Print this page

ក្រសួងការងារ ជំរុញការអភិវឌ្ឍធនធានមនុស្ស និងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មី សម្រាប់អនាគតសេដ្ឋកិច្ចកម្ពុជា

 សុក្រ, 30 តុលា 2026 16:13  |    ផ្សព្វផ្សាយដោយ MLVT  |  26 ដង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទធនធានមនុស្សលើកទី៥៤ ក្រោមប្រធានបទ “ធនធានមនុស្ស និងលទ្ធភាពចំពោះមុខ៖ កសាងកម្លាំងពលកម្មសម្រាប់អនាគតកម្ពុជា” ដែលរៀបចំឡើងដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) នៅសណ្ឋាគារ Dara Airport City ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អ្នកគ្រប់គ្រងធនធានមនុស្ស ម្ចាស់អាជីវកម្ម និងភ្ញៀវកិត្តិយសសរុប​ជាង ១៣០រូប។

 

សន្និសីទនេះរៀបចំឡើងក្នុងគោលបំណង ប្រែក្លាយលទ្ធផលពីកិច្ចសន្ទនាកាលពីខែមុន ស្តីពីការចាកចេញរបស់កម្ពុជាពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ទៅជាឧបករណ៍ផ្នែកធនធានមនុស្ស ដែលអាចអនុវត្តបានជាក់ស្តែង និងជួយរក្សាអាជីវកម្ម សម្រាប់ការជ្រើសរើសបុគ្គលិក ការទទួលបុគ្គលិកថ្មី និងការអភិវឌ្ឍធនធានមនុស្ស។ ឧបករណ៍ទាំងនេះនឹងជួយពង្រឹងសមត្ថភាពថ្នាក់ដឹកនាំផ្នែកធនធានមនុស្ស ក្នុងការកសាងកម្លាំងពលកម្មដែលមានជំនាញ មានផលិតភាព និងអនុវត្តតាមបទប្បញ្ញត្តិនានា ដែលជាតម្រូវការចាំបាច់សម្រាប់សេដ្ឋកិច្ចកម្ពុជា ក្នុងដំណាក់កាលក្រោយចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានលើកឡើងថា កម្មវិធីនេះពិតជារៀបចំឡើងត្រូវនឹងបរិបទបច្ចុប្បន្ន ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នាឆ្នាំ២០២៩ ដែលទាមទារឱ្យការប្រកួតប្រជែងសេដ្ឋកិច្ចផ្អែកកាន់តែខ្លាំងលើផលិតភាព ជំនាញ នវានុវត្តន៍ បច្ចេកវិទ្យាទំនើប និងការអនុវត្តគោលការណ៍អាជីវកម្មដែលមានការទទួលខុសត្រូវ។ 

 

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អ្នកអនុវត្តការងារផ្នែកធនធានមនុស្ស និងម្ចាស់អាជីវកម្មឱ្យពង្រឹងកម្លាំងពលកម្មផ្ទាល់ក្នុងស្ថាប័នរបស់ខ្លួន និងដោះស្រាយបញ្ហាប្រឈមស្នូល ដូចជា ការស្វែងរក និងរក្សាបុគ្គលិកពូកែ ការកាត់បន្ថយចំណាយលើការប្តូរផ្លាស់បុគ្គលិក ការសម្របខ្លួនទៅនឹងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ជាពិសេសទាញយកអត្ថប្រយោជន៍ពីយន្តការបណ្តុះបណ្តាលផ្អែកលើការងារ និងមូលនិធិអភិវឌ្ឍន៍ជំនាញ ស្របតាមយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

#MLVT #HENGSour