Print this page

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បន្តកិច្ចប្រជុំពិភាក្សាដើម្បីសិក្សាលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ជូនបងប្អូនកម្មករនិយោជិត

 ច័ន្ទ, 14 កញ្ញា 2026 13:40  |    ផ្សព្វផ្សាយដោយ MLVT  |  114 ដង

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ លើកទី២ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។ 

 

គិតត្រឹមថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ៥លើក រួមមាន កិច្ចប្រជុំត្រីភាគីចំនួន ២លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិតចំនួន ២លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជកចំនួន ១លើកផងដែរ។

 

នាឱកាសនោះ ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។

 

ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើនូវតួលេខកំណើនរបស់ខ្លួនពីរផ្សេងៗគ្នា ដែលសហជីពភាគច្រើនស្នើតួលេខកំណើន ១៥,៣ដុល្លារអាម៉េរិក និងមួយចំនួនទៀតស្នើតួលេខកំណើន ៤០,៦ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្នចំនួន ២១០ដុល្លារអាម៉េរិក។ ដោយឡែក តំណាងភាគីនិយោជកវិញ បានស្នើរក្សាតួលេខបច្ចុប្បន្នចំនួន ២១០ដុល្លារអាម៉េរិក ពីព្រោះកន្លងមកនេះ តំណាងភាគីនិយោជកបានបន្ថែមចំនួន ២,៥ដុល្លារអាម៉េរិក សម្រាប់ជួយសម្រួលបន្ទុកលើការចំណាយសោហ៊ុយធ្វើដំណើររួចហើយ។

 

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅរសៀលថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដូចកាលវិភាគដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦៕

#MLVT #HENGSour