Print this page

ឯកឧត្តម ហេង សួរ ពិភាក្សាជាមួយតំណាង IDP Education និងធុរកិច្ចអូស្រ្តាលី ដើម្បីពង្រីកកិច្ចសហការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) និងបញ្ជ្រាបចំណេះដឹងភាសាអង់គ្លេសនៅកម្ពុជា

 អង្គារ, 17 មីនា 2026 20:58  |    Written by MLVT  |  23 times

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ប្រីជែត ខូលៀរ (Bridget Collier) ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី ធេនណាល អូហ្សេនណេស៊ី (Tennealle O'Shannessy) នាយិការប្រតិបត្តិនៃ IDP Education និងជាអ្នកធុរកិច្ចឆ្នើមអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីផ្លាស់ប្តូរមតិយោបល់ពីការពង្រឹងកិច្ចសហប្រតិបត្តិការរ វាងកម្ពុជា និងអូស្ត្រាលីក្នុ្ងងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ (TVET) ការបណ្តុះបណ្តាលភាសាអង់គ្លេស និងការជំរុញទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរឹងមាំរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសក្នុងវិស័យអប់រំ ការអភិវឌ្ឍជំនាញ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជា តួនាទីរបស់ស្ថាប័នអូស្ត្រាលី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងទទួលស្គាល់ការចូលរួមរបស់ IDP Education ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ឯកឧត្តមក៏បានអបអរសាទរផងដែរចំពោះភាពជោគជ័យនៃការរៀបចំពិព័រណ៍អប់រំសកលរបស់ IDP ឆ្នាំ២០២៦នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ 

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ដោយលើកទឹកចិត្តឱ្យស្ថាប័ន IDP Cambodia ពិសេសតាមរយៈសាលា ACE ពិនិត្យលទ្ធភាពសហការជាមួយក្រសួង ដើម្បីបញ្ជ្រាបកម្មវិធីសិក្សាភាសាអង់គ្លេសទៅក្នុងគ្រឹះស្ថាន TVET សាធារណៈ។ តាមរយៈកិច្ចសហការនេះ សាលា ACE អាចប្រើប្រាស់ទីតាំងរបស់រដ្ឋ ដើម្បីផ្តល់ការបណ្តុះបណ្តាលភាសាអង់គ្លេសប្រកបដោយគុណភាព ក្នុងតម្លៃមួយដ៏សមរម្យ ដែលផ្តល់ប្រយោជន៍យ៉ាងធំធេងដល់យុវជន និងសិស្សានុសិស្សផ្នែកបច្ចេកទេសបន្ថែមទៀតផងដែរ។

 

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានស្នើឱ្យស្ថាប័ន IDP ជួយសម្របសម្រួល និងបើកផ្លូវបន្ថែមទៀត ក្នុងការបញ្ជូនសិក្ខាកាម ឬបុគ្គលិកក្រុមហ៊ុនកម្ពុជា ទៅសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសរយៈពេលខ្លីនៅប្រទេសអូស្ត្រាលី ដើម្បីរួមចំណែកពង្រឹងសមត្ថភាពកម្លាំងពលកម្មកម្ពុជាឱ្យស្របតាមស្តង់ដាអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកបន្ថែមអំពីចក្ខុវិស័យរបស់ក្រសួង ក្នុងការរៀបចំដាក់ឱ្យអនុវត្តនូវ «ប្រព័ន្ធកម្មសិក្សាការងារ (Apprenticeship)» តាមគំរូនៃប្រព័ន្ធ TAFE របស់ប្រទេសអូស្ត្រាលី ដែលជាទម្រង់ “រៀនផង ធ្វើការផង” ( Earn and Learn) ដោយធានាបាននូវការការពារសិទ្ធិ និងផលប្រយោជន៍របស់សិក្ខាកាមយ៉ាងពេញលេញ។

ជាការឆ្លើយតប លោកស្រី ធេនណាល អូហ្សេនណេស៊ី បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី និងបានសន្យាថានឹងចាត់ឱ្យក្រុមការងារបច្ចេកទេសនៃសាលា ACE ជួបពិភាក្សាលម្អិតបន្ថែមលើកិច្ចការងារនេះ។ លោកស្រីបានកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើននៃវិស័យ TVET នៅកម្ពុជា ពិសេសនវានុវត្តន៍ឌីជីថលនៅ អេស ខេមបូឌា ដែលទើបសម្ពោធកាលពីថ្ងៃទី១៦ ខែមីនានេះ ដោយលោកស្រីបានចាត់ទុកថាជាគំរូដ៏ល្អមួយសូម្បីតែសម្រាប់ស្ថាប័ននៅប្រទេសអូស្ត្រាលី។

 

ក្រៅពីវិស័យអប់រំ ឯកឧត្តម ហេង សួរ បានលើកទឹកចិត្តឱ្យលោកស្រីក្នុងនាមជាតំណាងធុរកិច្ចអូស្ត្រាលី ជួយជំរុញភាពសកម្មរបស់សភាពាណិជ្ជកម្មអូស្ត្រាលីប្រចាំកម្ពុជា ដើម្បីធ្វើជាស្ពានផ្សារភ្ជាប់ និងទាក់ទាញវិនិយោគិនអូស្ត្រាលី ព្រមទាំងសហគមន៍ខ្មែរ-អូស្ត្រាលី ឱ្យមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕

#MLVT #HENGSour