Print this page

ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីសូត្រមន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

 ពុធ, 08 មេសា 2026 14:11  |    Written by MLVT  |  225 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកក្រសួង រៀបចំពិធីសូត្រមន្តលើករាសី ជាកិច្ចអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ នេះ។ 

 

ថ្នាក់ដឹកនាំបានធ្វើកិច្ចនមស្ការព្រះរតនត្រ័យ ថ្វាយគ្រឿងសក្ការបូជា ទេយ្យទាន និង ទេយ្យវត្ថុ ដល់ព្រះសង្ឃ ព្រមទាំងនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ពុទ្ធជ័យមង្គល សិរីសួស្តី វិបុលសុខ សមាទានសីលទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណីខ្មែរ និងព្រះពុទ្ធសាសនា។ ព្រះសង្ឃបាននិមន្តប្រោះព្រំទឹកមន្ត ដើម្បីបណ្តេញគ្រោះចង្រៃទាំងពួងផងដែរ។ 

 

បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានរៀបចំការសម្តែងនូវឆៃយ៉ាំ របាំជូនពរ និងរបាំត្រុដិ ដើម្បីជាកិច្ចបណ្តេញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកសិរីសួស្តីបវរមហាប្រសើរ ក្នុងឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ឱ្យទទួលបានជោគជ័យថ្មីៗថែមទៀតជូនជាតិមាតុភូមិ។

 

សូមទេវតាឆ្នាំថ្មីព្រះនាង រាក្យសាទេវី បុត្រីទីបីកបិលមហាព្រហ្ម ជួយប្រោះព្រំប្រសិទ្ធពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ កើតមានដល់ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមគ្រួសារជាទីស្រលាញ់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកក្រោមឱវាទក្រសួង ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឱ្យមានសុខភាពល្អ កម្លាំងពលំមាំមួន សេចក្តីសុខ សេចក្តីចម្រើន បញ្ញាភ្លឺថ្លា អាយុយឺនយូរ គ្រប់ក្រុមគ្រួសារ ដើម្បីចូលរួមបម្រើលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យទទួលបានជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕ 

 

#MLVT #HENGSour