×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2174

Print this page

វេទិកាទស្សនកិច្ចការងារស្តីពី៖ «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)

 ពុធ, 31 ឧសភា 2023 13:58  |  1991 times

(បាត់ដំបង)៖ ថ្ងៃនេះ ឱកាសការងារសរុបប្រមាណ ១.៥ ម៉ឺន កន្លែង ពីក្រុមហ៊ុនជាច្រើនក្នុងវិស័យសំខាន់ៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម ត្រូវបាននាំយកទៅជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារក្នុងខេត្តបាត់ដំបងតាមរយៈវេទិកាទស្សនកិច្ចការងារស្តីពី៖ «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact និងមានការគាំទ្រពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបាត់ដំបង។

 

ថ្លែងក្នុងពិធីបើកវេទិកានាព្រឹកថ្ងៃនេះ លោកស្រី ឌី ចង្កុលណី អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារបានលើកឡើងថា៖ “វេទិកាទស្សនកិច្ចការងារ គឺជាផ្នែកមួយនៃយន្តការផ្ដល់សេវាការងារ និងព័ត៌មានទីផ្សារការងាររបស់រាជរដ្ឋាភិបាល ដែលផ្ដល់ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)។ NEA បានរៀបចំវេទិកាការងារ កិច្ចសម្ភាសការងារ និងពិព័រណ៌ការងារ ជាប្រចាំនៅតាមមជ្ឈមណ្ឌលការងារទាំង១៤ រាជធានី-ខេត្ត ដើម្បីផ្តល់ឱកាសការងារ និងកម្មសិក្សាការងារដល់យុវជន សិស្ស/ និងអ្នកស្វែងរកការងារ។ ដើម្បីជំរុញឲ្យវេទិកាការងារកាន់តែមានភាពប្រទាក់ក្រឡា និងរៀបចំជាបណ្ដុំតំបន់ NEA រៀបចំឲ្យមានវេទិកាទស្សនកិច្ចការងារក្នុងខេត្តចំនួន៤ (ខេត្តជុំវិញបឹងទន្លេសាបចំនួន៣ និង ខេត្តកំពង់ចាម)។ NEA នឹងគ្រោងរៀបចំវេទិកាទស្សនកិច្ចការងាររបៀបនេះបន្តទៀតដោយរៀបជាបណ្ដុំតំបន់ៗដោយចាប់ពី ៤ ទៅ ៥ ខេត្ត។”

 

លោក យី សុងគី អនុប្រធានប្រចាំការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បានលើកឡើងថា៖ “វេទិកាទស្សនកិច្ចការងារនេះ ជាឱកាសល្អណាស់សម្រាប់ យុវជន សិស្ស-និស្សិត និង អ្នកស្វែងរកការងារនៅក្នុងខេត្តគោលដៅទាំង ៤ ពិសេសយុវជននៅក្នុងខេត្តបាត់ដំបងដើម្បីទទួលបានឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានអំពីវគ្គបណ្តុះបណ្តាលជំនាញ។ ពួកគាត់ក៏អាចចូលរួមក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់វាគ្មិនជំនាញ អំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ សម្រាប់ការបង្កើនឱកាសទទួលបានការងារធ្វើកាន់តែប្រសើរ។ ដូច្នេះ យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារក្នុងខេត្តគោលដៅទាំង ៤ កុំភ្លេចត្រៀម CVs ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុន សហគ្រាស ដែលខ្លួនពេញចិត្ត។”

 

បន្ទាប់ពីខេត្តបាត់ដំបង កម្មវិធី “វេទិកាទស្សនកិច្ចការងារ” នឹងត្រូវរៀបចំបន្តទៀតក្នុងខេត្តសៀម នាថ្ងៃសុក្រ ទី០២ ខែមិថុនា នៅសាកលវិទ្យាល័យបៀលប្រាយ។ ចំណែកឯ ខេត្តកំពង់ធំ នឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងចុងក្រោយនៅខេត្តកំពង់ចាម ថ្ងៃអង្គារ ទី០៦ ខែមិថុនា នៅអគារសហភាពសហព័ន្ធយុវជនកម្ពុជា។

គួរបញ្ជាក់ផងដែរថា “វេទិកាការងារ” និង “សិក្ខាសាលាអំពីការត្រៀមខ្លួនចូលទីផ្សារការងារ” នេះ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលតាមរយៈ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់យុវជន ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិកនិងកម្មករនិយោជិត៕

Image Gallery

{gallery}2174{/gallery}