលនយោបាយដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងជំរុញការអនុវត្ត រួមទាំងគោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ជាទិសដៅ និងអាទិភាពដ៏សំខាន់សម្រាប់ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តម្រូវការកម្លាំងពលកម្មជំនាញពិតជាអាទិភាពខ្ពស់ណាស់ ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រៅពីវិស័យឧស្សាហកម្ម និងសេវាកម្ម វិស័យកសិកម្មក៏ជាសក្តានុពលដ៏ធំមួយ ដែលអាចបង្កើតការងារបានយ៉ាងច្រើនរហូតដល់រាប់លាននាក់ជូនប្រជាពលរដ្ឋយើង ដូចនេះយើងក៏យកចិត្តទុកក្នុងបង្កើនការបណ្តុះបណ្តាលជំនាញលើវិស័យនេះដើម្បីឆ្លើយតបទៅតម្រូវការទីផ្សារការងារ។ 

ក្នុងភាពជាដៃគូរដ៏ល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងSDC នឹងរួមគ្នាបន្តធ្វើការជាមួយគ្នាតាមរយៈយន្តការជាច្រើនដែលយើងមានរួមទាំង គណៈកម្មាធិការជាតិបណ្តុះបណ្តាល និងក្រុមការងារបច្ចេកទេសចំរុះ (TWG-TVET) ផងដែរ ដែលនឹងជួយគាំទ្រដល់ការរៀបចំឱ្យមានច្បាប់ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕

ឯកសារផ្លូវការ