Print this page

វិទ្យាស្ថានITI និងក្រុមហ៊ុនដាយគីន ខេមបូឌា ឯ.ក បានផ្តល់កិច្ចសហការប្រកបដោយទំនុកចិត្តយ៉ាងល្អប្រសើរ ដើម្បីបង្កើតក្របខ័ណ្ឌពង្រឹងគុណភាពបណ្តុះបណ្តាលស្តង់ដាសមត្ថភាពជាតិនិងអន្តរជាតិជាមួយគ្នានៅកម្ពុជា

 ព្រហស្បតិ៍, 09 មេសា 2026 16:30  |    Written by MLVT  |  85 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រទេសជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ដាយគីន ដូចូ (DAIKIN DOJO TRAINING CENTER)” នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នាព្រឹកថ្ងៃទី៩ ខែមេសាឆ្នាំ២០២៦។ សមិទ្ធផលថ្មីនេះបង្ហាញពីវឌ្ឍនភាពដ៏សំខាន់ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ឱ្យឈានដល់កម្រិតអន្តរជាតិតាមរយៈស្តង់ដាបណ្តុះបណ្តាលដាយគីនជប៉ុនដល់យុវជនកម្ពុជា។ ទន្ទឹមនេះជាការបង្ហាញនូវគំរូដ៏ល្អប្រកបដោយសុច្ឆន្ទៈនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម UENO ដែលជាជើងឯកក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនរវាងកម្ពុជា និងជប៉ុន ក្នុងនោះរួមមានទាំងជំនួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះពីជម្លោះព្រំដែន។ ការរួមចំណែកនេះបានពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់តជំនាន់ឱ្យកាន់តែជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។

 

ឯកឧត្ដមរដ្ឋមន្រ្តីក៏បានកោតសរសើរនិងអរគុណចំពោះក្រុមហ៊ុន Daikin Airconditioning(Cambodia)Co.,Ltd និងបានចាត់ទុកការបង្កើតមជ្ឈមណ្ឌលនេះ ជាការចាំបាច់នៃយុទ្ធសាស្ត្រដ៏សំខាន់ និងទាន់ពេលវេលាទៅតាមតម្រូវការទីផ្សារ ហើយស្របជាមួយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយផ្សេងៗរបស់ក្រសួង ជាពិសេសកម្មវិធី TVET ១,៥ លាននាក់ ដោយឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន Daikin កម្ពុជាកំពុងបញ្ចូលនវានុវត្តន៍ជប៉ុន និង “ស្តង់ដាមាស” នៃគុណភាពជប៉ុនចូលទៅក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះក្រុមហ៊ុនមិនត្រឹមតែជំនាញលើម៉ាស៊ីនត្រជាក់តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ឈានមុខគេលំដាប់ពិភពលោកក្នុងដំណោះស្រាយនិរន្តរភាពបរិស្ថាន ដែលក្នុងនោះប្រព័ន្ធកម្ដៅ ខ្យល់ចេញចូល ម៉ាស៊ីនត្រជាក់ គឺជាផ្នែកមួយនៃបច្ចេកវិទ្យារបស់ខ្លួន។

ការចាត់ទុកភាពជាដៃគូនេះថាជាភាព «ឈ្នះ ឈ្នះ» នៃភាគីទាំងអស់ ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថា ការចូលរួមពីក្រុមហ៊ុន Daikin នឹងធ្វើឱ្យសិស្សកម្ពុជាទទួលបានបទពិសោធកាន់តែច្រើននៅក្នុងឧស្សាហកម្មនេះ។ កាលពីមុន សិស្សបានអនុវត្តនៅក្នុងរោងជាងប៉ុណ្ណោះ តែឥឡូវនេះ ដោយមានការប្តេជ្ញាចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង សិស្សមិនត្រឹមតែរៀនទ្រឹស្តីនៅក្នុងរោងជាងប៉ុណ្ណោះទេ ថែមទាំងអនុវត្តចំណេះដឹង ជំនាញជាក់ស្តែងក្នុងដំណើរការផលិតកម្មឧស្សាហកម្មពិតប្រាកដ។ វិទ្យាស្ថាន ITI កំពុងប្រែក្លាយជាស្ថាប័ន TVET ឈានមុខសម្រាប់ការបណ្តុះបណ្តាលផ្នែកម៉ាស៊ីនត្រជាក់ និងជាច្រកចូលដែលបំប្លែង«ក្តីសុបិន»របស់យុវជនកម្ពុជាឱ្យក្លាយជាការពិត និងបំប្លែងគោលដៅអាជីពឱ្យក្លាយជាការវិនិយោគយូរអង្វែងលើសមត្ថភាពផ្ទាល់ខ្លួន។

 

ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យនិស្សិតនៅវិទ្យាស្ថាននេះ យកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលតាមរយៈកម្មវិធីគ្រូជំនាញរបស់ក្រុមហ៊ុន ដែលជាឱកាសសម្រាប់ «រៀនផង ធ្វើការផង» និងស្វែងរកឱកាសការងារកាន់តែប្រសើរទាំងនៅក្រុមហ៊ុន Daikin នៅជប៉ុន ឬនៅប្រទេសផ្សេងទៀតជាមួយនឹងប្រាក់ឈ្នួលខ្ពស់។ លើសពីនេះ វិទ្យាស្ថាន ITI ក៏ត្រូវបន្តពង្រីកភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Daikin ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាបន្ថែមទៀត។ 

ឯកឧត្តម UENO បានលើកឡើងថា ដោយសារសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនយ៉ាងឆាប់រហ័ស តម្រូវការហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ និងថាមពលប្រកបដោយនិរន្តរភាពផងនោះ, ដំណោះស្រាយថាមពលគឺមានតម្រូវការខ្ពស់ជាងពេលមុន។ តាមរយៈការផ្តល់ការបណ្តុះបណ្តាលស្តង់ដាអន្តរជាតិលើផ្នែកម៉ាស៊ីនត្រជាក់ ការដំឡើង និងថែទាំពីក្រុមហ៊ុន Daikin នឹងផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាជាមួយនឹងជំនាញឯកទេស និងបង្កើតឱកាសការងារថ្មីៗ ដោយឯកឧត្តមបានគូសបញ្ជាក់ថាគំនិតផ្តួចផ្តើមនេះគឺជាឧទាហរណ៍ដ៏ច្បាស់មួយនៃសហប្រតិបត្តិការរវាងក្រុមហ៊ុនជប៉ុនឈានមុខគេ និងរាជរដ្ឋាភិបាល។

 

សូមបញ្ជាក់ថា ក្រុមហ៊ុន Daikin និងវិទ្យាស្ថាន ITI បានចុះ MoU នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលផ្តល់ការបណ្តុះបណ្តាលជំនាញការដំឡើង និងថែទាំម៉ាស៊ីនត្រជាក់កម្រិតខ្ពស់ដល់និស្សិតកម្ពុជា ជាមួយនឹងការវិនិយោគសម្រាប់ឧបករណ៍ទំនើប ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងផែនការយុទ្ធសាស្ត្រដើម្បីបង្កើនចំនួនគ្រូបង្វឹកទៅដល់ ១០នាក់នៅឆ្នាំ២០២៩។ ចាប់ពីឆ្នាំ ២០២៤មក ក្រុមហ៊ុនបានបណ្តុះបណ្តាលធនធានមនុស្សជាង ១ ៨០០នាក់ហើយ ដែលរួមមានទាំងអ្នកបច្ចេកទេស សិស្ស និងគ្រូ TVET ផងដែរ៕

#MLVT #HENGSour #TVET