×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3238

Print this page

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃរួមគ្នាផ្សព្វផ្សាយពីគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»

 ពុធ, 07 ឧសភា 2025 15:04  |    Written by MLVT  |  498 times

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ បានសហការគ្នាផ្សព្វផ្សាយពីគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដើម្បីកសាងនិងពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ។

 

សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមជាសហធិបតីពីឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញទាំងពីរក្រសួង សរុបចំនួន៤៥០នាក់។ សិក្ខាសាលានេះដែរ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ហួត ស៊ីនាដ បានឱ្យដឹងថា «ដោយឈរលើស្មារតីដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានបេសកកម្មដ៏សំខាន់ក្នុងការរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យ ប្រកបដោយភាពជឿជាក់ជាមួយនឹងកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១»។

 

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ ក្នុងគោលបំណងរួមចំណែកបង្កើតនិងបង្កើនគុណភាព ក៏ដូចជាបរិមាណការងារឱ្យបានកាន់តែច្រើនជូនប្រជាពលរដ្ឋកម្ពុជា។

 

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ អ៊ូច ភា បានបញ្ជាក់ថា លក្ខណៈសម្បត្តិរបស់គោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» នេះ គឺផ្ដោតលើការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ និងគ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ។

 

លើសពីនេះ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, មានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ និងឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព។

 

គួររំឭកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានដាក់ចេញគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ ដើម្បីសម្របសម្រួលជាមួយក្រសួង ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយនេះ៕

 

#MLVT #HENGSour


{gallery}3238{/gallery}