×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3052

Print this page

ឯកឧត្តម ហេង សួរ ចុះជួបបងប្អូនកម្មករនិយោជិត រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ដែលត្រូវបាន​អគ្គិភ័យ​​​ឆាបឆេះ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

 ពុធ, 12 កុម្ភៈ 2025 11:12  |  562 times

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបបងប្អូនកម្មករនិយោជិត និងពិនិត្យមើលស្ថានភាព រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ដែលត្រូវបាន​អគ្គិភ័យ​​​ឆាបឆេះ កាលពីល្ងាច ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣០នាទី។  

 

សហគ្រាស ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលមានទីតាំងស្ថិតភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានកម្មករនិយោជិតបម្រើការងារសរុប ៤៦៦នាក់ (ស្រី៣១០នាក់)។ 

 

ក្នុងពេលចុះជួបបងប្អូនកម្មករនិយោជិត នាព្រឹកនេះ ឯកឧត្តម ហេង សួរ សូម​សម្ដែង​នូវ​សេចក្ដី​សោកស្ដាយ​បំផុតចំពោះឧបទ្ទវ​ហេតុអគ្គិភ័យនេះ និង​សូមថ្លែងអំណរគុណដល់អាជ្ញាធរ​មាន​សមត្ថកិច្ច កម្លាំងពន្លត់អគ្គិភ័យ ព្រមទាំងថ្នាក់ដឹកនាំ ដែលបានចុះ​អន្តរាគមន៍នៅទីតាំងកើតហេតុយ៉ាងសកម្ម និងប្រកបដោយការ​យក​ចិត្ត​ទុកដាក់​បំផុត ដើម្បីពន្លត់និងគ្រប់គ្រងស្ថានភាពអគ្គិភ័យ ​មិន​ឱ្យ​រាលដាល​ដល់​រោងចក្រ​ និង​កន្លែង​ផ្សេង​ទៀត។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ការធានាជូនថា បងប្អូនកម្មករនិយោជិតនឹងអាចបើកប្រាក់ឈ្នួល រួមនិងអត្ថប្រយោជន៍នានាដែលនៅសល់ នាថ្ងៃទី២០ ខែកុម្ភៈ ដោយវឌ្ឍនភាពនៃទីតាំង និងព័ត៌មានផ្សេងទៀតតនៃការបើកប្រាក់ឈ្នួលនេះ ក្រសួងនឹងជម្រាបជូនដំណឹងនាពេលបន្ទាប់។  

 

ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ផងដែរថា ក្រសួងការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ កំពុង​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​កម្មករ​និយោជិត​នៃ​សហគ្រាស ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែល​អាច​ប្រឈម​នឹង​បញ្ហា​មួយចំនួន។ ជាមួយគ្នានេះ ក្នុងពេលដែលរោងចក្រត្រូវការដំណើរការសាងសង់ឡើងវិញ ក្នុងរយៈពេល ៤ខែ ដូចនេះសូមបងប្អូនកម្មករនិយោជិតស្វែងរកការងារ​ថ្មី​ តាមរយៈ​​មជ្ឈមណ្ឌល​ការងារ​ចល័ត នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដែល​មាន​មន្រ្ដី​រង់ចាំ​ចុះឈ្មោះ​ស្វែង​រក​ការងារ​ធ្វើ​ភ្លាម​ៗ​ជូន​បងប្អូន​កម្មករនិយោជិត នៅ​មុខរោងចក្រនេះតែម្តង។ បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ឡើងវិញ បងប្អូនក៏អាចពិចារណាក្នុងការវិលត្រឡប់ចូលមកធ្វើការងារវិញបានផងដែរ។ 

 

ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ដល់បងប្អូនកម្មករនិយោជិតផងដែរថា សម្រាប់សុពលភាព និង​អត្ថប្រយោជន៍ ប.ស.ស.​ ​រួម​មាន ​​ផ្នែកថែទាំ​សុខភាព អត្ថប្រយោជន៍​នៅ​ពេល​សម្រាលកូន និង​ការ​ពិនិត្យផ្ទៃពោះ ​បងប្អូន​កម្មករនិយោជិត​នៅតែទទួលបាន និង​អាចប្រើប្រាស់ប័ណ្ណ ប.ស.ស. បានជាធម្មតា។ ទន្ទឹមនេះ ក្រុមកាងារ សាខា ប.ស.ស. ខណ្ឌដង្កោបានចុះដល់ទីតាំងផ្ទាល់ និងត្រៀមសម្របសម្រួល ក្នុងករណីមានសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ ដោយសារករណីភ្លើងឆេះនេះ។ 

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូន​កម្មករនិយោជិត សូមរក្សាភាពស្ងប់ស្ងាត់ មានការយោគយល់ និងសូមផ្សព្វផ្សាយបន្តទៅកាន់​បងប្អូន​កម្មករនិយោជិតផ្សេងទៀត នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ផងដែរ៕

 

#MLVT #HENGSour

Image Gallery

{gallery}3052{/gallery}