(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក "សិក្ខាសាលាពិគ្រោះយោបល់ស្តីពី យុទ្ធសាស្រ្ដហិរញ្ញប្បទាន និងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកលស្តីពី ការងារសមរម្យនិងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌" ក្រោមការសហការរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: កម្មវិធីអភិវឌ្ឍន៍សហប្រជាតិ (UNDP) និងអង្គការអន្តរជាតិខាងការងារ (ILO) នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ Novotel Phnom Penh ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដែលជាសមាជិកក្រុមការងារអន្តរក្រសួងទទួលបន្ទុកជំរុញការអនុវត្តផែនទីបង្ហាញផ្លូវរបស់បកម្ពុជាសម្រាប់កាតាលីករសកលស្តីពីការងារសមរម្យនិងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធសរុប ៦០រូប។
សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណង (១) ពិនិត្យឡើងវិញលើវឌ្ឍនភាពនៃការអនុវត្តនូវចង្កោមទាំង៥ នៃវិធានការជាអាទិភាពរបស់ផែនទីបង្ហាញផ្លូវខាងលើ និងកំណែទម្រង់គោលនយោបាយ ក៏ដូចជាការឯកភាពគ្នាលើសូចនាករដើម្បីតាមដានវឌ្ឍនភាព (២) កំណត់វិធានការគោលនយោបាយនីមួយៗទៅជាសកម្មភាពជាក់លាក់ ដែលមានបន្ទាត់ពេលវេលាច្បាស់លាស់ និងអ្នកទទួលខុសត្រូវអនុវត្ត (៣) វាយតម្លៃលើតម្រូវការចំណាយហិរញ្ញប្បទាន និងចំណាយសម្រាប់សកម្មភាពអាទិភាពនីមួយៗ និង (៤) រៀបចំយន្តការកៀរគរធនធាន និងយន្តការប្រើប្រាស់ហិរញ្ញប្បទាន ដែលស្របតាមក្របខណ្ឌគោលនយោបាយហិរញ្ញប្បទានជាតិ (NFPF) ៕
#MLVT #HENGSour