×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2040

Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសិក្ខាសាលាស្តីពី ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព

 សៅរ៍, 29 តុលា 2022 13:03  |    Written by MLVT  |  6387 times

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្តីពី "ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព" ដែលជាកម្មវិធីមួយដ៏សំខាន់នៃយុទ្ធនាការលើកកម្ពស់ផលិតភាពនៅកម្ពុជា។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងទន្ទឹមគ្នាផងដែរទៅនឹង “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២” រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់២៩ខែតុលា ឆ្នាំ២០២២ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក សំដៅបង្កើតឱ្យមានឥទ្ធិពលនិងផលប្រយោជន៍ជាអតិបរមាដល់អ្នកចូលរួម ក៏ដូចជាភាគីពាក់ព័ន្ធក្នុងទីផ្សារការងារ។ 

 

ការរៀបចំឡើងនូវសិក្ខាសាលានេះ គឺជាចូលរួមចំណែកមួយដ៏សំខាន់ក្នុងការអនុវត្តនូវទិសដៅអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ សំដៅលើកកម្ពស់ផលិតភាពនិងភាពប្រកួតប្រជែងដើម្បីបន្តកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ធានាបាននូវកំណើន និងការង្កើតការងារកាន់តែល្អគ្រប់គ្រាន់សម្រាប់ប្រជាជន។ សិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះនឹងនាំមកបង្ហាញជូននូវប្រធានបទសំខាន់ៗរួមមាន៖ ១) ការផ្លាស់ប្តូរបែបឌីជីថលនិងផលិតភាពការងារ, ២) បញ្ហាប្រឈមនិងការរំពឹងទុកអំពីផលិតភាពនៅក្នុងប្រទេសកម្ពុជា, ៣) ការអនុវត្តល្អសម្រាប់ដំណើរការការងារប្រកបដោយចីរភាពឆ្ពោះទៅឧត្តមភាព, ៤) ការអប់រំនិងបណ្ដុះបណ្ដាលបន្ត-ការរៀនសូត្រនៅកន្លែងការងារ, ៥) ការបង្កើនផលិតភាពដោយនិយោជិតឆ្លាតវៃក្នុងការអនុវត្តផលិតភាពការងារតាមឌីជីថលនីយកម្ម។

 

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល មានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាការបង្ហាញឱ្យឃើញផ្នែកមួយនៃការខិតខំប្រឹងប្រែងរួមគ្នា ក្នុងចលនាជាតិលើកកម្ពស់ផលិតភាពនៅកម្ពុជា តាមរយៈការរៀនសូត្របទពិសោធន៍ជោគជ័យរបស់ប្រទេសដែលនាំមុខគេដូចជា៖ ជប៉ុន កូរ៉េ សឹង្ហបុរី និងម៉ាឡេស៊ី ជាដើម សំដៅបណ្តុះឡើងនូវផ្នត់គំនិតអំពីផលិតភាពក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល ជាពិសេសក្នុងចំណោមកម្មករនិយោជិត យុវជន សិស្ស និស្សិត, ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតពីសំណាក់និយោជកពីការចាត់ទុក “កម្មករនិយោជិត” គ្រាន់តែជាធនធានដូចធនធានផលិតកម្មដទៃទៀត ទៅចាត់ទុកជា “មូលធន” ដែលត្រូវការចាំបាច់ធ្វើការវិនិយោគជាប្រចាំ ដើម្បីលើកកម្ពស់និងពង្រីកជំនាញ អាចឲ្យសមត្ថភាពឆ្លើយតបបានទៅនឹងការប្រែប្រួលគ្រប់កាលៈទេសៈ។

 

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រំពឹងថា តាមរយៈសិក្ខាសាលានេះ នឹងផ្ដល់ដល់អ្នកចូលរួមទាំងអស់នូវគំនិត ជំនាញ ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ពីសំណាក់វាគ្មិនជំនាញជាតិ និងអន្តរជាតិ សម្រាប់ជាប្រយោជន៍ក្នុងការបណ្ដុះផ្នត់គំនិត, កែប្រែឥរិយាបទ, ការអភិវឌ្ឍជំនាញ និងការអនុវត្តនៃការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងនៅគ្រប់កម្រិតតាំងពីកម្មករនិយោជិតម្នាក់រហូតដល់ប្រទេសជាតិទាំងមូល សំដៅធ្វើឲ្យគ្រប់សហគ្រាស-គ្រឹះស្ថាន គឺជាសហគ្រាស-គ្រឹះស្ថានកាន់តែប្រសើរ, គ្រប់ការងារគឺជាការងារកាន់តែប្រសើរ និងគ្រប់កម្មករនិយោជិតគឺជាកម្មករនិយោជិតដែលមានជំនាញកាន់តែខ្ពស់ ។ 

 

គួរបញ្ជាក់ថា កំណើនផលិតភាព ដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចនៃប្រទេសមួយ ដោយផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចជាតិនៃប្រទេសនោះអាចផលិតបាននូវផលិតផល ដែលមានតម្លៃបន្ថែមកាន់តែច្រើន ខណៈពេលដែលការប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាពរួមចំណែកដល់ការបង្កើនភាពប្រកួតប្រជែងរបស់ប្រទេស៕

Image Gallery

{gallery}2040{/gallery}