(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ នេះ រោងចក្រ សហគ្រាស និងក្រុមហ៊ុនធំៗចំនួន ៤ បានចូលរួមសម្ភាសន៍ជ្រើសរើសបុគ្គលិកដោយផ្ទាល់ នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានប្រព្រឹត្តទៅនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ វេទិកានេះបាននាំយកឱកាសការងារចំនួនប្រមាណ ១ ០០០កន្លែង មកបង្ហាញជូនដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ក្នុងយុទ្ធនាការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរៀបចំឡើងជារៀងរាល់សប្តាហ៍នៅតាមមូលដ្ឋានគោលដៅ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»។
ក្នុងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលចូលរួម សម្ភាសស្វែងរកការងារនៅបរិវេណសាលាស្រុកស្វាយចេក ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងខិតខំប្រមូលផ្ដុំព័ត៌មានការងារឱ្យបានសម្បូរបែបបំផុត ដើម្បីដាក់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ជាក់ស្តែង ក្នុងវេទិកានៅថ្ងៃនេះ ប្រជាពលរដ្ឋ យុវជន និងជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ អាចធ្វើការចុះឈ្មោះ និងសម្ភាសន៍ដើម្បីទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗទាំង ៤ ដែលបានមកដល់ទីតាំងផ្ទាល់តែម្ដង។

ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការនាំយកឱកាសការងារមកដល់កៀកផ្ទះបែបនេះ គឺជាយុទ្ធសាស្ត្រថ្មីដែលជួយកាត់បន្ថយទាំងពេលវេលា និងការចំណាយថវិការបស់បងប្អូន ដែលខុសពីសម័យមុនដែលត្រូវធ្វើដំណើរទៅស្វែងរកការងារដោយខ្លួនឯង។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យបងប្អូនងាកមកចាប់យកការងារក្នុងស្រុក ដែលមានប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារល្អ និងមានឱកាសរស់នៅជួបជុំក្រុមគ្រួសារ មើលថែទាំកូនចៅ និងឪពុកម្ដាយ។ ការធ្វើការក្នុងស្រុកមិនត្រឹមតែជៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវអត្ថប្រយោជន៍ និងការគាំពារពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) យ៉ាងពេញលេញផងដែរ។
ក្រៅពីការផ្តល់ការងារ ឯកឧត្តម ប៉ុក ប៉ាន់ ក៏បានជំរុញឱ្យយុវជន និងពលករដែលត្រឡប់ពីក្រៅប្រទេស ចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET 1.5M) ដែលជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ ចំពោះបងប្អូនដែលមានជំនាញស្រាប់តែមិនទាន់មានវិញ្ញាបនបត្រទទួលស្គាល់ ក្រសួងក៏បានដាក់ចេញនូវប្រព័ន្ធវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដែលអនុញ្ញាតឱ្យបុគ្គលគ្រប់រូបអាចស្នើសុំធ្វើតេស្តដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញផ្លូវការ។
សូមជម្រាបជូនផងដែរថា ឱកាសការងារ ១ ០០០កន្លែង ក្នុងខេត្តបន្ទាយមានជ័យនេះ គឺជាផ្នែកមួយនៃឱកាសការងារសរុបជាង ៨៣ ០០០កន្លែង ដែលក្រសួងកំពុងផ្ដល់ជូននៅទូទាំងប្រទេស៕

#MLVT #HENGSour