×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3266

Print this page

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថានទូតសិង្ហបុរី រួមគ្នាផ្ដល់ជំនាញធ្វើម្ហូបអាហារបែបសិង្ហបុរី ស្របពេលអបអរសាទរខួប ៦០ឆ្នាំនៃទំនាក់ទំនងការទូត

 ពុធ, 21 ឧសភា 2025 22:49  |    Written by MLVT  |  692 times

 

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ ធាវ ឡេឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបង្ហាញជំនាញធ្វើម្ហូបអាហារបែបសិង្ហបុរី ស្របពេលអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។

 

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានថ្លែងក្នុងកម្មវិធីនេះនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)ថា៖ «ថ្នាក់ជំនាញម្ហូបអាហារសិង្ហបុរី-ខ្មែរ ដែលត្រូវបានបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នាពេលនេះ ស្របពេលភាគីទាំងពីរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី»។

 

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ជំនាញម្ហូបអាហារសិង្ហបុរី-ខ្មែរ គឺជាធាតុចូលដ៏សំខាន់ក្នុងការចូលរួមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន៥សែននាក់ (TVET 1.5M) ដែលជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

 

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា កម្មវិធី TVET មិនត្រឹមតែជាមធ្យោយបាយផ្ដល់ជំនាញ និងការផ្ដល់ការងារដល់យុវជននោះទេ ប៉ុន្ដែក៏ជាមធ្យោបាយចូលរួមដ៏សំខាន់ក្នុងការផ្លាស់ប្ដូរវប្បធម៌ បង្កើតរបកគំហើញថ្មីៗ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិគ្រប់ភាគីទាំងអស់។

 

ក្នុងន័យនេះ ឯកឧត្តមបន្ថែមថា សិង្ហបុរីជាដៃគូដ៏សំខាន់ដែលបានគាំទ្រដល់ការផ្ដល់ជំនាញថ្នាក់ម្ហូបអាហារសិង្ហបុរី-ខ្មែរ។ លើសពីនេះ ក៏បានចូលរួមបង្កើតផលិតភាពទំនើបៗ បង្កើតកម្មវិធីប្រកួតប្រជែងក្នុងក្របខណ្ឌបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពង្រឹងសមត្ថភាពគ្រូបង្គោល ពង្រឹងសមត្ថភាពអភិបាលកិច្ចរបស់វិទ្យាស្ថាន និងចែករំលែកបទពិសោធន៍ទាក់ទងនឹងបច្ចេកវិទ្យាទំនើបៗ ដែលជាតម្រូវការចាំបាច់ក្នុងទីផ្សារការងារនៅលើឆាកអន្តរជាតិ។

 

នាឱកាសនោះ លោកជំទាវ ធាវ ឡេ ឈិង (Teo Lay Cheng) បានលើកឡើងថា៖ «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអ្នកអនុវត្តផ្ទាល់ បានបង្កើតសមិទ្ធផលជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ជាពិសេសកម្មវិធី TVET ឆ្លើយតបតាមតម្រូវការទីផ្សារការងារយ៉ាងពេញលេញ និងបង្កើតឱកាសការងារជូនយុវជនកម្ពុជានៅទូទាំងប្រទេស»។

 

លោកជំទាវបានទទួលស្គាល់ពីសមិទ្ធផលដែលកើតចេញពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺមិនត្រឹមតែផ្ដល់ជំនាញដល់យុវជននាពេលបច្ចុប្បន្នទេ ប៉ុន្ដែវាក៏ជាគន្លឹះសំខាន់សម្រាប់កសាងអនាគតរបស់យុវជនកម្ពុជា និងជាដើមទុនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។

 

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានអបអរសាទរចំពោះ NPIC ដែលបានទទួលពានរង្វាន់មេដាយ «Gold Global Excellence Model» សម្រាប់ជំនាញអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលផ្ដល់ជូនដោយវិទ្យាស្ថានអប់រំបច្ចេកទេស និងសេវាកម្មសិង្ហបុរី ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំរបស់ NPIC។

 

សូមរំឭកថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៥ ហើយរយៈពេល៦០ឆ្នាំនៃចំណងការទូតនេះ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស៕

 

#MLVT #HENGSour #TVET


{gallery}3266{/gallery}