Print this page

ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ

 ច័ន្ទ, 06 មេសា 2026 18:01  |    Written by MLVT  |  69 times

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ជា សុខនី រដ្ឋលេខាធិការ តំណាងដ៏ខ្ពស់ខ្ពង់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី ភាពតានតឹងដោយកម្តៅ ការដុតកម្ទេចក្រណាត់ និងសុវត្ថិភាពអគ្គិភ័យ នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ដោយមានការចូលរួមពីបុគ្គលិកទទួលបន្ទុកផ្នែករដ្ឋបាល ធនធានមនុស្ស គ្រូពេទ្យសហគ្រាស ក្រុមការងារសុវត្ថិភាពនិងសុខភាពការងារ និងតំណាងកម្មករនិយោជិត ប្រមាណជាង ៥០០នាក់។

 

តាមរយៈកម្មវិធីដែលរៀបចំឡើងតាមប្រព័ន្ធនិម្មិត ZOOM លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវស្វែងយល់ឱ្យកាន់តែច្បាស់អំពីផលប៉ះពាល់ នៃភាពតានតឹងដោយកម្តៅ (Heat Stress) ការដុតកម្ទេចក្រណាត់ និងសុវត្ថិភាពអគ្គិភ័យនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បីដាក់ចេញជាមធ្យោយបាយ និងវិធានការនានា ក្នុងការគ្រប់គ្រងកម្តៅ ការដុតកម្ទេចក្រណាត់ និងគ្រោះថ្នាក់ដោយអគ្គិភ័យនៅកន្លែងធ្វើការប្រកបដោយប្រសិទ្ធភាព។

 

ក្នុងស្មារតីជំរុញការអនុវត្តផែនការមេ លើកទី៣ លោកជំទាវ សង្កត់ធ្ងន់ពីយុទ្ធសាស្ត្រគន្លឹះចំនួន ៦ ដែលក្រសួងកំពុងយកចិត្តទុកដាក់។ យុទ្ធសាស្ត្រទាំងនោះរួមមាន ការរៀបចំក្របខ័ណ្ឌច្បាប់ និងគោលនយោបាយឱ្យស្របតាមបទដ្ឋានអន្តរជាតិ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារ ទាំងថ្នាក់ជាតិ និងសហគ្រាស ការពង្រឹងការអនុវត្តច្បាប់តាមរយៈអធិការកិច្ចការងារ ការបង្កើនកិច្ចសហការរវាងនិយោជកនិងកម្មករនិយោជិត ការលើកកម្ពស់បរិយាកាសការងារក្នុងសហគ្រាសខ្នាតតូចនិងមធ្យម និងការលុបបំបាត់ពលកម្មកុមារព្រមទាំងការបង្ការជំងឺផ្សេងៗនៅកន្លែងធ្វើការ។ លោកជំទាវ បញ្ជាក់ថា ក្រសួងកំពុងពន្លឿនការកសាងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ក្រោមការជួយជ្រោមជ្រែងពីជំនាញការនៃសាធារណរដ្ឋកូរ៉េ និងអង្គការ ILO ដើម្បីធានាបាននូវបរិយាកាសការងារល្អ និងបង្កើនផលិតភាពការងារ។ ក្រៅពីការរៀបចំច្បាប់ ក្រសួងក៏បានដាក់ចេញនូវកម្មវិធីគាំទ្រជាក់ស្តែងជាច្រើនដើម្បីដោះស្រាយបញ្ហាឱ្យដល់សហគ្រាស ក្រុមហ៊ុន រោងចក្រផងដែរ។

 

ជាមួយគ្នានេះ លោកជំទាវ បានរំលេចនូវបញ្ហាចំនួន ៣សំខាន់ៗ ដែលត្រូវបានលើកយកមកធ្វើបទបង្ហាញក្នុងពិធីនាពេលនេះរួមមាន៖ ភាពតានតឹងនៃកម្តៅ សុវត្ថិភាពឡចំហាយ និងផលប៉ះពាល់ពីការដុតកម្ទេចក្រណាត់ក្នុងឡចំហាយ និងសុវត្ថិភាពអគ្គិភ័យនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ។  ជារួម បញ្ហាទាំងបីនេះ បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម ដែលធ្វើឱ្យផលិតភាពការងារថយចុះនៅពេលដែលសមត្ថភាពធ្វើការរបស់កម្មករនិយោជិតកាត់បន្ថយដោយសារអាកាសធាតុក្តៅ ឬត្រូវការពេលសម្រាកច្រើន ឬអវត្តមានពីការងារដោយសារបញ្ហាសុខភាព។ ផលប៉ះពាល់ដោយសារកម្តៅនៅកន្លែងធ្វើការងារ ដែលជាបញ្ហាសកល មិនបានបញ្ចប់ត្រឹមកន្លែងធ្វើការទេ ប៉ុន្តែបានបន្តប៉ះពាល់ដល់គ្រួសារ និងសហគមន៍ថែមទៀតផង។

 

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងបាននិងកំពុងពង្រឹងការអនុវត្តច្បាប់ តាមរយៈយន្តការអធិការកិច្ចការងារ ចុះធ្វើអធិការកិច្ចការងារពិសេស និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រដែលមិនអនុលោមតាមលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ និងបានណែនាំឱ្យធ្វើការកែប្រែដើម្បីកាត់បន្ថយកម្តៅ នៅតាមប៉ុស្តិ៍ការងារដែលមានបញ្ហាកម្តៅ ដោយបានតម្រូវឱ្យនិយោជករៀបចំប្រព័ន្ធបាញ់ទឹកលើដំបូលអគារធ្វើការឱ្យបានត្រឹមត្រូវ បើកដំណើរការប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់១ម៉ោងមុន និងមិនត្រូវមានសម្ភារ ឬវត្ថុបាំងប្រភពខ្យល់ចេញចូល។ ទន្ទឹមនេះ អធិការការងារក៏បានតម្រូវឱ្យនិយោជករៀបចំដោះស្រាយចាត់វិធានការបន្ថយកម្រិតកម្ដៅឱ្យស្របតាមបទដ្ឋានក្រសួង ត្រូវចាត់តាំងបុគ្គលទទួលបន្ទុកត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្តៅជាប្រចាំនៅកន្លែងធ្វើការ និងត្រូវរៀបចំឱ្យមានឧបករណ៍វាស់ស្ទង់កម្តៅនៅក្នុងអគារផលិតកម្ម ឬកន្លែងធ្វើការឱ្យបានត្រឹមត្រូវផងដែរ៕

 

#MLVT #HENGSour