ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកមណ្ឌលចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ដូសទី២ ចំនួន ៤ទីតាំងទៀត សម្រាប់ថ្ងៃទី៣០ ខែមេសានេះ

 សុក្រ, 30 មេសា 2021 13:54  |    Written by MLVT  |  3173 times  |   Print  |   Email

(ភ្នំពេញ)៖ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានរៀបចំបើកដំណើរការទីតាំងចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ ជូនដល់បងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា ចំនួន ៤ ទីតាំងថ្មីបន្ថែមទៀត រួមមាន រោងចក្រមីជាតិ, វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា, រោងចក្រ ហ្គ្រីន វេ(Green Way) និងអតីតរោងចក្របោះពុម្ពចុងហួរ។ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបើកមណ្ឌលចាក់វ៉ាក់សាំងសរុបចំនួន ១៨ ទីតាំងរួចមកហើយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។

អនុគណៈកម្មចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមជម្រាបដល់បងប្អូនកម្មករនិយោជិត ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងអស់ថា ចំពោះបងប្អូនកម្មករនិយោជិតដែលរស់នៅក្បែររោងចក្រ ដែលជាទីតាំងចាក់វ៉ាក់សាំងដូសទី១ នោះ សូមបងប្អូនទៅចាក់វ៉ាក់សាំងដូសទី២ នៅតាមទីតាំងចាស់របស់ខ្លួន។ ដោយភ្ជាប់ជាមួយនូវកាតចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណ ប.ស.ស. ឬ ឯកសារបញ្ជាក់អត្តសញ្ញាណ ដែលបានប្រើប្រាស់ពេលមកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១។ 

ដោយការចាក់ដូសទី២ មានគម្លាតពីការចាក់ ដូសទី១ រយៈពេលចន្លោះពី ១៤ ទៅ ២៨ ថ្ងៃដូច្នេះសូមបងប្អូនកម្មករនិយោជិត ចងចាំថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវតែចាក់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រអោយបាន ២ លើក រួមផ្សំនឹងការអនុវត្ត ៣ កុំ និង ៣ ការពារ ទើបអាចធានានូវប្រសិទ្ធភាពពេញលេញក្នុងការបង្ការការឆ្លងជំងឺកូវីដ-១៩ បាន។ 

ចំណែកបងប្អូនកម្មករនិយោជិត ដែលរស់នៅខណ្ឌផ្សេងពីទីតាំងរោងចក្រ ដែលបានចាក់ដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះ សូមបងប្អូនទៅចាក់ដូសទី២ នៅតាមទីតាំង និងកាលបរិច្ឆេទ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងខណ្ឌដែលខ្លួនកំពុងរស់នៅ ដោយមិនអាចឆ្លងខណ្ឌបាននោះទេ ។ 

ដើម្បីធានានូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្ការបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការរក្សានូវគម្លាតសង្គមនៅតាមមណ្ឌលចាក់វ៉ាក់សាំងនីមួយៗ សូមបងប្អូនកម្មករនិយោជិត ដែលត្រូវចាក់វ៉ាក់សាំងដូសទី២ ខុសពីទីតាំងនៃការចាក់វ៉ាក់សាំងដូសទី១ សូមស្នើសុំលេខរៀងចាក់វ៉ាក់សាំង តាមកម្មវិធី https://vaccination.mlvt.gov.kh ជាមុន។ 

ក្នុងករណីមានចម្ងល់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង សូមទំនាក់ទំនងតាមក្រុមតេឡេក្រាម https://t.me/workervaccination


ឯកសារផ្លូវការ