Print this page

ក្រសួងការងារ​ និងអង្គការ ILO រួមគ្នាពង្រឹងសមត្ថភាពគ្រូបង្គោលក្នុងការបណ្តុះបណ្តាលទប់ស្កាត់អំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រឱ្យកាន់តែមានប្រសិទ្ធភាព

 ពុធ, 16 កញ្ញា 2026 22:01  |    ផ្សព្វផ្សាយដោយ MLVT  |  172 ដង

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី "ជំនាញសម្របសម្រួលសម្រាប់ការបណ្តុះបណ្តាលអំពីអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ" ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ វគ្គបណ្តុះបណ្តាលនេះអនុវត្តក្រោមវិសាលភាពនៃ MoU លើកទី៨ (២០២៣-២០២៧) បន្ទាប់ពី វគ្គទី១ ការលើកកម្ពស់សមធម៌យេនឌ័រនិងការងារដែលគិតគូរលើការថែទាំ និងវគ្គទី២ ការទប់ស្កាត់និងការឆ្លើយតបនឹងករណីអំពើហិង្សាផ្អែកលើយេនឌ័រនៅកន្លែងធ្វើការ ដែលបានរៀបចំកាលពីខែមិថុនា និងកក្កដា កន្លងទៅនេះ។

 

ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថាការលើកកម្ពស់បរិយាកាសការងារដែលមានសុវត្ថិភាព គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងគ្មានអំពើហិង្សា ឬការបៀតបៀន គឺជាមូលដ្ឋានសំខាន់សម្រាប់ការងារសមរម្យ ការបង្កើនផលិតភាព និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយចីរភាព។ ទោះបីជាប្រទេសកម្ពុជាសម្រេចបានវឌ្ឍនភាពជាច្រើនក្នុងការកែលម្អលក្ខខណ្ឌការងារ និងការការពារសិទ្ធិកម្មករនិយោជិតក៏ដោយ ក៏យើងត្រូវបង្ការនិងទប់ស្កាត់អំពើហិង្សានិងការបៀតបៀននៅកន្លែងការងារ ដែលអាចកើតឡើងក្នុងទម្រង់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គល និងប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ទំនាក់ទំនងការងារ ផលិតភាព ស្ថិរភាពអាជីវកម្ម និងកេរ្តិ៍ឈ្មោះរបស់សហគ្រាសផងដែរ។

 

លោកជំទាវបានបន្ថែមទៀតថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ និងយន្តការជាបន្តបន្ទាប់ ដើម្បីធានាបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងសុខភាពការងារ, សមធម៌ គ្មានការរើសអើង និងគ្មានហិង្សានៅកន្លែងការងារ តាមរយៈ យន្តការអធិការកិច្ចការងារ យន្តការបណ្ដឹងអនាមិក ប្រព័ន្ធទូរស័ព្ទបន្ទាន់លេខ ១២៩៧ និងយន្តការដោះស្រាយវិវាទការងារ ដើម្បីឆ្លើយតបចំពោះបញ្ហាដែលកើតមាននៅកន្លែងការងារ។ ការអនុវត្តគោលនយោបាយជាតិពាក់ព័ន្ធនឹងការបញ្ជ្រាបយេនឌ័រ គោលនយោបាយជាតិការងារ និងមុខរបរ ដែលលើកកម្ពស់ការងារសមរម្យ និងឱកាសការងារ ប្រកបដោយសមភាព និង យន្តការបណ្តុះបណ្តាលតាមរយៈវិទ្យាស្ថានជាតិការងារ ដល់ភាគីពាក់ព័ន្ធរួមមានអង្គការវិជ្ជាជីវៈ (សមាគមនិយោជក និងសហជីព/តំណាងកម្មករនិយោជិត)។

ជាមួយគ្នានេះ លោកជំទាវបានអបអរសាទរចំពោះសិក្ខាកាមដែលទទួលបានវិញ្ញាបនបត្រ ដោយជោគជ័យសម្រាប់វគ្គបណ្តុះបណ្តាលទាំង៣វគ្គនេះ និងសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមដែលជាគ្រូបង្គោល នឹងទទួលបានចំណេះដឹង ជំនាញ និងបទពិសោធថ្មីៗ ដើម្បីយកទៅធ្វើការបណ្តុះបណ្តាលបន្តទៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន និងភាគីពាក់ព័ន្ធផ្សេងទៀត។ ទន្ទឹមនេះ លោកជំទាវ បានថ្លែងអំណរគុណចំពោះគម្រោងនៃរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដែលបានបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការចូលរួមទប់ស្កាត់អំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ ឱ្យកាន់តែមានប្រសិទ្ធភាព។

 

លោកស្រី Froukje Boele ប្រធានគម្រោងនៃរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)  និងលោក ជា សុផល ប្រធានក្រុមត្រួតពិនិត្យលក្ខខណ្ឌការងារនៃ ILO-BFC  បានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រនៅកន្លែងការងារ។ លោកស្រីក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ក្នុងការបន្តសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់សិទ្ធិការងារ និងរួមចំណែកកសាងកន្លែងការងារដែលមានសុវត្ថិភាព គ្មានអំពើហិង្សា និងការបៀតបៀន សម្រាប់កម្មករនិយោជិតទាំងអស់៕

 

#MLVT #HENGSour