Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) បន្តប្រមូលធាតុចូលសម្រាប់ សេចក្តីព្រាងច្បាប់ស្តីពី៖ «សុវត្ថិភាព និងសុខភាពការងារ»

 ព្រហស្បតិ៍, 18 កញ្ញា 2025 16:37  |    Written by MLVT  |  42 times

(ភ្នំពេញ)៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើសេចក្តីព្រាងច្បាប់ស្តីពី៖ «សុវត្ថិភាព និងសុខភាពការងារ» នៅសណ្ឋាគារ Oakwood Premier Phnom Penh។ 

 

សិក្ខាសាលានេះធ្វើឡើង ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ព្រមទាំងអង្គភាពក្រោមឱវាទក្រសួង និងអង្គការដៃគូពាក់ព័ន្ធ ដែលមានអ្នកចូលរួមសរុបចំនួន ១៣៥រូប។

 

សិក្ខាសាលាលើសេចក្តីព្រាងច្បាប់នេះ មានគោលបំណងស្វែងរកធាតុចូលបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធសំដៅឱ្យសេចក្តីព្រាងច្បាប់នេះ មានវិសាលភាពគ្របដណ្តប់គ្រប់ជ្រុងជ្រោយលើបញ្ហាពាក់ព័ន្ធអំពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ អនុលោមតាមបទដ្ឋានស្តង់ដាការងារអន្តរជាតិ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ ធានាបាននូវបរិយាកាសការងារល្អប្រកបដោយផាសុកភាព លើកកម្ពស់ផលិតភាពការងារ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។

 

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់អំពីភាពចាំបាច់ និងសារៈសំខាន់នៃច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលបេសកកម្មត្រូវសម្រេចឱ្យបានតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ដែលបានកំណត់គោលដៅក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ដើម្បីធានាថា ប្រជាពលរដ្ឋខ្មែរអាចទទួលបានការងារប្រកបដោយគុណភាព ដែលជាប្រភេទការងារសមរម្យស្របតាមនិយមន័យសកល ដែលត្រូវបានកំណត់ដោយអង្គការ ILO ដែលកម្ពុជាជាសមាជិក។

 

ដើម្បីជាធាតុចូលសម្រាប់កិច្ចពិភាក្សានាថ្ងៃនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តដល់ត្រីភាគីកម្ពុជា ក្នុងការពិភាក្សាដោយឈរលើគោលការណ៍ ឈ្នះ-ឈ្នះ សំដៅធានាឱ្យបាននូវការកំណត់អំពីវិសាលភាព និងគោលបំណងនៃបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ ព្រមទាំងដាក់ចេញនូវវិធានការក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព។

 

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ចំពោះការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា សំដៅសម្រេចឱ្យបាននូវការងារសមរម្យសម្រាប់ទាំងអស់គ្នា ដោយមិនទុកបុគ្គលណាម្នាក់ចោលនោះឡើយ ជាពិសេស តាមរយៈសិក្ខាសាលាមួយថ្ងៃពេញនេះ បានរៀបចំបែងចែកកិច្ចពិភាក្សាជាក្រុម ដោយមួយក្រុមៗមានតំណាងរាជរដ្ឋាភិបាល តំណាងភាគីនិយោជក តំណាងភាគីកម្មករនិយោជិត និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងមានក្រុមការងារសម្របសម្រួលផ្នែកសុវត្ថិភាព និងសុខភាពការងារតាមក្រុមនីមួយៗ ដើម្បីសំយោគរិះរកប្រមូលនូវធាតុចូលសំខាន់ៗនូវសេចក្តីព្រាងច្បាប់ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះ មានគ្រប់ទិដ្ឋភាពគតិយុត្តការពារបាននូវសុវត្ថិភាព និងសុខភាពការងាររបស់បងប្អូនកម្មករនិយោជិត៕

 

#MLVT #HENGSour