Print this page

ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមអបអរសាទរពិធីបុណ្យ “បុនអូដូរី” ឆ្នាំ២០២៦ ដែលជាស្ពានវប្បធម៌ពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន

 អាទិត្យ, 18 តុលា 2026 22:31  |    ផ្សព្វផ្សាយដោយ MLVT  |  63 ដង

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកម្មវិធី អបអរសាទរបុណ្យ“បុនអូដូរី” (Bon Odori) លើកទី១៨ នៅកម្ពុជា ដែលសហការរៀបចំដោយ សមាគមអតីតនិស្សិតកម្ពុជានៅប្រទេសជប៉ុន (JAC) និង សមាគមជនជាតិជប៉ុននៅកម្ពុជា (JACAM) នារសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ រាជធានីភ្នំពេញ។ ពិធីបុណ្យប្រពៃណីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា ថ្នាក់ដឹកនាំសមាគម និងអតីតនិស្សិតខ្មែរនៅជប៉ុនផងដែរ។

 

ក្នុងនាមជាអតីតប្រធានសមាគមអតីតនិស្សិតកម្ពុជានៅប្រទេសជប៉ុន (JAC) ឯកឧត្តមបានបង្ហាញនូវក្តីរីករាយចំពោះស្ថានទូតជប៉ុន សមាគមជប៉ុនប្រចាំកម្ពុជា សមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងដៃគូសហការ ដែលបានរៀបចំ និងគាំទ្រព្រឹត្តិការណ៍ប្រកបដោយអត្ថន័យ ដើម្បីជួបជុំគ្នាអបអរសាទរពិធីបុណ្យដ៏វិសេសវិសាលនាពេលនេះ។ កម្មវិធីនេះក៏ជាឱកាសសម្រាប់អតីតនិស្សិតខ្មែរពីជប៉ុន ភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញ និងជាភស្តុតាងដ៏មានអត្ថន័យបង្ហាញពីទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន ដែលជាគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងជប៉ុន។

 

សម្រាប់រូបឯកឧត្តម និងប្រជាជនកម្ពុជាជាច្រើនរូបទៀតដែលធ្លាប់សិក្សានៅជប៉ុន ពិធីបុណ្យនេះគឺជាឱកាសដ៏មានអត្ថន័យមួយក្នុងការរំឭកដល់អនុស្សាវរីយ៍នៃជីវិតជានិស្សិតអន្តរជាតិ។ ការជួបជុំគ្នានេះ បានធ្វើឱ្យឯកឧត្តមនឹកឃើញឡើងវិញនូវបរិយាកាសនៃការគោរពប្រពៃណី និងសាមគ្គីភាពដ៏កក់ក្តៅនាពេលនោះ ដោយទទួលបានការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ភាពសប្បុរស និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន និងមិត្តរួមថ្នាក់។ ពួកគាត់បានចែករំលែកបទពិសោធ និងទស្សនៈដ៏មានតម្លៃជាមួយនិស្សិតកម្ពុជា ដែលបានរៀនសូត្រយ៉ាងច្រើនតាមរយៈការជួបប្រាស្រ័យជាមួយមនុស្សដែលបានជួប និងតាមរយៈការរស់នៅប្រចាំថ្ងៃនៅប្រទេសជប៉ុនផងដែរ។ 

 

តាមរយៈព្រឹត្តិការណ៍នេះគឺជាការសហការលើកដំបូងបង្អស់រវាងសមាគមអតីតនិស្សិតកម្ពុជានៅប្រទេសជប៉ុន និងសមាគមជប៉ុនប្រចាំកម្ពុជា ឯកឧត្តមបានបង្ហាញនូវសេចក្តីរីករាយដែលប្រជាជនកម្ពុជាធ្លាប់សិក្សានៅជប៉ុន និងប្រជាជនជប៉ុនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា អាចរួមកម្លាំងគ្នារៀបចំពិធីបុណ្យនេះឱ្យកើតមានឡើង។

សម្រាប់សហគមន៍ជប៉ុនដែលរស់នៅកម្ពុជា ឯកឧត្តមសង្ឃឹមថា ពិធីបុណ្យនេះនឹងក្លាយជាឱកាសដ៏ល្អប្រពៃមួយសម្រាប់រំឭកដល់រដូវក្តៅនៅមាតុប្រទេស និងភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយប្រពៃណីជប៉ុន។ ទោះបីជាស្ថិតនៅឆ្ងាយពីប្រទេសជប៉ុនក៏ដោយ ក៏បងប្អូនអាចរីករាយជាមួយពិធីបុណ្យ​នេះនៅកម្ពុជា និងចែករំលែកប្រពៃណីជាមួយអ្នកចូលរួមទាំងអស់។ នេះក៏ជាឱកាសដ៏វិសេសវិសាលមួយផងដែរចំពោះប្រជាជនកម្ពុជាក្នុងការឈ្វេងយល់ពីវប្បធម៌ជប៉ុន និងទទួលយកបទពិសោធផ្ទាល់ពីពិធីបុណ្យ “បុនអូដូរី” ដែលជាប្រពៃណីដ៏ពេញនិយមក្នុងរដូវក្តៅរបស់ប្រទេសជប៉ុន។ 

 

ជាមួយនឹងការថ្លែងជូនពរនាឱកាសបុណ្យនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមិត្តភក្តិជាទីគោរពជនជាតិជប៉ុន ស្ថានទូតជប៉ុន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ឱកាសអប់រំដ៏មានតម្លៃចំពោះឯកឧត្តម ក៏ដូចជាជនជាតិខ្មែរដទៃទៀតជាច្រើនរូបផងដែរ។

 

នាឱកាសនោះ ឯកឧត្តម អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ និងលោក តេហ្ស៊ូកា កូជី ប្រធានសមាគមជនជាតិ​ជប៉ុនប្រចាំប្រទេសកម្ពុជា បានសម្តែងនូវសេចក្តីស្វាគមន៍ដ៏កក់ក្តៅជាទីបំផុតចំពោះឯកឧត្តម ហេង សួរ និងអ្នកចូលរួមទាំងអស់ ដោយសង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងជប៉ុននឹងកាន់តែមានភាពស្និទ្ធស្នាលតាមរយៈពិធីបុណ្យនេះ៕

 

#MLVT #HENGSour